ឮថា​ Apple ​នឹង​ចេញ​លក់​ MacBook ​​Air អេក្រង់ ១២ អ៊ីញ​​​​ចុងឆ្នាំ ២០១៤

8/28/2014 0 Comments A+ a-

ក្រុមហ៊ុន​ Apple ​នឹង​បញ្ចេញ​ MacBook ​​Air ស៊េរី​ក្រោយ​របស់​ខ្លួន​ នៅ​ចុង​ឆ្នាំ​នេះ ​ឬ​ដើម​ឆ្នាំ​ក្រោយ។ ​នេះ​បើ​ផ្អែក​តាម​ការ​រាយការណ៍​របស់​​សារព័ត៌មាន​ Digitimes។
​តាម​ ការ​ឲ្យ​ដឹង​​ពី​ក្រុមហ៊ុន​ផ្គត់ផ្គង់​ដល់​ Apple ដែល​មាន​មូលដ្ឋាន​នៅ​តៃវ៉ាន់​​​ថា ​​ការ​ផលិត​ MacBook Air ស៊េរី​ថ្មី​នេះ​បាន​ចាប់ផ្ដើម​ហើយ ​តែ​ក្នុង​​កម្រិត​តិចតួច​ប៉ុណ្ណោះ។
របាយការណ៍ ​កាល​ពី​ខែ​មុន​បាន​បញ្ជាក់ថា​ ​ការ​ពន្យារ​ពេល​​របស់​ Intel ​ក្នុង​ការ​ផ្គត់ផ្គង់​ Braodwell Chip ​អាច​​ធ្វើ​ឲ្យ​ Apple ​ត្រូវ​បង្ខំ​ចិត្ត​លើក​ពេល​បញ្ចេញ​ MacBook ​Air ទំហំ​ ១២ ​អ៊ីញ​របស់​ខ្លួន​ដល់​ចុងឆ្នាំ​នេះ ​ឬ​ដើម​ឆ្នាំ​ ២០១៥។ ​របាយការណ៍​ដដែល​​ការ​បាន​លើក​ឡើង​ដែរ​ថា ​Macbook ទំហំ​ ១២ ​អ៊ីញ​​នឹង​បំពាក់​អេក្រង់ Retina។
ដោយឡែក​រ បាយការណ៍​ក្នុង​ខែ​មិថុនា​កន្លង​ទៅ​ ​បង្ហាញ​ដូចគ្នា​​ថា ​​ការ​ផលិត​ MacBook Air ទំហំ ១២ ​អ៊ីញ​​នៅ​ត្រី​មាស​ទី​បី​ឆ្នាំ​នេះ​​គឺ​ក្រុមហ៊ុន​ Quanta Computer ​របស់​តៃវ៉ាន់​ជា​អ្នក​ដំឡើង។ ​​ប្រភព​ដដែល​ក៏​បាន​បញ្ជាក់​ដែរ​ថា ​លក្ខណៈសម្បត្តិ​របស់​ MacBook Air ១២ អ៊ីញ​គឺ​ស្រដៀង​គ្នា​នឹង​អេក្រង់ ១១ ​អ៊ីញ ​និង​ ១៣ ​អ៊ីញ​មុន​ដែរ ​គ្រាន់​តែ​បំពាក់​ Retina Display ​និង​​ផ្លាស់​ប្តូរ​គ្រឿង​បន្លាស់​ខាងក្នុង​បន្តិច​ប៉ុណ្ណោះ។
បើ​អ្វី ​ៗ​ពិត​ដូច​​ការ​​រាយការណ៍​របស់​ Digitimes ​មែន​នោះ​ ​Apple ​ប្រហែល​ជា​អាច​ដាក់​បង្ហាញ MacBook ​ស៊េរី​ក្រោយ​នៅ​អំឡុង​ខែ​តុលា ​ក្រោយ​ការ​ដាក់​បង្ហាញ​​ iPhone ជំនាន់​ក្រោយ​មិន​ខាន។
ចុះ​អ្នក​ចង់​បាន​ MacBook ​Air អេក្រង់ ១២ អ៊ីញ​ ឬ​អេក្រង់​ធំ​ជាង​នេះ?
​ប្រែ​សម្រួល​៖ ​សីហា
​ប្រភព​៖​ macrumors