ស្ត្រីជនជាតិ ខ្មែរឥស្លាមម្នាក់ ដើរឆ្លងផ្លូវ ត្រូវរថយន្ត តាក់ស៊ីសាំយ៉ុង បុកស្លាប់ នៅផ្លូវជាតិលេខ៣
កំពត ៖ ស្ត្រីខ្មែរឥស្លាមម្នាក់
ត្រូវរថយន្តសាំយ៉ុង រត់តាក់ស៊ីបុកបណ្តាលឲ្យស្លាប់ភ្លាមៗ
នៅនឹងកន្លែងកើតហេតុ នៅវេលា ម៉ោង៩និង៤៥នាទីព្រឹក ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៤
លើកំណាត់ផ្លូវជាតិលេខ៣ កំពត-ព្រះសីហនុ ស្ថិតក្នុងភូមិទទឹងថ្ងៃ ឃុំបឹងទូក
ស្រុកទឹកឈូ ខេត្តកំពត។
នគរបាលចរាចរណ៍ បានឲ្យដឹងថា សពស្ត្រីរងគ្រោះមានឈ្មោះម៉ាស់ យ៉ាំ ឣាយុ៥៣ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ។
សេចក្តីរាយការណ៍ នៅកន្លែងកើតហេតុ បានឲ្យដឹងថា
មុនពេលកើតហេតុ គេបានឃើញស្ត្រីរងគ្រោះ ដើរឆ្លងផ្លូវជាតិពីជើងទៅត្បូង
ដើរមិនទាន់ផុតផ្លូវផង ក៏ដើរបកក្រោយមកវិញ ចៃដន្យមានរថយន្តបង្ក
កំពុងធ្វើចរាចរណ៍ ដឹកឣ្នកដំណើរពេញរថយន្ត ក្នុងល្បឿនលឿន
ទិសដៅពីកើតទៅលិចលុះមកដល់ចំណុច កើតហេតុ ស្រាប់តែបុកចំពេញទំហឹង ទៅលើជនរងគ្រោះ
បណ្តាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុតែម្តង
ដែលមើលទៅគួរឲ្យឣាណោចឣាធម បន្ទាប់មករថយន្ត បង្កបន្តល្បឿនទៅមុខ
បានចម្ងាយប្រមាណជា៥០ម៉ែត្រ ក៏បញ្ឈប់រថយន្ត ហើយអ្នកបើកបរ
មិនទាន់កំណត់ឣត្តសញ្ញាណ ចុះរត់គេចខ្លួនបាត់។
រថយន្តរត់តាក់ស៊ីបង្កម៉ាកសាំយ៉ុង ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2S-8030។
ក្រោយពេលកើតហេតុ សពជនរងគ្រោះ
ត្រូវបានក្រុមគ្រសារនាំយកទៅតម្កល់នៅផ្ទះ ទុកធ្វើបុណ្យទៅតាមប្រពៃណិជាតិ
សាសនាភ្លាមៗផងដែរ ដោយឡែករថយន្តបង្ក ត្រូវបានសមត្ថកិច្ច
យកទៅរក្សាទុកបណ្តោះឣាសន្ន នៅឯអធិការដ្ឋាន នគរបាលក្រុងកំពត
ដើម្បីរង់ចាំដោះស្រាយ ពេលក្រោយ៕
______________
ផ្តល់សិទ្ទិដោយ៖dap-news