លោក សម រង្ស៊ី អំពាវនាវ​ឲ្យ​គណ​ បក្ស​ប្រជាជន​កម្ពុជា គោរព​ស្មារតី​កិច្ចព្រម ព្រៀង​ឲ្យបាន​១០០​ភាគរយ​​

8/27/2014 0 Comments A+ a-

samraingsy_140723_-vida--2014-08-04-2014-08-22-2014-08-27ប្រធាន ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នៅ​ថ្ងៃ​ពុធ​នេះ ថ្លែងថា​លោក​អំពាវនាវ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា គោរព​កិច្ចព្រមព្រៀង​ឲ្យបាន​ពេញលេញ ដើម្បី​ឈាន​ទៅដល់​ការ​ធ្វើការ​ជា​ច្រើន​ជាមួយគ្នា​នៅក្នុង​រដ្ឋសភា​។​
​ការប្រកាស​បែប​នេះ ក្រោយពេល​ដែល​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ពីររូប គឺ​លោក យឹម សុវណ្ណ និង​លោក ស្រី មូរ សុខ​ហួរ មិន​បាន​ជាប់ឆ្នោត​នៅ​ក្នុង​ការ​ការបោះឆ្នោត​ជ្រើសតាំង​ជំនួស និង​បំពេញ​បន្ថែម​ជា​ប្រធាន​គណៈកម្មការ​ចំនួន​ពីរ​។​
​លោក សម រង្ស៊ី មានប្រសាសន៍​ទៅកាន់​អ្នកសារព័ត៌មាន​ថា វា​ច្បាស់​ណាស់​ដែល​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា មិន​បាន​បោះឆ្នោត​ឲ្យ​បេក្ខជន​ជ្រើសរើស​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ប្រធាន ​គណៈកម្មការ​ទាំង​ពីរ ដោយសារ​មាន​តែ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​៥៥​រូប​ទេ ដែល​សំឡេង​គាំទ្រ​មាន​៥៦​សំឡេង លើស​១​សំឡេង ដែល​គណបក្ស​ប្រជាជន​កម្ពុជា​បន្ថែម​ឲ្យ​។​
​លោក​សម រង្ស៊ី បាន​បង្វែរ​សំណួរ​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ នៅពេល​សួរ​ថា​តើ​មូលហេតុ​អ្វី​បាន​ជា​មិន​បោះឆ្នោត​គាំទ្រ​លោកស្រី មូរ សុខ​ហួរ និង​លោក យឹម សុវណ្ណ ជា​ប្រធាន​គណៈក​ម្មការ​។​
​លោក សម រង្ស៊ី បន្ត​ថា​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​បន្ត​ទាមទារ ដើម្បី​ធ្វើ​ម៉េច​ឲ្យមាន​ការអនុវត្ត​កិច្ចព្រមព្រៀ​ង​ឲ្យបាន​ត្រឹមត្រូវ និង​ពេញលេញ​។ លោក​ថា​គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​មាន​ជំនឿ​ថា​នឹង​អាច​សម្រេច​អ្វី​ដែល​ ខ្លួន​ចង់បាន ហើយ​លទ្ធផល​សរុប​អាច​ទទួលយកបាន ត្រឹមត្រូវ និង​ទាន់​ពេលវេលា​។​លោក​បន្តថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ខិតខំ​ប្រឹងប្រែង​គោរព​តាម​ស្មារតី ហើយ​ទទូច​គណបក្ស​ជា​ដៃគូ​គោរព​ស្មារតី​នេះ​ឲ្យបាន​១០០​ភាគរយ​។
​ចំណែក​លោក យឹម សុវណ្ណ មានប្រសាសន៍ថា បើ​ទោះ​លោក​មិន​ជាប់​ជា​ប្រធាន​គណៈកម្មការ លោក​នៅ​ជា​តំណាងរាស្ត្រ​ធម្មតា ដែល​អាច​បម្រើ​ប្រជាពលរដ្ឋ​បាន​។​
​នៅក្នុង​ការបោះឆ្នោត ជ្រើសរើស​ប្រធាន និង​អនុប្រធាន​ទី​៨​គឺ គណៈកម្មការ​សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​កិច្ចការនារី លោកស្រី មូរ សុខ​ហួរ ទទួលបាន​សំឡេង​គាំទ្រ​ត្រឹមតែ​៥៦​សំឡេង​ប៉ុណ្ណោះ​ក្នុង​១២២​សំឡេង ដោយ​៦៣​សំឡេង​មិន​គាំទ្រ និង ៣​សំឡេង​អនុបវាទ​។​ចំណែក​ការបោះឆ្នោត​ជ្រើសរើស គណៈកម្មការ​ទី​១០ គណៈកម្មការ​អង្កេត បោសសំអាត និង​ប្រឆាំង​អំពើពុករលួយ លោក យឹម សុវណ្ណ ទទួលបាន​ការគាំទ្រ​ត្រឹមតែ​៥៦​សំឡេង លើ​១២២​សំឡេង ដោយ​៦២​សំឡេង​មិន​ព្រម អនុបវាទ​៣​សំឡេង និង​មោឃ​១​សំឡេង ។​
​តាម​ការកំណត់ បេក្ខជន​ឈរឈ្មោះ​ត្រូវការ​សំឡេង​គាំទ្រ​៥០​បូក​មួយ​ដែល​ស្មើនឹង​៦២​សំឡេង​។​
​មិនទាន់​មាន​ការ​ឆ្លើយ​តប​យ៉ាង​ណា​ពី​គណបក្ស​ប្រជាជន​កម្ពុជា​នៅឡើយ​ទេ​។​
​តាមរយៈ​កិច្ចព្រមព្រៀង​នយោបាយ​កាលពី​ថ្ងៃ​ទី​ ២២​ខែកក្កដា គណបក្ស​ទាំង​ពីរ​បាន​ឯកភាព​សម្រាប់​តុល្យភាព​អំណាច​ក្នុង​សភា ក្រោម​រូបមន្ត​៧​ទល់​៦ ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​តំណែង​ជា​ប្រធានរដ្ឋសភា និង​អនុប្រធាន​ទី​២  និង​ប្រធាន​គណៈកម្មការ​ជំនាញ​ចំនួន​៥​។ ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន​តំណែង​ជា​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា និង​ប្រធាន​គណៈកម្មការ​ជំនាញ​ចំនួន​៥ តាមរយៈ​ការបង្កើត​គណៈកម្មការ​ជំនាញ​មួយ​ទៀត គឺ​គណៈកម្មការ​ជំនាញ​អង្កេត បោសសំអាត និង​ប្រឆាំង​អំពើពុករលួយ​៕
ប្រភពពី vodhotnews.com