ជនសង្ស័យបាញ់តដៃ ជាមួយនគរបាល ប្រឆាំង បទល្មើសគ្រឿងញៀន ក្រសួងមហាផ្ទៃ ផ្អើលពេញ ខណ្ឌពោធិ៍សែនជ័យ

8/28/2014 0 Comments A+ a-

ភ្នំពេញ ៖ សមត្ថកិច្ចមន្ទីរ ប្រឆាំងបទល្មើស គ្រឿងញៀន ក្រសួងមហាផ្ទៃ បានបើកការស្រាវ ជ្រាវឃាត់ខ្លួន បានជនជាតិចិនម្នាក់ នឹងខ្មែរម្នាក់ នៅក្នុងផ្ទះសំណាក់ ឡេស៊ីហ្វីស ផ្ទះលេខ ២៥ ផ្លូវលេខ ៨១ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ ហើយនាំខ្លួនពួកគេទៅឆែកឆេរ ផ្ទះមួយកន្លែង ក្នុងក្រុមទី ៦ភូមិត្រពាំងក្រសាំង សង្កាត់ ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ក៏ត្រូវជនសង្ស័យម្នាក់ទៀត ដែលកំពុងពួន សម្ងំលាក់ខ្លួនបានដកកាំភ្លើងមិនស្គាល់ម៉ាកបាញ់២គ្រាប់ ស្រោចមកលើសមត្ថកិច្ច ហើយប្លោះរបងគេចខ្លួន បាត់ស្រមោលភ្លាមៗ ដែលបង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ២១និង៥០នាទី យប់ថ្ងៃទី ២៧ ខែសីហាឆ្នាំ ២០១៤ ។
ក្នុងប្រតិបត្តិការណ៍ខាងលើនេះ ដឹកនាំដោយព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក សៀក សុខ នឹង លោកឧត្តមសេនីយ៍ត្រី សុខ ជួរ នាយរងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក្រសួងមហាផ្ទៃ ទទួលបន្ទុកផែនស្រាវជ្រាវ នឹងមន្ត្រីក្រោមឱវាទជាច្រើននាក់ទៀត។
សមត្ថកិច្ចបញ្ជាក់ថាជនសង្ស័យ ២នាក់ដែលឃាត់ខ្លួនខាងលើនេះទី ១ឈ្មោះ រ៉ក ភក្តី ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ ទី២ឈ្មោះ តាន ហុក ភេទប្រុសអាយុ ៤០ឆ្នាំ ជនជាតិចិន  ហើយទាំង ២ បានឃាត់ខ្លួននៅផ្ទះសំណាក់ ឡេស៊ីហ្វីស ផ្ទះលេខ ២៥ ផ្លូវលេខ ៨១ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ ហើយឆែកឆេររកឃើញគ្រឿងញៀន មួយចំនួនធំ ។
សមត្ថកិច្ចបញ្ជាក់ថាក្រោយឃាត់ខ្លួនជនសង្ស័យ២នាក់បានហើយនោះ កម្លាំងសមត្ថកិច្ចបានបន្តការ សាកសួរទើបជនសង្ស័យឆ្លើយ សារភាពថា មេក្លោងរបស់ខ្លួនកំពុងពួនសម្ងំលាក់ខ្លួន ផ្ទះមួយកន្លែង ក្នុងក្រុមទី ៦ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។ ដូច្នេះសមត្ថកិច្ចបាននាំខ្លួនពួកគេអោយទៅចង្អុល បង្ហាញត្រង់ចំណុចនោះ ប៉ុន្តែពេលកម្លាំងសមត្ថកិច្ចចុះឡោមព័ន្ធទីតាំងខាងលើ ស្រាប់តែជនសង្ស័យ ដែលកំពុងលាក់ខ្លួនបានដកកាំភ្លើងបាញ់ចំនួន ២គ្រាប់សំដៅមកលើសមត្ថកិច្ច តែមិនមានរងរបួសទេ ហើយសមត្ថកិច្ចក៏មិនបានបាញ់តដៃជាមួយជនសង្ស័យដែរ ។ ដោយជនសង្ស័យមិនបើកទ្វារអោយ កម្លាំងសមត្ថកិច្ចក្រសួងមហាផ្ទៃបានសម្រេច ដកកម្លាំងចេញពីទីតាំង កើតហតុនឹងនាំខ្លួនជនសង្ស័យ២នាក់ ដែលឃាត់ខ្លួនយកទៅឃុំខ្លួនបណ្តោះអាសន្ន នៅមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន ក្រសួងមហាផ្ទៃ រង់ចាំសាកសួរបញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញ ៕