អ្នកភូមិនៅព្រៃវែង បារម្ភខ្លាចបាត់បង់ ដីបឹងសាធារណៈ ប្រមាណ៧០០ហិកតារ
ដី
ទំនាបបឹងដែលប្រជាពលរដ្ឋអះអាងថា អាជ្ញាធរលក់ទៅឲ្យក្រុមហ៊ុនចិន
ធ្វើរោងម៉ាស៊ីនកិនស្រូវ នាស្រុកមេសាង ខេត្តព្រៃវែង។
រូបថតថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៤
អ្នកភូមិនៅស្រុកមេសាង ខេត្តព្រៃវែង ប្រមាណ
៣០០គ្រួសារ កំពុងព្រួយបារម្ភខ្លាចបាត់បង់ដីបឹងសាធារណៈប្រមាណ
៧០០ហិកតារ ធ្លាក់ទៅលើឈ្មួញ ដោយមិនមានការឯកភាពពីប្រជាពលរដ្ឋ។
ការព្រួយបារម្ភនេះ
បន្ទាប់ពីពួកគាត់ទទួលដំណឹងថា
ដីនោះត្រូវអាជ្ញាធរលក់ទៅឲ្យឈ្មួញធ្វើរោងម៉ាស៊ីនកិនស្រូវ
ហើយធ្វើការអភិវឌ្ឍដីនោះក្នុងពេលឆាប់ៗ។
ប្រជាពលរដ្ឋនៅតំបន់នោះ
អំពាវនាវឲ្យអាជ្ញាធរខេត្ត និងមន្ត្រីពាក់ព័ន្ធ
ទប់ស្កាត់ការលក់ដីនោះជាបន្ទាន់ ពីព្រោះថា
ដីនោះមួយផ្នែកជាតំបន់នេសាទត្រីរបស់ប្រជាពលរដ្ឋផង
ហើយជាដីធ្វើស្រែដែលប្រជាកសិករដាំដុះរៀងរាល់ឆ្នាំផង។
អ្នកភូមិម្នាក់ គឺលោក យ៉ាត ដូរ
រស់នៅភូមិក្បាលខ្វែក ឃុំស្វាយជ្រំ ស្រុកមេសាង ខេត្តព្រៃវែង
ថ្លែងនៅខាងមុខតំបន់ដីដែលមានបញ្ហានោះ នៅថ្ងៃទី២៥ សីហា ថា
ដីទំនាបបឹងនោះមានទំហំប្រមាណ ៧០០ហិកតារ ជាប់ឃុំចំនួន២
គឺឃុំពានរោង ស្រុកស្វាយអន្ទរ និងឃុំស្វាយជ្រំ ស្រុកមេសាង
ខេត្តព្រៃវែង។ អ្នកភូមិកំពុងផ្អើលឆោឡោ បន្ទាប់ពីទទួលដំណឹងថា
ដីនោះត្រូវអាជ្ញាធរលក់ទៅឲ្យក្រុមហ៊ុនចិន
តែមិនស្គាល់ឈ្មោះថាជាក្រុមហ៊ុនអ្វីនោះទេ
ហើយក្រុមហ៊ុនធ្វើការអភិវឌ្ឍលើដីនោះក្នុងក្នុងពេលឆាប់ៗ៖ «ដឹង
តាមរយៈមួយនាក់ដែលនៅធ្វើការនៅក្រុមហ៊ុនចិន ហ្នឹងបាទ! គេនិយាយថា
ដីនេះមិនបាច់ស្ដារទៀតទេ ប្រាំងនេះគេមកស្ដារហើយ។
បើសិនជាលក់អាហ្នឹង វាដាច់សេដ្ឋកិច្ចប្រជាពលរដ្ឋពីឃុំនេះ
វាអស់រលីងតាំងការរកទទួលទានក្របីគោត្រីសាច់
តើបានដៃក្រុមហ៊ុនហើយ ក្រុមហ៊ុនតាមដឹងដំណឹងនេះគេមិនឲ្យចុះរកទេ
ទើបប្រជាពលរដ្ឋឆោឡោហ្នឹង»។
អ្នកភូមិក្បាលខ្វែក វ័យ
៦០ឆ្នាំប្លាយម្នាក់ទៀត គឺលោក លី ណេន មានមតិថា
ដីទំនាបបឹងនោះជាឆ្នាំងបាយបន្ទប់បន្សំរបស់ប្រជាពលរដ្ឋរស់នៅតំបន់
នោះជាយូរមកហើយ ពីព្រោះថា ជាដីសម្រាប់ដាំដុះអាស្រ័យផល
និងជាទីកន្លែងនេសាទត្រីជាលក្ខណៈគ្រួសាររបស់ប្រជាកសិករ។ លោក លី
ណេន
ស្នើឲ្យអាជ្ញាធររក្សាទុកដីទំនាបបឹងនោះជាផលប្រយោជន៍រួមរបស់
