ILO៖ និយោជក គួរតែ​បន្ត​ផ្តល់​នូវ​លក្ខខណ្ឌ​ការងារ​សមរម្យ​, សហជីព គួរ​ពង្រឹង​ការយល់ដឹង និង​ទទួលខុសត្រូវ​​របស់​ខ្លួន​

6/30/2014 0 Comments A+ a-


ILOរាជធានីភ្នំពេញ៖ របាយការណ៍ ​ថ្មី​មួយ របស់អង្គការពលកម្ម​អន្តរជាតិ ហៅកាត់ថា (ILO) ដែលទើបតែ​ចេញផ្សាយ​ បាន​លើកឡើង​ថា និយោជក ជា​ថៅកែ​រោងចក្រ​កាត់ដេរ គួរតែ​បន្ត​ផ្តល់​នូវ​លក្ខខណ្ឌ​ការងារ​សមរម្យ​ ហើយសហជីព ក៏​គួរតែ​ពង្រឹង​បន្ថែមទៀត​នូវ​ការយល់ដឹង និង​ការប្តេជ្ញា​ចិត្ត ទទួលខុសត្រូវ​របស់​ខ្លួន​ផងដែរ។​
សេចក្តីថ្លែងការណ៍​របស់​អង្គការ ILO ដែល​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​៣០ ខែ​មិថុនា​នេះ លើកឡើងថា របាយការណ៍​ថ្មី របស់​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា បានបង្ហាញ​ព័ត៌មាន​ពី​លក្ខខណ្ឌ​ការងារ ដែល​ត្រូវបាន​ប្រមូល​ទិន្នន័យ​ដោយ​អ្នក​ឃ្លាំ​មើល​របស់​រោងចក្រ​កាន់តែ​ ប្រសើរ​នៅ​កម្ពុជា នៅក្នុង​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់ និង​ស្បែកជើង ចន្លោះ​ពី​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០១៣ ដល់​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១៤​។​
សេចក្តីថ្លែងការណ៍​ដដែល លើកឡើងថា រាជរដ្ឋាភិបាល​កម្ពុជា អាច​ប្រើប្រាស់​យន្តការ​ពង្រឹង​ការអនុវត្ត​ច្បាប់​ជាច្រើន ដើម្បី​អនុវត្តប្ប​ញ្ញតិ​នានា នៅក្នុង​ច្បាប់​ការងារ ជាពិសេស​ចំពោះ​រោងចក្រ ដែល​មាន​ភាព​អនុលោម​ទាប​។ រីឯ​និយោជក គួរតែ​បន្ត​ផ្តល់​នូវ​លក្ខខណ្ឌ​ការងារ​សមរម្យ​។ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា GMAC អាច​ជំរុញ​ឲ្យមាន​វប្បធម៌ នៃ​ការអនុលោម​តាមច្បាប់ ក្នុងចំណោម​សមាជិក​របស់​ខ្លួន​។​
​សេចក្តីថ្លែងការណ៍​ដដែល លើកឡើងថា សហជីព គួរ​ពង្រឹង​បន្ថែមទៀត នៃ​ការយល់ដឹង និង​ការប្តេជ្ញា​ចិត្ត ទទួលខុសត្រូវ​របស់​ខ្លួន រួមបញ្ចូល​ទាំង​ការបំពេញ​លក្ខខណ្ឌ​តម្រូវ​តាមច្បាប់​ក្នុងការ​ការធ្វើ​ កូដកម្ម​។ សហជីព អាច​ប្រើប្រាស់​ទិន្នន័យ​នៅក្នុង​របាយការណ៍​នេះ ក៏ដូចជា ព័ត៌មាន ដែល​មាន​កាលពី​ពេល​ថ្មីៗ​នេះ តាមរយៈ​ការរាយការណ៍​ពី​តម្លាភាព ដើម្បី​ជំរុញ​ឲ្យ​អ្នក​គ្រប់គ្រង និង​/​ឬ​អង្គការ​និយោជក ចូលរួម​ក្នុង​កិច្ច​ពិគ្រោះ​យោបល់ និង​ការចរចា​ជា​សមូហភាព ដើម្បី​ស្វែងរក​ដំណោះស្រាយ​ចំពោះ​បញ្ហា នៅ​កម្រិត​រោងចក្រ និង​ឧស្សាហកម្ម​។​
សេចក្តីថ្លែងការណ៍​លើកឡើងថា គម្រោង​រោងចក្រ​កាត់ដេរ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា នឹង​បន្ត​ធ្វើការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​នេះ អ្នក​បញ្ជា​ទិញ​អន្តរជាតិ និង​ស្ថាប័ន​អង្គការ​សង្គម​ស៊ីវិល ដើម្បី​ចូលរួម​ចំណែក​ធ្វើឲ្យមាន​ការផ្លាស់ប្តូរ​ជា​វិជ្ជមា​ន ក្នុង​វិស័យ​នាំចេញ​ធំជាងគេ​របស់​ប្រទេស​កម្ពុជា​៕​
ប្រភពពី Free Press Magazine