មេធាវី CCIM ត្រៀម​ភស្តុតាង​ដាក់​ទៅ ​សាលាដំបូង​រាជធានី​ ករណី​ប្ដឹង​អភិបាល​រាជធានី​ភ្នំពេញ

6/24/2014 0 Comments A+ a-


downloadមេធាវី ​តំណាងឲ្យ​ដើម​បណ្តឹង​របស់​មជ្ឈមណ្ឌ​ល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​(CCIM) ថាលោក​ត្រៀម​ភស្តុតាង​ដាក់​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ចុង​សប្តាហ៍​ នេះ ពាក់ព័ន្ធ​នឹង​ករណី​សន្តិសុខ​ខណ្ឌដូនពេញ វាយ​អ្នកសារព័ត៌មាន VOD។​
មេធាវី​ដើមបណ្តឹង​របស់ CCIM លោក សេង សោភ័ណ្ឌ ឲ្យ​VOD​ដឹង​នៅ​ថ្ងៃ​អង្គារ​នេះ​ថា លោក​ត្រៀម​ភស្តុតាង​ដូចជា វី​ឌី​អូ រូបថត និង​ឯកសារ​មួយចំនួនទៀត ដើម្បី​ដាក់​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ចុង​សប្តាហ៍​នេះ ពាក់ព័ន្ធ​នឹង​បណ្ដឹង​របស់​CCIM​។​
កាលពី​ថ្ងៃ​ទី​១៦ ខែមិថុនា សាលាដំបូង​រាជធានី​ភ្នំពេញ បាន​កោះហៅដើមបណ្តឹង​ដែល​ជា​នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​(CCIM) ចូល​បំភ្លឺ​ករណី​ប្តឹង​អភិបាល​រាជធានី ភ្នំពេញ លោក ប៉ា សុជាតិ​វង្ស និង​អតីត​អភិបាល​លោក ​សុខ សម្បត្តិ ព្រមទាំង​អភិបាលរង​ខណ្ឌ​ដូនពេញ​លោក ​សុខ ពេញវុ​ធ ពី​បទ​ផ្តើមគំនិត​ក្នុង​អំពើ​ហិង្សា​ដោយ​ចេតនា មកលើ​អ្នកយកព័ត៌មាន​VOD​។​
សូម​រំឭកថា ក្នុង​ពាក្យបណ្តឹង​របស់​ CCIM ក្រៅតែពី​ស្នើ​ឲ្យ​ព្រះរាជអាជ្ញា បើក​ការស៊ើបអង្កេត​លើ​បទឧក្រិដ្ឋ​ពាក់ព័ន្ធ​នឹង​អាជ្ញាធរ​នេះ ក៏​ប្តឹង​ទាមទារ​សំណង​ថ្លៃ​ព្យាបាល និង​សំណង​ជំងឺ​ចិត្ត​ដល់​ជនរងគ្រោះ​សរុប​១២០ ០០០ ០០០​រៀល ស្មើ​នឹង​ប្រមាណ​ជា​៣​ម៉ឺន​ដុល្លារ​អាមេរិក បន្ទាប់ពី​លោក ឡាយ សា​មាន ព្យាបាល​ជំងឺ​នៅ​ប្រទេស​ថៃ​អស់ប្រាក់​ប្រមាណ​១​ម៉ឺន​៥​ពាន់​ដុល្លារ​រួចហើយ។ ​
លោក ឡាយ សា​មាន កាលពី​ថ្ងៃ​ទី​០២ ខែ​ឧសភា ឆ្នាំ​២០១៤ ត្រូវបាន​ក្រុម​កងសន្តិសុខ​ខណ្ឌដូនពេញ​ប្រមាណ​ជា​៦​ទៅ​១០​នាក់ វាយ​រហូត​ដល់​សន្លប់ និង​ផុង​ឆ្អឹង​ថ្ពាល់​ខាងស្តាំ ខណៈ​អ្នកយកព័ត៌មាន​VOD​រូបនេះ ទៅ​យក​ព័ត៌មាន​ស្តីពី យុទ្ធនាការ​ឃោសនាការ​បោះឆ្នោត នៅ​ជិត​ទីលាន​ប្រជាធិបតេយ្យ​។​
CCIM បាន​ដាក់​ពាក្យបណ្តឹង​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៨​ខែ​ឧសភា ដោយ​ប្តឹង​អភិបាល​រាជធានី​ភ្នំពេញ និង​អតីត​អភិបាល ព្រមទាំង​អភិបាលរង​ខណ្ឌ​ដូនពេញ​ពី​បទ​ផ្តើមគំនិត​ក្នុង​អំពើ​ហិង្សា​ដោយ​ ចេតនា ​មកលើ​អ្នកយក​ព័ត៌មាន​VOD៕
ប្រភពពី vodhotnews.com