ប្រចណ្ឌសង្សារជា មួយម្ចាស់ផ្ទះជួលលើក គ្នាមកវាយកាប់ចាក់ របួសធ្ងន់ស្រាល ៣នាក់
សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ ស្ត្រីឈ្មោះ ជន ស្រីយ៉ា អាយុ ៣០ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ចំណុចកើតហេតុ ក្នុងភូមិសេប៉េស បានសុំខ្ចីទូរស័ព្ទពីឈ្មោះ សុត យូរ៉ា ភេទប្រុស អាយុប្រហែល ២៥ឆ្នាំ ទូរស័ព្ទទៅសង្សាររបស់នាង ឈ្មោះ ចយ សារ៉ាត់ ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរជាងបាញ់ថ្នាំ និងជាជនបង្ក នៅវេលាម៉ោង ១១និង៣០ នាទីយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៤។ នៅពេលនិយាយទូរស័ព្ទរួច ឈ្មោះ ចយ សារ៉ាត បានទូរស័ព្ទមកឈ្មោះ សុត យូរ៉ា ក៏មានទំនាស់គ្នាតាមទូរស័ព្ទ ដោយជនរងគ្រោះ ឈ្មោះ សុត យូរ៉ា ក៏បិទទូរស័ព្ទ ឈប់និយាយ។
ប្រហែលកន្លះម៉ោងក្រោយមក ស្រាប់តែឈ្មោះ ចយ សារ៉ាត់ ហៅបក្ខពួក មានគ្នាប្រហែល ១០នាក់ ជិះម៉ូតូ ៧គ្រឿង ខ្លះកាន់ដំបង ខ្លះកាន់ដាវ វាយកាប់ចាក់មកលើ ឈ្មោះ សុត យូរ៉ា និងឪពុកម្តាយមីង ដែលដេកនៅលើគ្រែ មុខបន្ទប់ផ្ទះជួល បណ្តាលឲ្យរបួសធ្ងន់ និងស្រាល ៣នាក់ ហើយពួកគេក៏នាំគ្នា រូតរះជិះម៉ូតូគេចខ្លួនបាត់ទៅ។ ជនរងគ្រោះ រួមមានទី១-ឈ្មោះ សុត យូរ៉ា របួសស្រាល ទី២-ឈ្មោះ ពេជ្រ ប៉ុល ទី៣-ឈ្មោះ ពេជ្រ ចិន្តា ភេទស្រី អាយុ ៥០ឆ្នាំ របួសធ្ងន់។ ក្រោយពេលកើតហេតុ ប៉ូលិសបានមកជួយអន្តរាគមន៍ ដោយ ឃាត់ខ្លួនស្ត្រី ឈ្មោះជន ស្រីយ៉ា ទុកដើម្បីសួរនាំ និងល្បួងឲ្យតាមរកឈ្មោះ ចយ សារ៉ាត់ ដើម្បីឃាត់ខ្លួននាំទៅផ្តន្ទាទោស៕
_______________________
ប្រភពព័ត៌មានពី៖ វត្តភ្នំ