ហេតុអ្វីចាំបាច់ ត្រូវធ្វើអាណានិគម លើភពព្រះអង្គារ?

8/26/2014 0 Comments A+ a-

តាមការស្រាវជ្រាវ របស់អ្នកវិទ្យាសាស្ត្រសកល ជាពិសេសអង្គការ NASA របស់ សហរដ្ឋអាម៉េរិក ជាងកន្លះ សតវត្សន៍ មកនេះ គេបានដឹងមានតែភពផែនដី មួយប៉ុណ្ណោះនៅក្នុង ចក្រវាលយើងនេះ ដែលពិសេសជាងគេបំផុត ព្រោះអាចឲ្យជីវិតរស់នៅ និង អភិវឌ្ឍន៍បាន ពីមួយដំណាក់ ទៅមួយតំណាក់កាល ។
នេះជាភាពរីករាយមួយ សម្រាប់ការរស់នៅលើផែនដី ដែលយើងអាចមានអ្វីគ្រប់យ៉ាងគឺ ដោយ សារតែដុំដីមួយដុំ ដែលកំពុងវិលជុំវិញព្រះអាទិត្យ អស់កាលជាង ៤ពាន់លានឆ្នាំមកហើយ នេះ ។ ងាកទៅមើល អតីតកាលដែល ផែនដី ធ្លាប់ឆ្លងកាត់ ជាពិសេសកាលពីជាង ៦០លានឆ្នាំ មុនដែលភាវៈឌីណូស័រ ត្រូវរលំរលាយផុតពូជ ដោយសារ តែអាចម៍ផ្កាយវាយប្រហារនោះ នាំ ឲ្យ អ្នកវិទ្យាសាស្ត្រកាន់តែមាន ការព្រួយបារម្ភថែមទៀត ពីវត្ថុអវកាស ដែលអាច នឹងបុកប៉ះ ផែនដី នៅពេលណាមួយ ដែលសូម្បីតែបច្ចេកវិទ្យា ទំនើបក៏មិនអាចរារាំងបាននោះ ។
ជាក់ស្តែងតាមរយៈ ខ្សែភាពយន្តហូលីវូដ ឬ ការសន្និដ្ឋានរបស់អ្នកវិទ្យាសាស្ត្រអំពីអាចម៍ផ្កាយ ដែលនឹងអាច បុកផែនដី ឬ ក៏បញ្ហាដាច់ដោយឡែក ពីនេះទៀត គឺកំណើនប្រជាជន រួមជាមួយ នឹងគ្រោះធម្មជាតិ និង ការប្រែ សម្រួលអាកាសធាតុ ដែលនឹងកាន់តែធ្ងន់ធ្ងរខ្លាំងឡើងៗ ដោយសារតែមនុស្សខ្លួន ឯងជាអ្នកបង្កឡើង ទើបការ ស្វែងរក ជំរកថ្មី ក្លាយជារឿងចំាបាច់ ។
កត្តាទាំងឡាយខាងលើនេះហើយ ទើបក្រុមអ្នកវិទ្យាសាស្ត្រ របស់រដ្ឋាភិបាលបណ្តាប្រទេស អភិវឌ្ឍន៍មួយចំនួន ដូចជាអាម៉េរិក, រុស្ស៊ី, ចិន, និង ឥណ្ឌាជាច្រើន បានចំណាយថវិកាជាតិ រាប់ពាន់លានដុល្លារលើកម្មវិធីអវកាស និង ការរុករកនៅភពផ្សេងក្រៅពីផែនដី ថាតើអាច មានទីកន្លែងណាផ្សេង ឲ្យមនុស្សបន្តការអភិវឌ្ឍ ក្រៅពីផែនដី យើងបានដែរ ឬទេ ។
