មន្ដ្រី អ.ហ លើផ្ទៃប្រទេស បដិសេធការចោទ ប្រកាន់គំរាម បាញ់ស្ដ្រីម្នាក់គ្រាន់ តែរឿងចតរថយន្ដ
ភ្នំពេញ ៖ ក្រោយគេហទំព័រ
និងកាសែត ដើមអម្ពិល បានផ្សាយកាលពី ម្សិលមិញ ពីករណីមន្ដ្រី អាវុធហត្ថ (អ.ហ)
លើផ្ទៃប្រទេសម្នាក់ គំរាមបាញ់សម្លាប់ស្ដ្រី នៅក្បែរផ្ទះ គ្រាន់តែរឿង
សុំឱ្យយករថយន្ដ ចេញពីមុខផ្ទះ នោះត្រូវបានមន្ដ្រី អាវុធហត្ថរូបនេះបាន
ចេញមុខបដិសេធ និងធ្វើការបក ស្រាយត្រឡប់ទៅថា រូបលោកមិនបានប្រព្រឹត្ដបែប
នេះឡើយ ។
លោក កែវ ប៊ុនធឿន ដែលបានធ្វើដំណើរ មកកាន់
ការិយាល័យ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ
២០១៤នេះ បាននិយាយថា លោកគឺជាមន្ដ្រីអាវុធ ហត្ថលើផ្ទៃ ប្រទេសពិតប្រាកដមែន
ប៉ុន្ដែមិន មានឋានៈជា ឧត្ដមសេនីយ៍ ដូចការ ចុះផ្សាយ ព័ត៌មាននោះទេ ពោលមានតួនាទី ជានាយរង ការិយាល័យម្នាក់ នៅទីបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស ។
លោក កែវ ប៊ុនធឿន បានបកស្រាយត្រឡប់ទៅវិញថា
លោកមិនបានប្រើកាំភ្លើង អាកា៤៧ ទៅគំរាមបាញ់ សម្លាប់ស្ដ្រីឈ្មោះ ដានី ដូចការ
ចោទប្រកាន់ឡើយ ពោល លោកមានកាំភ្លើង ពិតប្រាកដមែន
ប៉ុន្ដែមិនបានប្រព្រឹត្ដទង្វើ បែបនេះទេ ។
ជាមួយគ្នានេះ មន្ដ្រីអាវុធហត្ថក៏បាន
ប្រាប់ទៅវិញថា មានតែភាគីស្ដ្រីឈ្មោះ ដានី នោះទេ ដែលបានយក
សំរាមទៅដាក់នៅក្នុង រថយន្ដរបស់លោក ហើយការចតរថយន្ដ មិននៅខាង
មុខភូមិគ្រឹៈរបស់ស្ដ្រីនោះឡើយ ពោលចតនៅចំហៀង ម្ខាងនៃផ្លូវមុខភូមិគ្រឹៈ
ដែលការ ចតរថយន្ដនេះ ដោយសារតែ លោកកំពុងធ្វើផ្ទះ ដូច្នេះពុំមានកន្លែងចតក៏
យករថយន្ដ ទៅចតនៅទីនោះ តែម្ដងទៅ ។
លោក កែវ ប៊ុនធឿន បានបញ្ជាក់បន្ថែម ថា
សម្រាប់លោក និងស្ដ្រីឈ្មោះ ដានី បើទោះបី មានលំនៅឋានជិតគ្នា
ប៉ុន្ដែមិនដែលស្គាល់ គ្នានោះឡើយ ហើយការចត រថយន្ដរបស់លោក គឺជាលើកទី១
ហើយក៏មានរឿងតែម្ដងទៅ ។
យ៉ាងណា ក៏ដោយ ស្ដ្រីឈ្មោះ ដានី អាយុ ៤៣ឆ្នាំ
ដែលជាមន្ដ្រី បម្រើការងារ នៅក្រសួងសង្គមកិច្ច រស់នៅផ្ទះ លេខ៣២C ផ្លូវលេខ
បេតុង ភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នៅតែចោទ ប្រកាន់ថា
មន្ដ្រីអាវុធហត្ថឈ្មោះ កែវ ប៊ុនធឿន នេះ ពិតជាបានយកកាំភ្លើង មកភ្ជង់
និងគំរាមបាញ់សម្លាប់ ពិតមែន ដែលមានសាក្សីមួយចំនួន ឃើញផ្ទាល់ភ្នែក
និងដឹងរឿងរ៉ាវ ទាំងនេះ។
សូមបញ្ជាក់ថា ក្រោយពី
ទទួលព័ត៌ មានថា មានមន្ដ្រី អាវុធហត្ថលើ ផ្ទៃប្រទេស
ដកកាំភ្លើងគំរាមបាញ់សម្លាប់គេនោះ មេបញ្ជាការអាវុធហត្ថ លើផ្ទៃប្រទេស
នាយឧត្ដមសេនីយ៍ សៅ សុខា បានបញ្ជាទៅ លោកឧត្ដមសេនីយ៍ទោ រត្ន័ ស្រ៊ាង
មេបញ្ជាការ អាវុធហត្ថ រាជធានីភ្នំពេញ ចុះធ្វើការស្រាវជ្រាវ ចំពោះករណីនេះ
និងហៅភាគីពាក់ព័ន្ធ មកសួរនាំរកខុសត្រូវ ថាតើមន្ដ្រីអាវុធហត្ថ ដែលរងការចោទ
ប្រកាន់នោះ ពិតជាបាន ប្រព្រឹត្ដទង្វើបែបនេះ ឬមួយយ៉ាងណា ពីព្រោះ
នាយឧត្ដមសេនីយ៍ សៅ សុខា តែងតែព្រមាន និងចាត់វិធានការ តាមផ្លូវច្បាប់
ចំពោះបុគ្គលមន្ដ្រី អាវុធហត្ថ ដែលយកអំណាច យកតួនាទី និងបុណ្យស័ក្ដិ
របស់ខ្លួនទៅធ្វើអ្វីផ្ដេសផ្ដាស់ នៅក្នុង សង្គមនោះ៕