នៅ​ជាមួយ​សង្សារ​រក ស៊ី​គ្រឿងញៀន​បាន ៣​ថ្ងៃ លួច​រត់ទៅរក​ម្តាយ​វិញ ទាំងព្រលឹងចុងសក់

6/30/2014 0 Comments A+ a-


Wat-290612​ រាជធានី​ភ្នំពេញ ៖ ជា​​រឿង​​មួយ​​គួរ​​ឲ្យ​​ហួស​ចិត្ត នៅ​ពេល​ដែល​​ស្ត្រី​​ម្នាក់ រត់​តាម​​បុរស​​ជា​​ស​ង្សារ បន្ទាប់​ពី​​ឃើញ​​គ្នា​​ភ្លាម ស្រ​ឡា​ញ់​​ភ្លែត ប៉ុន្តែ​​នៅ​ពេល​​ដឹង​ថា បុរស​ដែល​​នាង​​ស្រ​ឡា​ញ់ ជា​​អ្នក​លក់​​ថ្នាំ​ញៀន នាង​​ក៏​​លួច​​រត់​​ត្រ​ឡប់​ទៅ​ផ្ទះ​​វិញ កាល​ពី​​ វេលា​ម៉ោង ០០​និង​៥០ នាទី រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៤ ទៅសុំ​ឲ្យ​ប៉ូលិស​ជួយ​អន្តរាគមន៍ នៅ​ខាងក្រោយ​ស្ថានីយ ប្រេងឥន្ធនៈ​តេ​លា ផ្លូវ​លេខ​២៧៣ ក្រុម​៣ ភូមិ​ទួលគោក សង្កាត់ ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ​។
​នារី​ដែល​ជួប​រឿង​ស៊យ​នេះ មានឈ្មោះ នី​ដា អាយុ ១៨​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល ខាងក្រោយ​ព្រលានយន្តហោះ អន្តរជាតិ​ភ្នំពេញ ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ឲ្យ​ដឹងថា រយៈពេល ៣​ថ្ងៃ កន្លងមកហើយ ដែល​នាង​បាន​លួច​រត់​ចេញពីផ្ទះ មក​តាម​សង្សារ​មានឈ្មោះ  សាត អាយុ​ជាង ២០​ឆ្នាំ ដោយ​ពួកគេ​ស្គាល់គ្នា តាមរយៈ​ម្តាយ​របស់​ឈ្មោះ សាត ជួល​ផ្ទះ​នៅ​ជិតគ្នា ប៉ុន្តែ​ឈ្មោះ សាត មិនបាន​ស្នាក់នៅ​ជាមួយ​ម្តាយ​ទេ គ្រាន់តែ​ឧស្សាហ៍ ទៅលេង​ផ្ទះ​ម្តាយ ក៏​បាក់ចិត្ត​ស្រឡាញ់គ្នា​ទៅវិញទៅមក​។​
​ក្រោយមក​បុរស​ជា​សង្សារ បាន​លួង​លោមនាង ឲ្យ​ទៅ​រស់នៅ​ជាមួយ​គេ ជួយ​លក់ដូរ​នៅ​ខាងក្រោយ ប៉ុស្តិ៍នគរបាល​ទួល​សង្កែ ទើប​នាង​បាន​លួច​រត់​ចេញពីផ្ទះ ទៅ​រស់នៅ​ជាមួយ​សង្សារ រយៈពេល ៣​ថ្ងៃ កន្លងមកហើយ​។ នៅ​ទីនោះ​បុរស​ជា​សង្សារ បាន​ឃាត់​នាង​ទុក​ក្នុងផ្ទះ មិន​ឲ្យ​នាង​ចេញ​ទៅណា​ទេ និង​បានឃើញ​សង្សារ ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន នាង​មានបំណង​រត់គេច ប៉ុន្តែ​គ្មាន​ឪ​កាស​។ ទើប​នាង​ចេះតែ​សម្ងំ រស់នៅ​រហូតដល់​ម៉ោង ៩​យប់​ថ្ងៃទី​២៨  ខែមិថុនា  ស្រាប់​តែមាន​អ្នកទិញ​ថ្នាំញៀន ចំនួន ៥​ដុល្លារ ហើយ​នាង​បាន​ឈ្លោះ ប្រកែក​ជាមួយ​សង្សារ ទើប​លួច​រត់គេច​ក្នុង​បំណង ត្រលប់​ទៅផ្ទះ​វិញ​។​
​យ៉ាងណាក៏ដោយ​បុរស​ជា​សង្សារ បាន​ដេញតាមរ​កនាង ទើប​នាង​រត់​ទៅដល់ ក្រោម​ស្ពាន​ជ្រោយចង្វា បាន​ជិះ​ម៉ូតូឌុប​មួយគ្រឿង ចូលទៅក្នុង​ស្ថានីយប្រេង​ឥន្ធនៈ តេ​លា ក៏ត្រូវ​ប្រជា​ការពារ និង​សមត្ថកិច្ច នាំ​នាង​ទៅ​សាកសួរ នៅ​ប៉ុស្តិ៍​ទួល​សង្កែ ចំណែក​ជនសង្ស័យ ដែល​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន ពេល​ឃើញ​សមត្ថកិច្ច បានគេច​ខ្លួន​បាត់អស់ ។ នារី​រងគ្រោះ​បាន​ឲ្យ​ដឹងថា យុវជន​ជា​សង្សារ បាន​គំរាមថា បើសិនជា​ហ៊ាន រត់​ចេញពីផ្ទះ គេ​ជួប​កន្លែង​ណា​សម្លាប់​ចោល​កន្លែង​នោះ ហើយ​សមត្ថកិច្ច​បាន​ទំនាក់ទំនង ឲ្យ​ក្រុមគ្រួសារ​មក​ទទួល​នាង យកទៅ​ផ្ទះ​វិញ តែ​មិនដឹងថា តទៅទៀត នឹងមាន​រឿង​អ្វី​កើតឡើង​នោះទេ​៕
ប្រភពពី វត្តភ្នំ