ឃាត់ខ្លួន ជនសង្ស័យ ពីរនាក់ យកឈ្មោះអភិបាល អភិបាលរង ដើរចង្អុលដីគេ
បន្ទាយមានជ័យ៖
កម្លាំងនគរបាលនៃការិយាល័យ កណ្តាលព្រហ្មទណ្ឌខេត្ត សហការ
និងនគរបាលប៉ុស្តិ៍រដ្ឋបាល និង អធិការដ្ឋានក្រុងសិរីសោភ័ណ និងស្រុកថ្មពួក
ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៧-២៨ សីហា ឆ្នាំ២០១៤ បានបំបែករឿងក្តី
ដ៏ក្តៅក្រហាយមួយ របស់គណៈអភិបាល ខេត្តបន្ទាយមានជ័យ ខណៈបុរសពីរនាក់
បានយកឈ្មោះ លោកអភិបាល និងលោកអភិបាលរង ខេត្ត
យកទៅប្រើ ដើម្បីឆបោកពលរដ្ឋ ដោយចង្អុលយកដីគេ លក់យកលុយជាង ២០ ម៉ឺនបាត
ប្រាក់ថៃ ពីពលរដ្ឋ នៅឃុំភូមិថ្មី និងឃុំថ្មពួក ។ បុរសម្នាក់
ក្នុងចំណោមពីរនាក់នោះ គឺជាអតីតប្រធានគណបក្សនរោត្តម រណឫទ្ធិ
ប្រចាំខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក សិទ្ធិ ឡោះ ស្នងការរង
និងជានាយការិយាល័យកណ្តាល នគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាន
នគរបាលខេត្តបន្ទាយមានជ័យ ប្រាប់មជ្ឈមណ្ឌលដើមអំពិល កាលពីថ្ងៃទី២៨ សីហាថា ជន
សង្ស័យជាមេខ្លោងឆបោក ១-ឈ្មោះយិន សារឿន ហៅអ៊ុក ច័ន្ទឌី ភេទប្រុស អាយុជាង
៤០ឆ្នាំ លំនៅផ្លូវទី៦ ភូមិ/សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ
អតីតនាយនគរបាលព្រំដែន និង ជាអតីតមេគណបក្សនរោត្តមរណឬទ្ធិ ខេត្តបន្ទាយមានជ័យ។
២-ឈ្មោះ វ៉ាន់ សាវឿន ភេទប្រុស អាយុជាង ៤០ឆ្នាំ ជាភ្នាក់ងារកាសែតមួយ
មានទីលំនៅភូមិគោកស្វាយ ឃុំភូមិថ្មីស្រុកថ្នពួក។
បុរសឈ្មោះ យិន សារឿន ហៅ អ៊ុក ច័ន្ទឌី
ត្រូវចាប់ខ្លួននៅសិរីសោភ័ណ កាលពីព្រឹកថ្ងៃទី២៧សីហា។ រីឯវ៉ាន់ សាវឿន
ត្រូវចាប់ខ្លួននៅថ្មពួក កាលពីព្រឹកថ្ងៃទី២៨សីហា។
លោក សិទ្ធិ ឡោះ និយាយបន្តថា ការចាប់
ខ្លួននេះធ្វើឡើង តាមបទបញ្ជារបស់លោក គោស៊ុំ សារឿត អភិបាលខេត្ត
និងអភិបាលរងខេត្ត ដែលជន សង្ស័យបានអួតក្អេងក្អាងថា ជាក្មួយ ជាក្រុមការងារ
របស់ខេត្ត និងយកឈ្មោះគណៈអភិបាលខេត្ត ទៅប្រើ ដើម្បីឆបោកពលរដ្ឋ
និងតាមបទបញ្ជារបស់លោក អាត់ ខែម ស្នងការនគរបាលខេត្ត ព្រមទាំងតាមបណ្តឹង
របស់ពលរដ្ឋរងគ្រោះនៅឃុំភូមិថ្មី និងឃុំថ្មពួក។
ពលរដ្ឋរងគ្រោះឲ្យដឹងថា យិន សារឿន ហៅអ៊ុក
