ស្រ្តីញៀនល្បែង ចាញ់អស់លុយ ខ្លាចប្តីបន្ទោស ប្រឌិតរឿងថា មានចោរចូលប្លន់

7/30/2014 0 Comments A+ a-


បន្ទាយមានជ័យ ៖ស្រ្តីដែលញៀន និង ល្បែងម្នាក់ បានប្រឌិតរឿង គួរឲ្យភ្ញាក់ ផ្អើលមួយថា មានករណីចោរចូលប្លន់ នៅក្នុងផ្ទះ យកអស់មាសប្រាក់ ខណះដែលខ្លួន បានចាញ់ល្បែង ក្នុងកាស៊ីណូអស់ ដើម្បីបានរួចការ ចោទប្រកាន់ពីប្តី រករឿង ។
លោក សៅ ប៊ុន អធិការស្រុកម៉ាឡៃ បានឲ្យដឹងថា លោកបានទទួលបណ្តឹងមួយ ដែលប្តឹងថា មានករណីចោរចូល ប្លន់ក្នុងផ្ទះស្រ្តីម្នាក់ឈ្មោះ ហាយ សាវី អាយុ៣២ឆ្នាំ  មានប្តីឈ្មោះ ស្រី កែវ អាយុ៥៦ឆ្នាំ រស់នៅក្នុងភូមិទួលពង្រ  ឃុំទួលពង្រ  ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដោយយកអស់មាសប្រាក់ ជាច្រើន កាលពីយប់រំលង អាធ្រាតចូលថ្ងៃទី ២៩ កក្កដា ២០១៤ ។
លោកអធិការបានបន្ត ដោយដកស្រង់ សំដីស្រ្តី រងគ្រោះថា ជនសង្ស័យមានគ្នា៤នាក់ ប្រដាប់ដោយកាំភ្លើងខ្លី មួយដើម និងកាំបិទចុងស្រួច មួយបានធ្វើសកម្មភាព ចូល ទៅប្លន់ នាំឲ្យបាត់បង់សំភារៈ មានដូចជា កាតគ្រីឡាន ចំនួន១ កាតនគរបាល មួយ អត្តសញ្ញាណប័ណ្ណមួយសន្លឹក ខ្សែដៃមួយខ្សែ ខ្សែកមួយខ្សែ និងលុយចំនួន ៣១៥០០០០ រៀល និងប្រាក់បាតចំនួន ១៥០០០បាត ។
បន្ទាប់ពីទទួលបានបណ្តឹង ហើយដោយមានការសង្ស័យ លើករណីចោប្លន់នេះ លោកបានចាត់ឲ្យអធិការរងម្នាក់ ដឹកនាំកំលាំងចុះស្រាវជ្រាវ និងពិនិត្យកន្លែង កើតហេតុ ព្រមទាំងជជើកសួរ ដេញដោលខ្លាំង ទើបស្រ្តីឈ្មោះហាយ សាវី សារភាពនៅចំពោះមុខសមត្ថមិច្ចថា មិនមានករណីចោរ ចូលប្លន់ស្អីនោះទេ គឺខ្លួនបានយកទៅលេងល្បែង ក្នុងកាស៊ីណូ នៅក្រុងប៉ោយប៉ែត ចាញ់អស់រលីងកាលពីពលថ្ងៃ ហើយដោយភ័យខ្លាចប្តី ស្តីបន្ទោសនិងពុំមានលទ្ធភាព សងបំណុល គេ លុះយប់ទើបបែកគំនិត នឹកឃើញប្រើល្បិចថា មានករណីប្លន់នេះតែម្តងទៅ ។
សូមបញ្ជាក់ថា នៅក្នុងខេត្តបន្ទាយមានជ័យ សំរាប់ក្រុងប៉ោយប៉ែត មានកាស៊ីណូចំនួន៧ធំៗ និងមានសាខាកាស៊ីណូ ពីរកន្លែងទៀត ដែលជ្រកក្រោមស្លាកកាស៊ីណូ ហ្គោល ឌិនក្រោន សំរាប់បើកឲ្យប្រជាពលរដ្ឋខ្មែរ ចូលលេង យ៉ាងគគ្រឹកគគ្រេង៕
_________________________
ផ្តល់សិទ្ធិដោយ៖ Lookingtoday