អាជីវករ​ផ្សារ​ព្រៃវែង​ធ្វើ​បាតុកម្ម ​ទាមទារ​លក្ខខណ្ឌ​សំណង​ឆេះ​ផ្សារ

6/24/2014 0 Comments A+ a-



image (8)អាជីវករ ​ផ្សារ​ព្រៃវែង ខេត្ត​ព្រៃវែង ជិត ២០០​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ មិថុនា ធ្វើ​បាតុកម្ម​ដង្ហែ​ក្បួន​ទាមទារ​លក្ខខណ្ឌ​សំណង​ឆេះ​ទំនិញ​ក្នុង​ផ្សារ។
លក្ខខណ្ឌ​សំណង​ដែល​ក្រុម​អាជីវករ​ទាមទារ​ឲ្យ​ អ្នក​គ្រប់គ្រង​​ផ្សារ​ដោះស្រាយ​រួម​មាន​ទី​១ នៅ​ពេល​ដែល​​ភ្លើង​ឆេះ​ផ្សារ​ចាប់​ពី​ម៉ោង ៦​ល្ងាច រហូត​ដល់​ម៉ោង ៦​ព្រឹក អ្នក​គ្រប់​គ្រង​ផ្សារ​ត្រូវ​ទទួល​ខុស​ត្រូវ​ប្រាក់​សំណង​តាម​សៀវ​បន្ទុក។
ទី​២ ការ​យក​ភាស៊ី​ផ្សារ អ្នក​គ្រប់គ្រង​ត្រូវ​អនុវត្ត​តាម​សៀវភៅ​បន្ទុក មិន​អនុញ្ញាត​​ឲ្យ​យក​ភាស៊ី​​តាម​អំពើ​ចិត្ត​ឡើយ និង​ទី​៣ ក្រុម​អាជីវករ​ស្នើ​ឲ្យ​យក​តម្លៃ​សេវា​អគ្គិសនី​ក្នុង​ ផ្សារ ១.០៥០​រៀល ក្នុង​មួយ​គីឡូវ៉ាត់ ដូច​តម្លៃ​សេវា​តាម​ផ្សារ​នានា​ក្នុង​ខេត្ត។
ក្រុម​អាជីវករ​នាំ​គ្នា​ដង្ហែ​ក្បួន​តាម​ផ្លូវ​ ក្នុង​ក្រុង​ព្រៃវែង ហើយ​មាន​គម្រោង​ដង្ហែ​ទៅ​ខាង​មុខ​សាលា​ខេត្ត ដើម្បី​ទាមទារ​ឲ្យ​ជួយ​ដោះស្រាយ។ អាជ្ញាធរ​មាន​សមត្ថកិច្ច​ព្រមាន​ក្រុម​អាជីវករ​មិន​ឲ្យ​ហែ​ក្បួន​ទៅ​ សាលាខេត្ត​នោះ​ទេ ហើយ​បើសិនជា​នៅ​រឹង​ទទឹង កម្លាំង​សមត្ថកិច្ច​នឹង​មាន​វិធាន​ការ​បង្ក្រាប។ ទោះ​យ៉ាង​ណា ក្រុម​អាជីវករ​បាន​អះអាង​ថា ពួក​គេ​នឹង​នៅ​តែ​ទៅ​សាលា​ខេត្ត ហើយ​បើ​មាន​ការ​បង្ក្រាប ពួកគេ​នឹង​ទៅ​បិទ​ផ្លូវ​ជាតិ​តែម្ដង។
មក​ដល់​ម៉ោង​ជិត ១០​ព្រឹក​នេះ មិន​ទាន់​មាន​ការ​បង្ក្រាប​ណា​មួយ​ពី​សំណាក់​សមត្ថកិច្ច​​ឡើយ។
សូម​រង់ចាំ​អាន​ព័ត៌មាន​នេះ​ពិស្ដារ…
ប្រភពពី វិទ្យុអាស៊ីសេរី