ច័ន្ទឌី និង វ៉ាន់ សាវឿន បានអួតអាងថា ពួកគេជាក្មួយរបស់លោក គោស៊ុំ សារឿត
អភិបាលខេត្ត និងលោក ចុង ផែត អភិបាលរងខេត្តនៃខេត្តបន្ទាយមានជ័យ
និងជាក្រុមការងារថ្នាក់លើ មានសិទ្ធិអំណាចយកដីធ្លីកសិកម្មនៅជិតភ្នំព្រះ
ភូមិសាស្ត្រឃុំថ្មពួក ឃុំភូមិថ្មី មកបែងចែកលក់ដូរ
ដល់ពលរដ្ឋខ្វះខាតដីដែលចង់បាន។ គឺយកដីចម្ការរានព្រៃចំណុចខាងលើ
លក់អោយពលរដ្ឋទំហំប្រហែល ៥០ ហិចតា ក្នុងចំណោមជាង ២៨០ ហិចតាក្នុងតម្លៃ ២៨
ម៉ឺនបាត ប្រាក់ថៃ ។
ពលរដ្ឋរងគ្រោះ បានរៃអង្គាសប្រមូលលុយបានចំនួន
២៣២.០០០ បាត ប្រាក់ថៃ (ជាង ៧.០០០ ដុល្លារ) យកមកអោយឈ្មោះយិន សារឿន ហៅអ៊ុក
ច័ន្ទឌី និង វ៉ាន់ សាវឿន
ព្រមទាំងបក្ខពួកមួយចំនួនទៀតនៅរមណីយដ្ឋានសួនស្នេហ៍ជនបទ
សង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណ កាលពីជាង ២ខែមុន
ដោយមានលិខិតប្រគល់ទទួលលុយដែលមានតែស្នាមមេដៃអ្នកប៉ុន្មាននាក់នេះ ដែលឆបោកថា
ជាក្រុមការងារ តែមិនដឹងជាការងារខាងស្អីទេ ។
ទាក់ទិនទីតាំងដីចំណុច ជិតភ្នំព្រះ
ភូមិសាស្ត្រឃុំថ្មពួក ដែលជនឆបោកខាងលើ គឺតាមការចង្អុលយករបស់ឈ្មោះវ៉ាន់ សាវឿន
ដែលស្គាល់ច្បាស់នៅមូលដ្ឋាន ប៉ុន្តែប្រភពពីម្ចាស់ដីនោះ បានប្រាប់នៅ
ថ្ងៃទី២៨ សីហាថា ដីចម្ការនោះ ជាកម្មសិទ្ធិរបស់ពលរដ្ឋ ១៥ គ្រួសារ
ដែលមានទំហំសរុប ២៩០ ហិចតា ហើយត្រូវបានវាស់វែងរូច
ដោយក្រុមការងារបច្ចេកទេសសុរិយោដី និងយុវជនស្ម័គ្រចិត្ត សម្តេចតេជោហ៊ុន សែន
ក្នុងយុទ្ធនាការអនុវត្តបទបញ្ជាលេខ ០១ ប ប កាលពីឆ្នាំ២០១២រួចហើយ
តែពុំទាន់ចេញប័ណ្ណ។ ដូច្នេះជន សង្ស័យឆបោកជាប់ចោទ
ទី១-ក្លែងបន្លំយកឈ្មោះអភិបាល អភិបាលរង ខេត្តបន្ទាយមានជ័យ
ទៅឆបោកលុយពីពលរដ្ឋ។ ទី២-រំលោភបំពានខុសច្បាប់យក
ដីមានកម្មសិទ្ធិរបស់ឯកជនពលរដ្ឋ ១៥ គ្រួសារ ។ជនសង្ស័យ យិន សារឿន ហៅអ៊ុក
ច័ន្ទឌី និង វ៉ាន់ សាវឿន ដែលឆបោក
និងយកឈ្មោះអភិបាលខេត្តទៅប្រើខុសច្បាប់ទាំងពីរនាក់ បដិសេធផ្នែកខ្លះ
នៃការចោទប្រកាន់ តែថា ពិតជាបានយកលុយជាង ២០ ម៉ឺនបាត ពីពលរដ្ឋ
ដែលទិញដីរបបរបស់ក្រុមការងារមែន ហើយលុយនោះ បានយកទៅ ចែកគ្នាចាយអស់ហើយ ។
__________________
ផ្តល់សិទ្ទិដោយ៖dap-news