ជាការពិតណាស់ ក្រោយការសិក្សា និង តាមដានជាក់ស្តែងលើភពទាំង ៩ក្នុងប្រព័ន្ធ ព្រះអាទិត្យ មានតែភពអង្គារ ប៉ុណ្ណោះ ដែលគេអាចមានសង្ឃឹម ឲ្យមនុស្សទៅរស់នៅបាន ក្រោមកម្មវិធីស្តារឡើងវិញ នូវភពក្រហមមួយនេះ ។
ចំពោះការស្តារភពអង្គារនេះ មានជាច្រើនតំណាក់កាល ដែលក្រុមអ្នកវិទ្យាសាស្ត្រអង្គការ NASA បានកំណត់យក ដោយតំណាក់កាលទីមួយនោះ គឺការស្វែងយល់ពីស្ថានភាពទូទៅ មាន ខ្យល់ ទឹក និង បរិយាកាសជារួមលើភព ហើយការស្រាវជ្រាវនេះកន្លងមកបានសម្រេច ស្ទើរទាំងស្រុងទៅហើយ ក្រោយការបញ្ជូនយានរុករកចំនួន ៣គ្រឿង ទៅកាន់ភពនោះ ។
តំណាក់កាលបន្តបន្ទាប់ទៀតមានដូចជាការ បញ្ជូនមនុស្សទៅរស់នៅលើភពអង្គារ ដែល អាចនឹងសម្រេចនៅឆ្នាំ ២០២២ ដែលមនុស្សដំបូងចំនួន ៤នាក់ នឹងធ្វើដំណើរជិតមួយឆ្នាំ ទើបទៅដល់ភពអង្គារ ហើយពួកគេនឹងរៀនរស់ នៅក្រោមជំនួយពីម៉ាស៊ីនផលិតអុកស៊ីសែន ព្រមទាំងចំណីអាហារ ដែលបញ្ជូនពីភពផែនដីទៅកាន់ភពនោះ ។
អង្គការណាសា កាលពីខែកក្កដា ឆ្នាំ ២០១៤ នេះបានសម្រេចគម្រោងផលិតយានស្រាវជ្រាវ បរិយាកាស បង្កើត អុកស៊ីសែន និង បូមយកទឹក ពីក្នុងផ្ទៃភពអង្គារ ដើម្បីសម្រួលដល់អ្នករស់ នៅលើភព យកមកប្រើប្រាស់ សម្រាប់ ដំាដំណាំ និង ដកដង្ហើម ។ តំណាក់កាលបន្តបន្ទាប់ ទៀត គឺគេនឹងបង្កើនម៉ាស៊ីនធំៗ សម្រាប់បំលែងជាតិគីមី នៅក្នុង បរិយាកាសភពអង្គារឲ្យដូច ទៅនឹងភពផែនដី ដែលប្រការ នឹងអាចនាំភពអង្គារមានភ្លៀង និង ទឹកនៅលើដី ហើយក៏ អាចក្លាយជាទន្លេ ឬ សមុទ្រនៅលើផ្ទៃភព ដូចនឹងផែនដីដែរ ។
គួរបញ្ជាក់ថា តាមការសិក្សារបស់អ្នកវិទ្យាសាស្ត្រកន្លងមក ភពអង្គការកាលពីមួយពាន់ ទៅ ពីរពាន់លានឆ្នាំមុន អាចមានសភាពមិនសូវ ខុសពីផែនដីនោះទេ គឺមានទឹក បរិយាកាស និង អុកស៊ីសែន ដែលអំណោយផលដល់ ជីវៈចំរុះ ប៉ុន្តែដោយសារភពនេះ មានទំហំតូចជាងផែនដី និង មានកម្លាំងទំនាញខ្សោយនោះ ទើបវត្ថុធាតុដើម ទាំងនោះត្រូវបាត់បង់បន្តិចម្តងៗ រហូត ដល់សព្វថ្ងៃនេះ បរិយាកាសភពអង្គារ មិនស្មើនឹង ១ភាគរយនៃ បរិយាកាស ផែនដីផង ។