រថយន្ដកុងតឺន័រ បុកជាមួយ ហាយឡែនឌ័រ ស្លាប់ ៧នាក់ របួសធ្ងន់ម្នាក់

7/12/2014 0 Comments A+ a-

ពោធិ៍សាត់ ៖ ករណីគ្រោះថ្នាក់ចរាចរ គួរអោយរន្ធត់មួយបានកើតឡើង កាលពីវេលាម៉ោង៥ និង៣០ នាទី ល្ងាចថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០១៤ បង្កឡើងដោយរថយន្ត ម៉ាកកុងទឺន័រ បើកដាច់កង់មុខផ្នែកខាងឆ្វេង ហើយក៏បានរ៉េចង្កូត ទៅបុកចំពេញទំហឹង និងរថយន្តមួយគ្រឿងទៀត ម៉ាកហាយឡែនឌ័រ ដែលកំពុង ធ្វើដំណើរបញ្រ្ចាសទិសគ្នា បណ្តាលអោយមនុស្សប្រុសស្រី ដែលជិះក្នុងរថយន្តម៉ាក ហាយឡែនឌ័រទាំងអស់៨ នាក់ ក្នុងនោះស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុចំនួន៧ នាក់ ប្រុស៥ នាក់ និង ស្រី២ នាក់ សល់ក្មេងអាយុប្រហែល១០ ឆ្នាំម្នាក់ រងរបួសធ្ងន់។
ជនរងគ្រោះទាំងអស់៨ នាក់ ក្នុងនោះស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុចំនួន៧ នាក់ ប្រុស៥ នាក់ និង ស្រី២ នាក់ សល់ក្មេងអាយុប្រហែល១០ ឆ្នាំម្នាក់ រងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចយកមកសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ ចំណែករថយន្ត រងការខូចខាតស្ទើរទាំងស្រុង។
អធិការនគរបាលស្រុកក្រគរស្តីទីលោកឯម រុន បានអោយដឹងថា  កាលពីវេលាម៉ោង៥ និង៣០ នាទី ល្ងាចថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០១៤ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤០ និង១៤១ ក្នុងភូមិខ្សាច់ល្អិត ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ រថយន្តបង្ក បានបើកបរក្នុង ល្បឿនយ៉ាងលឿន ទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុ ក៏ស្រាប់តែផ្ទុះកង់ខាងមុខមួយគ្រាប់ ផ្នែកខាងឆ្វេង ហើយក៏រ៉េចង្កូចទៅបុកចំពីមុខ រថយន្តរងគ្រោះម៉ាកហាយឡែនឌ័រ ដែលកំពុងបើកបរញ្រ្ចាសទិសគ្នាបណ្តាលអោយ មនុស្សជិះក្នុងរថយន្តរងគ្រោះទាំងអស់ ៨ នាក់ បានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុភ្លាមៗ ចំនួន៧នាក់ និង ក្មេងអាយុប្រហែល១០ ឆ្នាំម្នាក់រងរបួសធ្ងន់ ហើយត្រូវបានសមត្ថកិច្ចដឹកយកមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។
នាយរងការិយាល័យនគរបាលចរាចរផ្លូវគោកខេត្តពោធិ៍សាត់ លោកអនុសេនីយ៍ឯក ស៊ឹម រ័ត្ន បានអោយដឹងថា ជនរងគ្រោះដែលបានស្លាប់ បាត់បង់ជីវិត ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរ ដ៍គួរអោយរន្ធត់នោះគឺបណ្តាលអោយមនុស្ស ៧ នាក់ស្រី២នាក់ ប្រុស២ ស្លាប់នៅនឹងកន្លែងកើតហេតុ រីឯក្មេងម្នាក់ទៀតរបួសធ្ងន់ ។ លោក បន្តថា ទាំងរថយន្តបង្ក និង រថយន្តរងគ្រោះ សមត្ថកិច្ចកំពុង ស្ទូចយកទៅរក្សាទុក នៅស្នងការដ្ឋាននគរបាល ខេត្ត ដើម្បីដោះស្រាយតាមផ្លូវច្បាប់។ ចំណែកសពជនរងគ្រោះត្រូវបានប្រគល់ជូនទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។
គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ សមត្ថកិច្ចមិនទាន់ បញ្ជាក់អំពីអត្តសញ្ញាណ ច្បាស់លាស់ នៃអ្នកស្លាប់ទាំង នោះនៅឡើយទេពីព្រោះសមត្ថកិច្ចកំពុងរវល់ស្ទូច រថយន្តទាំងពីរគ្រឿង នៅកន្លែងកើតហេតុនៅឡើយ៕