លោក សម រង្ស៊ី ជំរុញឲ្យធ្វើញត្តិ បណ្ដេញអ្នកនាំ ពាក្យទូតវៀតណាម ប្រសិនមិនសុំទោស
ថ្លែងនៅពេលចុះសួរសុខទុក្ខប្រជាពលរដ្ឋ
រងគ្រោះក្នុងជម្លោះដីធ្លីមកពីខេត្តក្រចេះ
ដែលកំពុងស្នាក់នៅវត្តសាមគ្គីរង្សី ក្នុងសង្កាត់ស្ទឹងមានជ័យ
នៅរសៀលថ្ងៃទី១៥ សីហា ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី
លើកឡើងថា គណបក្សសង្គ្រោះជាតិ គាំទ្រចំពោះការទាមទាររបស់ខ្មែរក្រោម
ដែលឲ្យរដ្ឋាភិបាលវៀតណាម សុំទោសប្រជាពលរដ្ឋខ្មែរ។
លោក សម រង្ស៊ី
ចាត់ទុកការលើកឡើងអំពីប្រវត្តិសាស្ត្រទឹកដីកម្ពុជាក្រោម
ដោយអ្នកនាំពាក្យស្ថានទូតវៀតណាម ប្រចាំកម្ពុជា នាពេលកន្លងមក
ថាមានចេតនាបោកប្រាស់ ដែលលោកថា មិនត្រឹមតែបោកប្រាស់ពលរដ្ឋខ្មែរទេ
តែថែមទាំងបោកប្រាស់កូនចៅវៀតណាម ជំនាន់ក្រោយទៀតផង។
លោក សម រង្ស៊ី បន្តថា វៀតណាម
ត្រូវតែសុំទោសប្រជាពលរដ្ឋខ្មែរ បើមិនអ៊ីចឹងទេ
ពលរដ្ឋខ្មែរត្រូវធ្វើញត្តិផ្ដិតមេដៃទាមទារឲ្យអ្នកនាំពាក្យ
ស្ថានទូតវៀតណាម ចេញពីប្រទេសកម្ពុជា តែម្តងទៅ៖ «ទាមទារឲ្យលាត
ត្រដាងការពិត។ អ្នកណាបំភ្លៃការពិត បំភ្លៃប្រវត្តិសាស្ត្រ
ត្រូវតែទទួលស្គាល់កំហុសរបស់ខ្លួន ហើយត្រូវសុំទោសខ្មែរដាច់ខាត
ហើយបើធ្វើបាតុកម្មប៉ុណ្ណឹងមិនព្រម ខ្ញុំជឿថា មានគំនិតមួយទៀត
យើងនឹងធ្វើញត្តិ ព្រោះអ្នកខ្លះនៅឆ្ងាយ
មិនអាចចូលរួមក្នុងបាតុកម្មបាន ជាប់រវល់
ប៉ុន្តែទឹកចិត្តបេះដូងនៅជាមួយខ្មែរកម្ពុជាក្រោម
ដូច្នេះបងប្អូនខ្មែរកម្ពុជាក្រោម
ធ្វើញត្តិមួយដើម្បីអំពាវនាវឲ្យខ្មែរទាំងអស់
គាំទ្រជំហរការទាមទាររបស់បងប្អូនខ្មែរកម្ពុជាក្រោម
ទាមទារឲ្យលាតត្រដាងការពិត សុំទោសខ្មែរ បើមិនសុំទោសខ្មែរ
បើមិនសុំទោសខ្មែរទេ ចេញពីស្រុកខ្មែរទៅ»។
ជុំវិញការទាមទាររបស់ខ្មែរក្រោមនេះ
ទីក្រុងហាណូយ កាលពីថ្ងៃទី១៣ សីហា ស្នើឲ្យរដ្ឋាភិបាលកម្ពុជា
ចាត់វិធានការកុំឲ្យមានបាតុកម្មប្រឆាំងនឹងវៀតណាម
និងបញ្ចៀសការដុតទង់ជាតិវៀតណាម ជាថ្មីទៀត។
ឆ្លើយតបនឹងការលើកឡើងរបស់រដ្ឋាភិបាល
វៀតណាម អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ
មានប្រសាសន៍នៅថ្ងៃទី១៥ សីហា ថា ប្រទេសកម្ពុជា ខុសពីប្រទេសវៀតណាម។
លោកថា កម្ពុជា
ជាប្រទេសដែលប្រកាន់របបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ ដូច្នេះ
ពលរដ្ឋកម្ពុជា មានសិទ្ធិសេរីភាពក្នុងការសម្ដែងមតិ
ឲ្យតែការសម្ដែងមតិនោះធ្វើឡើងដោយស្របច្បាប់ និងអហិង្សា។
លោក ខៀវ សុភ័គ បន្តថា
វាធម្មតាទេដែលប្រទេសវៀតណាម
អាក់អន់ចិត្តនៅពេលទង់ជាតិរបស់ខ្លួនត្រូវបានដុត។ លោកថា
ប្រសិនបើគេដុតទង់ជាតិកម្ពុជា ក៏ពលរដ្ឋខ្មែរអន់ចិត្តដូចគ្នាដែរ។
លោក ខៀវ សុភ័គ ចាត់ទុកការដុតទង់ជាតិរបស់បាតុករ ថាជារឿងអសីលធម៌
តែទោះជាយ៉ាងណា លោកថា បញ្ហានេះ
វាកើតឡើងសឹងជាទូទៅហើយនៅលើពិភពលោក។ លោកថា សូម្បីតែជនជាតិវៀតណាម
ក៏បានដុតទង់ជាតិចិន ដែរ
នៅពេលពួកគេធ្វើបាតុកម្មប្រឆាំងប្រទេសចិន
