អ្នកជំនាញពីរោង ចក្រផលិតឧទ្ធម្ភាគ ចក្រមកដល់កម្ពុជាថ្ងៃនេះ
ប្រភព៖ Postkhmer
ភ្នំពេញៈ យោងតាមមន្ត្រី
កងទ័ពអាកាសបានឲ្យដឹងថា អ្នកជំនាញបច្ចេកទេស ផលិតឧទ្ធម្ភាគចក្រ ៦
រូបនឹង មកដល់កម្ពុជា នៅថ្ងៃនេះ ដើម្បីពិនិត្យ
មើលទិន្នន័យនៅក្នុងប្រអប់ខ្មៅក្រោយពីឧបទ្ទវហេតុធ្លាក់
ឧទ្ធម្ភាគចក្រចូលទឹកស្រះនៅក្នុងពេលហ្វឹកហាត់បណ្តាលឲ្យអាកាស
យានិកចំនួន ៤ នាក់បានស្លាប់បាត់បង់ជីវិតនិងម្នាក់រងរបួស។
លោក នាយឧត្តមសេនីយ៍ សឹង សំណាង
មេបញ្ជាការកងទ័ពអាកាសបានថ្លែងឲ្យដឹងថា
មន្ត្រីជំនាញនៅខាងរោងចក្រផលិតឧទ្ធម្ភាគចក្រនឹងមកដល់កម្ពុជា
នៅថ្ងៃនេះដើម្បីមកពិនិត្យមើលប្រអប់ខ្មៅដែលបានរកឃើញនៅកន្ទុយ
ឧទ្ធម្ភាគចក្រ។ លោកបានថ្លែងឲ្យដឹងថា៖
«តាមគម្រោងពួកគាត់នឹងមកដល់នៅថ្ងៃ ១៦
ប៉ុន្តែពួកគាត់បានពន្យារពេលដោយសារតែពុំមានសំបុត្រយន្តហោះ។
ពួកគាត់នឹងមកដល់ថ្ងៃនេះ»។
លោកបានថ្លែងឲ្យដឹងទៀតថា
នៅពេលដែលអ្នកជំនាញមកដល់កម្ពុជានឹងបង្កើតគណៈកម្មការមួយដើម្បី
ធ្វើការពិនិត្យស្រាវជ្រាវមើលទិន្នន័យឬក៏ឧបករណ៍បើកមើលការហោះ
ហើរ។ លោកបានឲ្យដឹងទៀតថា៖
«ប្រអប់ខ្មៅនោះមិនចេះតែបើកមើលតាមចិត្តដូចនៅ ប្រទេសអាមេរិក ឬ
បារាំង នោះទេគឺត្រូវបញ្ជូនទៅខាងរោងចក្រដែលផលិតវា»។
កាលពីថ្ងៃម្សិលមិញនេះ សពអាកាសយានិក ៣
រូបក្នុងចំណោមសពអាកាសយានិក ៤
រូបត្រូវបានបូជានៅឯបញ្ជាការដ្ឋានកងទ័ពជើងអាកាស ចំណែកឯសព ១
រូបគឺសពលោកឧត្តមសេនីយ៍ទោ អ៊ុក ប៉ុណ្ណាហា នាយសេនាធិការ
និងជាមេបញ្ជាការកងហោះឧទ្ធម្ភាគចក្រ ត្រូវក្រុមគ្រួសារយកទៅបញ្ចុះ
តាមប្រពៃណី នៅក្នុង សង្កាត់ព្រែកប្រា ខណ្ឌមានជ័យ។
ចំណែកឯជនរងគ្រោះ លោក ចេង សុខសំបូរ អាយុ
២៧ឆ្នាំ
សិក្ខាកាមដែលរួចជីវិតនៅក្នុងឧបទ្ទវហេតុនោះរហូតមកទល់ពេលនេះ
កំពុងស្ថិតនៅក្រោមការឃ្លាំមើលស្ថានភាពជំងឺពីសំណាក់ក្រុមគ្រូ
ពេទ្យនៃមន្ទីរពេទ្យ កាល់ម៉ែត។
សូមរំឭកថា
ឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រកាលពីថ្ងៃ ទី១៤ ខែកក្កដា
បានបណ្តាលឲ្យមនុស្ស ៤ នាក់បានស្លាប់ និង ១ នាក់រងរបួស
និងត្រូវជួយសង្គ្រោះទាន់ពេល។ ចំណែកសាកសពដែលត្រូវបានស្រង់ពីទឹក
មានស្លាកស្នាមរបួស និងឈាមលើដៃ និងរាងកាយ
និងត្រូវបានរកឃើញទាំងជាប់ខ្សែក្រវាត់ការពារនឹងកៅអី។
ក្រុមមន្ត្រីយោធាអាកាសចរណ៍បានឲ្យដឹងថា
ឧទ្ធម្ភាគចក្រ Z9 ផលិតនៅ ប្រទេសចិន ដែលរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញ
១២ គ្រឿងហើយត្រូវបានប្រគល់ជូនទៅកងទ័ពជើងអាកាសកម្ពុជា នៅថ្ងៃ
ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៣
ដើម្បីទុកប្រើប្រាស់ក្នុងគោលបំណងបំពេញការហ្វឹកហាត់ជំនាញដើម្បី
ពង្រឹងសមត្ថភាពក្នុងការការពារបូរណភាពទឹកដីកម្ពុជា
និងប្រើប្រាស់សម្រាប់ជួយសង្គ្រោះប្រជាជនក្នុងគ្រោះមហន្តរាយ
ផ្សេងៗ៕
រូបសំណាកអាកាសយានិក ៤ រូបដែលបានស្លាប់នៅក្នុងការធ្លាក់ឧទ្ធម្ភាគចក្រកាលពីថ្ងៃ ១៤។ ហេង ជីវ័ន
