ឈាមស្រែក ស្បែកហៅ រំលោភ សម្លាប់ស្រ្តីម្នាក់ នៅស្រុកភ្នំក្រវាញ បាន៣ថ្ងៃ ត្រូវនគរបាល ចាប់ខ្លួនបញ្ជូន ទៅតុលាការ

8/26/2014 0 Comments A+ a-

rape and dieពោធិ៍សាត់៖ ដូចពាក្យចាស់ពោលថា (ឈាមស្រែកស្បែកហៅ) បុរសល្មោភកាមម្នាក់ បានរំលោភសម្លាប់ស្ត្រីម្នាក់ នៅចំនុចគោបំបៅកូន ចម្ងាយពីផ្ទះប្រហែល ៥០០ ម៉ែត្រ ស្ថិតក្នុងភូមិវាល ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ កាលពីយប់ថ្ងៃទី២២ ខែ សីហា ឆ្នាំ២០១៤នោះ ហើយត្រូវបានក្មេងៗ ដើរឃ្វាលគោប្រទះឃើញ កាលពីវេលាម៉ោង៩ ព្រឹក ក្នុងថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០១៤  កន្លងមកនេះ ត្រូវបានកម្លាំងនគរបាលស្រុកភ្នំក្រវាញ និង កម្លាំងនគរបាលជំនាញ ខេត្តពោធិ៍សាត់ ចាប់ខ្លួនបានហើយ ដោយការចាប់ខ្លួននោះ គឺប្រព្រឹត្តឡើងកាលពីវេលាម៉ោងជាង ១១ ព្រឹកថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០១៤ ។
សមត្ថកិច្ចនគរបាលជំនាញ ខេត្តពោធិ៍សាត់បានឲ្យដឹងថា ជនល្មោភកាម ដែលចាប់រំលោភហើយសម្លាប់ ស្ត្រីមេម៉ាយកូន៣នាក់ រស់នៅឯភូមិវាល ឃុំសំរោង ស្រុកភ្នំក្រវាញនោះ មានឈ្មោះ សួស សំណាង ភេទប្រុស អាយុ ៤៣ ឆ្នាំ រស់នៅក្នុងភូមិវាល ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។សមត្ថកិច្ចនគរបាល បានបន្តឲ្យដឹងទៀតថា ក្រោយកើតហេតុ ដោយមានបញ្ជាយ៉ាងម៉ឺងម៉ាត់ ពីលោកឧត្តមសេនីយ៍ត្រី សារុន ចាន់ធី ស្នងការនគរបាលខេត្តពោធិ៍សាត់ និងលោកស្នងការរង ទទួលបន្ទុកការិយាល័យកណ្តាល នគរបាលព្រហ្មទណ្ឌនោះ ការិយាល័យជំនាញ បានសហការ ជាមួយនិងកម្លាំងនគរបាលស្រុកភ្នំក្រវាញ ចុះធ្វើការស្រាវជ្រាវយ៉ាងល្អិតល្អន់ ទើបឈានដល់ការចាប់ខ្លួន បានបុរសល្មោភកាមម្នាក់នេះ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនគេគឺពិតជាបានធ្វើសកម្មភាព រំលោភសម្លាប់ស្រ្តីរងគ្រោះ មេម៉ាយកូន៣ កាលពីយប់ថ្ងៃទី ២២ ខែ សីហា ពិតប្រាកដមែន។
គួរំលឹកថា ស្រ្តីរងគ្រោះឈ្មោះ ផុន សុភី អាយុ ៣៤ ឆ្នាំ រស់នៅក្នុងភូមិកើតហេតុ បានបាត់ពីផ្ទះកាលពីវេលាម៉ោង ៤ ល្ងាចថ្ងៃទី ២២ ខែ សីហា ។ លុះព្រឹកឡើងនៅម៉ោងប្រមាណ ជា៩ ព្រឹកថ្ងៃទី ២៣ ខែ សីហា ក៏ស្រាប់តែក្មេងៗដើរឃ្វាលគោ ប្រទះឃើញស្ត្រីរងគ្រោះនោះ ដេកស្លាប់នៅក្នុងព្រៃ ចម្ងាយពីផ្ទះប្រហែល ៥០០ ម៉ែត្រ ហើយក៏ទៅរាយការណ៍ ប្រាប់សមត្ថកិច្ច និង ក្រុមគ្រួសារ ទើបធ្វើឲ្យមានការភ្ញាក់ផ្អើល ៕
Photo by DAP-News
____________________
ផ្តល់សិទ្ទិដោយ៖dap-news