ព្រៃការពារកំពុងត្រូវ បានកាប់បំផ្លាញ
កាលពីថ្ងៃទី៩ ខែកក្កដា ព្រៃសហគមន៍ចំនួន ៥
ទំហំសរុបចំនួន ១៨ ៣៩៥ ហិកតា
ដែលស្ថិតនៅក្នុងឧទ្យានជាតិវីរជ័យត្រូវបានក្រសួងបរិស្ថាន
ចុះហត្ថលេខា ដាក់ជាតំបន់ការពារធម្មជាតិ។ តំបន់ទាំងប្រាំនេះ រួមមាន
អូរចាយ អូរទុង អូរតាបូក មណ្ឌលយ៉ន និង អួតខាំផា។
ប៉ុន្តែតំបន់ការពារអូរទុងទំហំ ៩៨៦២ ហិកតា ស្ថិតនៅក្នុងឃុំកុកឡាក់
ស្រុកវ៉ឺនសៃ ខេត្តរតនគិរី ត្រូវបានសហគមន៍អះអាងថា
កំពុងទទួលរងការកាប់បំផ្លាញ ពីក្រុមឈ្មួញ
ហើយប្រជាសហគមន៍បានដាក់ពាក្យបណ្តឹងសុំអន្តរាគមន៍ទៅអង្គការអាដហុក
ខេត្តកាលពីម្សិលមិញ។
លោកឆាយ ធី អ្នកសម្របសម្រួលអង្គការអាដហុក
បានឲ្យដឹងបន្ទាប់ពីទទួលពាក្យបណ្តឹងនោះថា ក្រុមល្បាត
បានប្រទះឃើញឈើធ្នង់ ដែលគេលួចកាប់ប្រមាណ ១០០ ម៉ែត្រគុប
នៅពេលចុះល្បាតកាលពីចុងខែកក្កដា។ ក្រៅពីនោះក៏ឃើញមានផ្លូវឡាន
រទេះ ក្របី និងគល់ឈើធំៗ បន្សល់ទុកពីការកាប់ផងដែរ។
លោក បន្តថា៖«ព្រៃការពារសហគមន៍ផ្សេងៗ
ត្រូវបានកាប់បំផ្លាញអស់រលីងហើយដោយមិនមានការទប់ស្កាត់ពីមន្ត្រី
ជំនាញ និងអាជ្ញាធរមូលដ្ឋានឡើយ។ មកដល់ពេលនេះ ព្រៃការពារ អូរទុង
ក្នុងឧទ្យានជាតិវីរជ័យ កំពុងរងនូវការកាប់បំផ្លាញ
ពីក្រុមឈ្មួញដោយខុសច្បាប់»។
លោកបន្ថែមថា
តម្លៃឈើប្រណីតបានហក់ឡើងថ្លៃខ្ពស់ ខណៈដែលប្រភេទឈើទាំងនោះ
កាន់តែខ្សត់ទៅ។ ឈើធ្នង់មួយម៉ែត្រគុបជាមធ្យមតម្លៃ ១២០០ ដុល្លារ
ដូចនេះ ១០០ ម៉ែត្រគុប មានតម្លៃ ១២ ម៉ឺនដុល្លារ។ លោកឆាយ
ធីថ្លែងទៀតថា៖
«ព្រៃការពារនោះ
គឺជាព្រៃនៅសេសសល់ចុងក្រោយ។ សហគមន៍អស់លទ្ធភាពទប់ស្កាត់
និងអស់ជំនឿលើអាជ្ញាធរមូលដ្ឋាន ទើបរកអាដហុកជួយ»។ អាហុកខេត្ត
នឹងធ្វើការអង្កេតជាទ្រង់ទ្រាយធំមួយជាមួយនឹងមន្ត្រីនៅស្នាក់ការ
កណ្តាល។ ក្រៅពីនោះ ក៏នឹងសុំអន្តរាគមន៍ទៅក្រសួងពាក់ព័ន្ធផងដែរ។
លោកកឿន ម៉ូចអាយុ ៥៣
ឆ្នាំជាជនជាតិកាវ៉ែតបានឲ្យដឹងថា សហគមន៍លោក
បានល្បាតក្នុងមួយខែពីរដង ដើម្បីទប់ស្កាត់បទល្មើស
ប៉ុន្តែមិនអាចទប់ស្កាត់បាននោះទេ ដោយសារមានកម្លាំងតែ ៩
នាក់ប៉ុណ្ណោះ។ លើសពីនោះសហគមន៍ក៏ជាប់រវល់នឹងការដាំដុះផងដែរ។
លោកថ្លែងថា៖«យើងមិនដឹងថា
អ្នកណាជាអ្នកកាប់នោះទេព្រោះមិនដែលបានជួប។
សហគមន៍កំពុងឃ្លាំមើលរកជនប្រព្រឹត្ត និងអ្នកនៅពីក្រោយ
ហើយនឹងដាក់ពាក្យប្តឹង»។
លោកជូ
សុភ័ក្ត្រប្រធានមន្ទីរបរិស្ថានខេត្តរតនគិរី បានថ្លែងថា
លោកមិនបានដឹងពីបញ្ហានេះទេ។
លោកបានសុំឲ្យសហគមន៍ផ្តល់ដំណឹងនេះទៅលោក
ដើម្បីជួយគ្នាចាត់វិធានការទប់ស្កាត់។
លោកបន្តថា៖«ការចុះហត្ថលេខាទទួលស្គាល់គឺ
ដើម្បីឲ្យសហគមន៍ចូលរួមទប់ស្កាត់។ តែបើគាត់ធ្វើមិនឈ្នះទេ
សូមប្រាប់មកយើងនឹងជួយទប់ស្កាត់ទាំងអស់គ្នា»៕
ប្រភពពី ភ្នំពេញប៉ុស្តិ៍