អាហារ​ដ៏​ពេញ​និយម​៤​មុខ ​ដែល​យុវវ័យ​ចំណាំ​នាំ​សង្សារ​ទៅ​ញ៉ាំ​ អស់​មិន​ដល់​៥​​ដុល្លារ​ផង!

7/06/2014 0 Comments A+ a-

មិត្ត​យុវវ័យ​ប្រហែល​ជា​កំពុង​តែ​នឹក​រក​កន្លែង​សម្រាប់​ការ​ណាត់​ជួប​ញ៉ាំ​អាហារ​ជុំ​គ្នា​ជាមួយ​នឹង​សង្សារ​ ឬ​​មិត្ត​ភ័ក្តិ​ហើយ​មើល​ទៅ។ ថ្ងៃ​នេះ​ Sabay នឹង​​​ណែនាំ​​អាហារ​៤​មុខ​ ដែល​​​​កំពុង​តែ​ពេញ​និយម​ ស័ក្ដិសម​​ចំពោះ​​យុវវ័យ​ដែល​ចង់​​ទៅ​ញ៉ាំ​នា​ចុង​សប្ដាហ៍​នេះ ចំណែក​ឯ​តម្លៃ​វិញ​ ធានា​ថា​ម៉ាអេម។ បើ​ទៅ​​ត្រឹម​គ្នា​ពីរ​បី​នាក់​ធានា​ថា​ ប្រិយមិត្ត​នឹង​ចំណាយ​មិន​លើស​ពី​២០,០០០រៀល​​ទេ។ តោះ​អ៊ុតជាមួយ​ Sabay ​បន្តិច​មើល៍!​ អាហារ​ និង​ទីតាំង​ទាំង​៤​ប្រភេទ​នោះ​ មាន​នៅ​កន្លែង​ណា​ខ្លះ?
១. ប្រហិត​ចៀន​នៅ​ក្រោយ​​សាលា​ស៊ីសុវត្ថិ
ប្រហិត​ជា​ច្រើន​មុខ​ដាក់​តម្រៀប​​ពេញ​ក្នុង​ទូរ​រង់​ចាំ​ភ្ញៀវ​​ចូល​មក​ ចាប់​ដាក់​ចាន​ ទៅ​តាម​ចំណង់​ចំណូល​ចិត្ត​​ភ្ញៀវ​ដែល​ចូល​ទៅ​ញ៉ាំ។ រសជាតិ​ប្រហិត​គ្រប់​​មុខ​​ទាំង​អស់​សុទ្ធ​តែ​មាន​ឱជារស​គួរ​ឲ្យ​ចង់​ភ្លក់​។ ចំពោះ​តម្លៃ​វិញ​ក៏​មិន​ថ្លៃ​ប៉ុន្មាន​ដែរ ប្រសិន​បើ​មក​ត្រឹម​គ្នា​ពីរ​បី​នាក់​ អាច​កុម្មង់​ប្រហិត​គ្រប់​មុខ​បាន​ ដោយ​ចំណាយ​អស់​ប្រហែល​ជា​ជាង​១ម៉ឺន​រៀល​តែ​ប៉ុណ្ណោះ​ អាច​ញ៉ាំ​បាន​​ឆ្អែត​ល្មម។
២. នំបញ្ចុក​ឡើង​ស៊េរី​ក្បែរ​ផ្សារ​អូឡាំ​ពិក
បើ​ជិះ​តាម​បណ្ដោយ​ផ្លូវ​១៩៣​ ខាង​លិច​ផ្សារ​អូឡាំពិក ​អ្នក​នឹង​ប្រទះ​ឃើញ​មាន​ហាង​មួយ​ដ៏​ទាក់​ទាញ​​ និង​មាន​ស្លាក​យី​ហោ​ពណ៌​បៃតង​ដែល​សរសេរ​ថា “នំបញ្ចុក​កោះ​កុង​” មាន​លក់​នំបញ្ចុក​ជា​ច្រើន​ប្រភេទ​ ដូច​ជា​​នំបញ្ចុក​សម្ល​ការី សម្ល​ប្រហើរ​ ណាំយ៉ា និង​មាន​ច្រើន​មុខ​ទៀត​ សរុប​ប្រហែល​៧ ទៅ​៨មុខ​ឯណោះ។ ចុម!​ នំ​បញ្ចុក​លក់​សុទ្ធ​តែ​នៅ​ក្នុង​ហាង​អញ្ចឹង​​តម្លៃ​ថ្លៃ​ទេ​ដឹង? មាន​ណា៎! មួយ​ចាន​ថ្លៃ​មិន​លើស​ពី​​៨ពាន់​ផង​ហ្នឹង។ អូភ្លេច​ប្រាប់! នៅ​ហ្នឹង​មាន​ free wifi ទៀត​ផង។
៣. កង្កែប​បំពង​នៅ​ក្រោយ​វាំង
បែរ​មក​មើល​​ម្ហូប​បែប​យុវវ័យ​មួយ​ទៀត​ដែល​មាន​ទីតាំង​នៅ​ម្ដុំ​ក្រោយ​វាំង​ក៏​​មិន​អន់​ដែរ ឲ្យ​តែ​ល្ងាចៗ​ឡើង​​អតិថិជន​ ជាពិសេស​យុវវ័យ​តែង​តែ​​ទៅ​ញ៉ាំ​​អាហារ​នៅ​ទីនោះ​មិន​សូវ​ដាច់​ទេ។ ក្រៅ​ពី​កង្កែប​បំពង​ក៏​នៅ​មាន​អាហារ​ផ្សេងៗ​​ជាច្រើន​មុខ​ទៀត​ ដូច​ជា ​ពង​ទា​កូន  ងាវ​ស្រុះ​ ពង​មាន់​អាំង​ដែល​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​ទៀត​ផង។
៤. ស៊ុប​ក្ដាម​យុវវ័យ
​នេះ​នែ! អាហារ​បែប​យុវវ័យ​មួយ​ប្រភេទ​ទៀត​ ដែល​មាន​តម្លៃ​ថោក​សឹង​រក​មិន​បាន​ នោះ​គឺស៊ុប​ក្ដាម​មួយ​ចាន​១០០០រៀល។ ចុះ​បើ​តម្លៃ​ថោក​អី​ចឹង​ បើ​ចង់​ទៅ​ញ៉ាំ​ រក​នៅ​កន្លែង​ណា​​មាន​?
​បើ​ប្រិយមិត្ត​ចាប់​អារម្មណ៍​ចង់​ភ្លក់​រសជាតិ​​ស៊ុប​ក្ដាម​នេះ​ អាច​ស្វែង​រក​បាន​ ដែល​មាន​ទីតាំង​នៅ​ម្ដុំ​សាលា​ចិន​ ទួនហ្វា សង្កាត់​ទួល​ស្វាយ​ព្រៃ​១ ខណ្ឌ​ចំការមន។
យ៉ាង​ម៉េច​​ហើយ​​ប្រិយមិត្ត​ ឃើញ​អាហារ​៤មុខ​នេះ​រួច​ មាន​ចាប់​អារម្មណ៍​មួយ​ណា​ដែរ​អត់?
អត្ថបទ៖ យិន សំបូរ