ទឹកទន្លេមេគង្គនឹងហក់ ឡើងដល់កម្រិតប្រកាស ឲ្យមានការប្រុងប្រយ័ត្ន នៅប៉ុន្មានថ្ងៃខាងមុខ
រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក
និងឧតុនិយម នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៤នេះ បានប្រកាសឲ្យដឹងថា នៅរយៈ ពេល
៣-៤ ថ្ងៃខាងមុខទៀតនេះ ទឹកទន្លេមេគង្គនៅខេត្តស្ទឹងត្រែង ក្រចេះ
និងខេត្តកំពង់ចាម នឹងហក់ឡើងខ្លាំង ពោលអាច នឹងហក់ឡើងជិតដល់ កម្រិត
ប្រកាសឲ្យមានការប្រុងប្រយ័ត្ន។
ក្រសួងធនធានទឹក ក៏បានប្រកាសឲ្យដឹងទៀតថា
ទឹកទន្លេមេគង្គក្រោម ទន្លេសាប និង ទន្លេបាសាក់ ទឹកក៏នឹងបន្តហក់
ឡើងជាបន្តបន្ទាប់ផងដែរ។ ការបន្តហក់ឡើង នៃកំពស់ទឹកទន្លេ
នឹងធ្វើឲ្យទឹកហូរចូលព្រែក និងលិចតំបន់ទំនាបតាមដង ទន្លេមួយចំនួន
នាំឲ្យប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំ និង ដំណាំកសិកម្ម។
ក្រសួងបានបញ្ជាក់ទៀតថា ទឹកជំនន់នេះ
កើតឡើងដោយសារតែមានទឹកភ្លៀងធ្លាក់ខ្លាំងនៅអាងទន្លេមេគង្គក្នុង ប្រទេស
កម្ពុជា ឡាវ និង ថៃ ក្រោមឥទ្ធិពលព្យុះទី៩ ឈ្មោះថា រ៉ាម៉ាសាន់។
តាមរយៈសេចក្តីប្រកាសនេះ លោក លឹម គានហោ
រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវដល់អាជ្ញាធរ ដែនដី
និងប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេមេគង្គ ទន្លេសាប និង ទន្លេបាសាក់
មានវិធានការ និងបង្កើនការយកចិត្ត ទុកដាក់ ប្រុងប្រយ័ត្នខ្ពស់
ចំពោះស្ថានភាពទឹកជំនន់ខាងលើ ដើម្បីចៀសវាងនូវ គ្រោះថ្នាក់ផ្សេងៗ
ដែលអាចកើតមានឡើង ជាយថាហេតុ៕
ប្រភពពី Free Press Magazine