ក្មេងស្រីម្នាក់ធ្លាក់ចូល ក្នុងពាងមានទឹកលង់ស្លាប់
មន្ត្រីនគរបាលស្រុកលើកដែក បានឲ្យដឹងថា ក្មេងស្រីរងគ្រោះរហូតស្លាប់បាត់បង់ជីវិតនោះមានឈ្មោះ ផូ គឹមរ៉ុង អាយុ២ឆ្នាំ បច្ចុប្បន្នរស់នៅផ្ទះជាមួយឪពុកម្តាយក្នុងភូមិបឹងលិ ឃុំខ្ពបអាទៀវ ស្រុកលើកដែក ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុក្មេងស្រីរងគ្រោះបានដើរពីផ្ទះរបស់ខ្លួនទៅ លេងផ្ទះម្តាយមីងដែលនៅជិតខាងគ្នា ។ ពេលទៅដល់ ក្មេងស្រីរងគ្រោះបានលេងក្រោមផ្ទះជាធម្មតា ។ លុះលេងបានមួយសន្ទុះក្មេងស្រីរងគ្រោះបាននិយាយស្រែកទឹក តែពេលនោះម្តាយមីងពុំបានចាប់អារម្មណ៍នោះទេ ព្រោះរវល់ធ្វើការងារនៅផ្ទះ ។ មួយសន្ទុះក្រោយមក ស្ត្រីជាម្តាយមីងបានដើររកក្មួយស្រីតែរកមិនឃើញសោះ ដោយមានការសង្ស័យ បានទៅអើតមើលក្នុងពាងទឹក ស្រាប់តែឃើញក្មួយស្រីដេកស្លាប់ក្នុងទឹកបាតពាងទៅហើយ ។
មន្ត្រីនគរបាលស្រុកលើកដែកបានសន្និដ្ឋានថា ទំនងជាក្មេងស្រីរងគ្រោះឡើងលើមាត់ពាងឱនយកផ្តិលទឹកដួសទឹក ផឹក ក៏របូតដៃជ្រុលធ្លាក់ចូលទៅក្នុងទឹកពាងលង់ស្លាប់តែម្តង ៕
ប្រភពពី នគរវត្ត