ពេលមានជម្លោះដែនកោះនៅសមុទ្រចិនខាងត្បូង កាលពីពេលកន្លងទៅនេះ។
លោកថា រដ្ឋាភិបាលកម្ពុជា
សោកស្ដាយចំពោះអ្វីដែលបានកើតឡើងកន្លងមក ប៉ុន្តែលោកជឿជាក់ថា
វាមិនធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងល្អរវាងកម្ពុជា និងវៀតណាម ឡើយ
ព្រោះលោកថា រឿងនេះមិនមែនជាគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា ឡើយ។
យ៉ាងណាក៏ដោយចុះ លោកថា ប្រវត្តិសាស្ត្រនៅតែជាប្រវត្តិសាស្ត្រ
គេមិនអាចលុបបំបាត់វាបាននោះទេ៖ «យើងគិតថា ដោយឡែកនៅកម្ពុជា
យើងខុសពីគាត់ ខុសត្រង់ថា
ជាប្រទេសប្រកាន់របបប្រជាធិបតេយ្យសេរីពហុបក្ស
មានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិអីផ្សេងៗ ខ្ញុំគិតថា
អំពីរឿងសីលធម៌ វាមិនត្រូវ ការដុតទង់ជាតិ ការដុតរូបទីងមោង
យើងគិតថា ប្រសិនបើទង់ជាតិរបស់កម្ពុជា យើង
ត្រូវបានជនបរទេសគេបំផ្លាញចោល គេដុតចោល
យើងក៏មិនអាចទទួលយកបានដែរ
គាត់ក៏គាត់ធ្លាប់មានបាតុកម្មដុតទង់ជាតិចិន ដែរ ចង់និយាយថា
អាការដុតទង់ជាតិវាជារឿងសកល»។
លោក ខៀវ សុភ័គ បន្តថា ទោះជាយ៉ាងណាក៏ដោយ
បាតុកម្មរបស់ខ្មែរក្រោម និងបណ្ដាញយុវជនប្រឆាំងវៀតណាម នៅកម្ពុជា នេះ
រដ្ឋាភិបាលកម្ពុជា អាចគ្រប់គ្រងស្ថានការណ៍បាន។
នៅថ្ងៃទី១៥ សីហា នេះដែរ
សហគមន៍ខ្មែរកម្ពុជាក្រោម ចេញសេចក្តីថ្លែងការណ៍មួយ
ដើម្បីថ្លែងអំណរគុណដល់អ្នកចូលរួម
និងអ្នកជួយឧបត្ថម្ភក្នុងពេលបាតុកម្មកន្លងមក។
សហគមន៍ខ្មែរកម្ពុជាក្រោម ក៏រិះគន់រដ្ឋាភិបាលវៀតណាម ដែលសហគមន៍ចោទថា
ម្តងហើយម្តងទៀត ជំរុញឲ្យរដ្ឋាភិបាលកម្ពុជា
ចាត់វិធានការបង្ក្រាបបាតុករអហិង្សានៅមុខស្ថានទូតវៀតណាម។
ពួកគេចាត់ទុកសកម្មភាពរបស់រដ្ឋាភិបាលវៀតណាម នេះ
ថាជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា
និងជាការរំលោភទៅលើគោលការណ៍របស់អាស៊ាន មិនអាចប្រកែកបាន។
ពួកគេថា រដ្ឋាភិបាលកុម្មុយនីស្តវៀតណាម គ្មានសិទ្ធិ
និងឥទ្ធិពលអីមកបង្គាប់បញ្ជាកម្ពុជា
ដែលជាប្រទេសប្រកាន់យករបបនយោបាយប្រជាធិបតេយ្យសេរី
តាមតែអំពើចិត្តនោះទេ។
ទោះជាយ៉ាងណា ពួកគេថា
បាតុកម្មពួកគេជាបាតុកម្មអហិង្សាដោយឈរលើស្មារតីគោរពមិត្តភាព
ជាមួយប្រទេសជិតខាងល្អ មិនបង្កឲ្យមានការប្រកាន់ពូជសាសន៍
ឬអរិភាពជាមួយប្រទេសវៀតណាម ឡើយ ហើយថា
ពួកគេនឹងមិនទទួលខុសត្រូវចំពោះក្រុមទាំងឡាយណា
ដែលធ្វើសកម្មភាពមិនឋិតនៅក្នុងការរៀបចំរបស់ពួកគេឡើយ។
សេចក្តីថ្លែងការណ៍សហគមន៍ខ្មែរកម្ពុជាក្រោម
ដដែល ក៏បញ្ជាក់ដែរថា
ក្រុមដឹកនាំបាតុកម្មប្រឆាំងការបំភ្លៃប្រវត្តិសាស្ត្ររបស់វៀតណាម
នឹងផ្អាកធ្វើបាតុកម្ម
ដើម្បីរង់ចាំលទ្ធផលធ្វើការរបស់ក្រសួងការបរទេសកម្ពុជា
ជាមួយរដ្ឋាភិបាលវៀតណាម
ទៅតាមញត្តិស្នើសុំរបស់បាតុកររហូតដល់ដំណាច់ខែសីហា នេះ។
ពួកគេបញ្ជាក់ថា បើសិនជាវៀតណាម
មិនសុំទោសពលរដ្ឋខ្មែរជាសាធារណៈទេនោះ
នោះពួកគេនឹងបន្តធ្វើបាតុកម្មរហូតដល់មានដំណោះស្រាយ៕
ប្រភពពី វិទ្យុអាស៊ីសេរី