ប្រជាពលរដ្ឋបន្តទៀត៖ «អាជ្ញាធររួមគំនិតលក់ឲ្យដីហ្នឹងទៅគេ
ហើយដេញឲ្យប្រជាពលរដ្ឋឈូសឆាយដីហ្នឹងចេញ ហ្នឹងហើយ។
ដើម្បីឲ្យក្រុមហ៊ុនគេមកនៅ ហើយយកលេសថាយកទាហានមកដាក់
តែនេះជាលេសរបស់អាជ្ញាធរភូមិក្បាលខ្វែក ទេ
មិនមែនទាហានណាមកដាក់នៅកន្លែងនេះទេ»។
ឆ្លើយតបនឹងការចោទប្រកាន់នេះ
មេឃុំស្វាយជ្រំ លោក ឡាយ សារ៉េត មានប្រសាសន៍បញ្ជាក់ថា
ដីទំនាបបឹងនោះជាសម្បត្តិរបស់រដ្ឋ
ហើយពុំមានអាជ្ញាធរណាហ៊ានលក់ដីនោះទៅឲ្យក្រុមចិន
ដូចការលើកឡើងរបស់អ្នកភូមិនោះទេ។
លោកចាត់ទុកការជ្រួលច្របល់របស់អ្នកភូមិទាំងនោះថា
ជាទង្វើមួយធ្វើឡើងដោយគ្មានហេតុផលច្បាស់លាស់៖ «ដីនេះភូមិឃុំ
ស្រុកខេត្តគេមិនមានជនណាម្នាក់
ឬអង្គការស្ថាប័នណាម្នាក់ដែលឈរលក់ដីហ្នឹងឲ្យទៅក្រុមហ៊ុន
ដូចពាក្យចោទប្រកាន់ថាហ្នឹងបានទេ។
មានអ្នកណាម្នាក់ដែលហ៊ានលក់ដីឈើទាវបឹងខ្ញី
ជាដីសាធារណៈរបស់ហ្នឹង ខ្ញុំសុំដាក់ជីវិត
បើមានអ្នកណាមួយដែលហ៊ានលក់»។
ទោះយ៉ាងនេះក្ដី មេឃុំពានរោង គឺអ្នកស្រី
សឹម សុខខុន មានប្រសាសន៍បញ្ជាក់ថា ដីមួយផ្នែកនៅភូមិក្បែរតំបន់នោះ
មានក្រុមហ៊ុន អៀង ហាក់ ចុះទៅទិញពីប្រជាពលរដ្ឋដោយស្របច្បាប់
យកទៅសាងសង់ធ្វើរោងចក្រ ហើយត្រៀមធ្វើការអភិវឌ្ឍក្នុងពេលឆាប់ៗ។
ចំណែកដីទំនាបបឹងនោះ
អ្នកស្រីពុំទទួលព័ត៌មានជុំវិញការលក់ដូរនេះនៅឡើយទេ។
ទាក់ទងនឹងបញ្ហានេះ
មន្ត្រីស៊ើបអង្កេតផ្នែកដីធ្លីនៃអង្គការអាដហុក (Adhoc)
ប្រចាំខេត្តព្រៃវែង ដែលបានតាមដានលើរឿងនេះ លោក ម៉ែន សារ៉ា
មានប្រសាសន៍ថា ដីបឹងជាដីសាធារណៈរបស់រដ្ឋ
មិនអាចបុគ្គលណាម្នាក់យកទៅលក់
ឬកាន់កាប់ជាកម្មសិទ្ធិផ្ទាល់ខ្លួនដាច់មុខបាននោះទេ។ លោកបន្តថា
បញ្ហាដែលប្រជាពលរដ្ឋលើកឡើងនោះ ជាទុក្ខកង្វល់របស់ពួកគាត់
ហើយថានឹងតាមដានស៊ើបអង្កេតបន្តទៀត៖ «ខ្ញុំឃើញថា
ក្រោយពីចុះស៊ើបអង្កេតបឋមមក យើងថាពលរដ្ឋ
៣ភូមិមានការបារម្ភទុកជាមុន
ថាខ្លាចបាត់បង់ជម្រកត្រីដែលមាននៅបឹងនោះ ហើយនិងរបរនេសាទប្រចាំ
និងកសិកររបស់គាត់»។
អ្នកភូមិឲ្យដឹងថា
ដីនៅតំបន់នោះគម្រោងអភិវឌ្ឍន៍ធ្វើរោងម៉ាស៊ីនកិនស្រូវ។
ពួកគាត់កំពុងរៀបចំប្រមូលស្នាមមេដៃ
ដាក់តវ៉ាឲ្យបញ្ឈប់ការលក់ដីទំនាបបឹងនោះ ហើយថា
ពួកគាត់នឹងលើកគ្នានាំស្នាមមេដៃទៅដាក់នៅសាលាខេត្តព្រៃវែង
ដើម្បីឲ្យអភិបាលខេត្តដោះស្រាយក្នុងពេលឆាប់ៗខាងមុខ៕
_______________
ប្រភពពីRFA