ត្រូវបង់លុយ ១ពាន់បាត ប្តូរយកភាពស្របច្បាប់ ទៅធ្វើការងារនៅស្រុកថៃ រយៈពេលមួយឆ្នាំ
លោក Pakkarathorn Teanchai អភិបាលខេត្តស្រះកែវ បានថ្លែងថា បច្ចុប្បន្ននេះនៅក្នុងប្រទេសថៃ កំពុងតែរៀបចំសណ្តាប់ធ្នាប់ ក្រោយពីបានធ្វើរដ្ឋប្រហាយោធា ហើយពាក់ព័ន្ធបញ្ហា ពលករខ្មែរលួចឆ្លងដែនខុសច្បាប់ ត្រូវបានអាជ្ញាធរ ចាប់បញ្ជូនមកដល់ពេលនេះ មានត្រឹមតែ ១១ម៉ឺននាក់ សំរាប់តែពលករមកធ្វើការងារ នៅក្នុងខេត្តស្រះកែវ ។ លោកអភិបាលខេត្តស្រះកែវ បានបញ្ជាក់ថា ពលករខ្មែរឥឡូវ ត្រូវរាជរដ្ឋាភិបាល ចេញលិខិតឆ្លងដែនស្របច្បាប់ ឲ្យគ្រប់ៗរូប ដើម្បីជៀសវាងកុំឲ្យចាញ់បោកថៅកែ ចាញ់បោកក្រុមមេខ្យល់ ដែលលួចនាំតាមច្រករបៀង ជាច្រើននៅតាមតំនប់ប៉ោយប៉ែត។
លោកអភិបាលខេត្តស្រះកែវ បានបញ្ជាក់ថា រាជរដ្ឋាភិបាលថៃ នឹងមានមជ្ឈមណ្ឌលព័ត៌មានសម្រាប់ពលករខ្មែរ ដែលមានបំណងទៅធ្វើការងារ នៅប្រទេសថៃ ដោយស្របច្បាប់ មាន ចំនួន ៤ កន្លែង នៅតាមព្រំដែនកម្ពុជា-ថៃ គឺទី១ នៅខេត្ដត្រាត ទី២ នៅខេត្ដច័ន្ទបុរី ទី៣ នៅខេត្ដស្រះកែវ និងទី៤ នៅខេត្ដសុរិន្ទ។ មជ្ឈមណ្ឌលព័ត៌មាននេះ ពលករខ្មែរត្រូវបង់ប្រាក់ ៨០បាត ដើម្បីទទួលបានលិខិតអនុញ្ញាត ឲ្យធ្វើការនៅប្រទេសថៃ ដែលមានសុពលភាពរយៈ ៦០ថ្ងៃ។ ក្រោយពេលលិខិតអនុញ្ញាត អស់សុពលភាព អាជ្ញាធរថៃនឹងពិនិត្យ សុខភាពពលករខ្មែរឡើងវិញ បើឃើញថា មានសុខភាពល្អ ហើយក្រុមហ៊ុនព្រមទទួល ឲ្យធ្វើការបន្តទៀតនោះ រដ្ឋាភិបាលថៃ នឹងចេញលិខិតអនុញ្ញាត ឲ្យធ្វើការនិងស្នាក់នៅ ប្រទេសថៃរយៈពេល ១ឆ្នាំ បន្តទៀត ដោយត្រូវបង់ប្រាក់ ១ពាន់បាត។
ក្នុងកិច្ចប្រជុំនោះ លោក អ៊ុំ រាត្រី អភិបាលរង ខេត្តបន្ទាយមានជ័យ បានថ្លែងថា ចំពោះពលករខ្មែរដែលថៃ ចាប់បញ្ជូនមកវិញ មានចំនួនជា ២០ម៉ឺននាក់នោះ ត្រូវគឺរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ និងគិតគូរខ្ពស់ ដោយចាត់ឲ្យមានរថយន្ត ទៅទទួលពលករខ្មែរ ដឹកដល់ខេត្តលំនៅដ្ឋាន និងបានចេញអនុក្រឹត្យ យកតំលៃលិខិតឆ្លងដែនតែ ៤ដុល្លារ សំរាប់ថ្លៃថតរូប សំរាប់ពលករខ្មែរ ដែលមានបំណង ទៅធ្វើការស្របច្បាប់ នៅប្រទេសថៃ និងសិស្សនិស្សិត មានបំណងចង់ទៅរៀនបន្ត នៅក្រៅប្រទេសផងដែរ។ ទោះបីយ៉ាងណា ក្រសួងការងារ បានបញ្ជាក់ថា ពលករខ្មែរដែលទៅធ្វើការ នៅក្រៅប្រទេស យកតំលៃសរុបទាំងអស់ត្រឹមតែ ៤៩ដុល្លារ៕
ប្រភពពី វត្តភ្នំ