នាយករដ្ឋមន្ដ្រី បញ្ជាឱ្យរឹបអូស យកដី អតីតផ្ទះ ដាប ឈួន មកដាក់ជាសម្បត្ដិរដ្ឋ វិញ

6/30/2014 0 Comments A+ a-


home damchhoun
ភ្នំពេញ ៖ ទីតាំងដីអតីតផ្ទះស្ដេចត្រាញ ដាប ឈួន ដែលជាមជ្ឈមណ្ឌលជាតិយុវជន កម្ពុជា នៅក្នុងខេត្ដសៀមរាប ហើយត្រូវ បានក្រសួងអប់រំឃុបឃិតគ្នាលក់ឱ្យឈ្មួញ កាលពីឆ្នាំ២០១០ នោះ ឥឡូវត្រូវបាន ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន បញ្ជាឱ្យរឹបអូសយកមកធ្វើជាសម្បត្ដិ របស់រដ្ឋវិញហើយ ដោយរដ្ឋសម្រេចប្រគល់ ដីនៅទីតាំងផ្សេង ទៅឱ្យក្រុមហ៊ុនដែលបាន ទិញកាលពីកន្លងមក ។
ប្រភពព័ត៌មានពីមន្ដ្រីជាន់ខ្ពស់ នៅខេត្ដ សៀមរាបមួយរូប បានបង្ហើបឱ្យដឹងថា ការ សម្រេចរបស់នាយករដ្ឋមន្ដ្រីខាងលើនេះ គឺ បានធ្វើឡើងកាលពីយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៤កន្លងទៅនេះ ដោយបានបញ្ជាឱ្យ លោកឧបនាយករដ្ឋមន្ដ្រី ទៀ បាញ់ ចុះទៅ ត្រួតពិនិត្យមើលលើករណីនេះ ដើម្បីរឹប អូសយកដីអតីតផ្ទះ ដាប ឈួន ខាងលើនេះ មកដាក់ជាសម្បត្ដិរដ្ឋវិញ ។
សូមបញ្ជាក់ថា ទីតាំងដីអតីតផ្ទះស្ដេច ត្រាញ ដាប ឈួន ដែលមានទំហំ១៥.៣៣៤ ម៉ែត្រការ៉េ នៅជាប់នឹងដងផ្លូវ ទៅប្រាសាទ អង្គរវត្ដ ដែលគេចាត់ទុកថា ជាតំបន់ដីថ្លៃ បំផុតនៅខេត្ដសៀមរាប ត្រូវបានរដ្ឋមន្ដ្រី ក្រសួងអប់រំសម័យលោក អ៊ឹម សិទ្ធី ធ្វើការ ដោះដូរ ទៅឱ្យក្រុមហ៊ុនឯកជនមួយឈ្មោះ J & R អ៊ិន ផតខនត្រាក់សិន ជាថ្នូរមកវិញ ក្រុមហ៊ុនបានឱ្យដី និងធ្វើការសាងសង់ អគារ ឱ្យមកក្រសួងអប់រំវិញ ដែលមានទីតាំងស្ថិតនៅក្នុងបុរីរដ្ឋបាល សាលាខេត្ដ សៀមរាប ដែលមានចម្ងាយប្រមាណ ២០ គីឡូ ម៉ែត្រ ពីទីរួមខេត្ដស្ថិតក្នុងស្រុកប្រាសាទ បាគង ខេត្ដសៀមរាប។ ការដោះដូរនេះត្រូវ បានគេដឹងថា គឺ ធ្វើឡើងតាមសេចក្ដីសម្រេច ប្រកាសរបស់ក្រសួងអប់រំយុវជន និងកីឡា លេខ ១៣៦៥ អយក.ប្រក ចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១០ ចុះហត្ថលេខាដោយ លោក អ៊ឹម សិទ្ធី ជារដ្ឋមន្ដ្រី ។
ការសម្រេចប្ដូរទីតាំងដីអតីតផ្ទះ ដាប ឈួន ទៅឱ្យក្រុមហ៊ុនឯកជនដែលកាលណោះ គេចាត់ទុកថា ក្រសួងអប់រំយកឆ្នាំងមាស  ទៅដូរយកឆ្នាំងដីកំបែកកំពុក បានធ្វើឱ្យមាន ការរំជើបរំជួលពេញខេត្ដ សៀមរាប រហូត ដល់មានអ្នកដើរបោះត្រាក់ប្រឆាំង ដោយ សារតែមានមន្ដ្រី និងមជ្ឈដ្ឋានជាច្រើនធ្វើ ការជំទាស់ដោយទី១ មតិភាគច្រើនគេចាត់ ទុកថា ទីតាំងអតីតផ្ទះ ដាប ឈួន នេះគឺ ពាក់ព័ន្ធទៅនឹង ប្រវត្ដិសាស្ដ្រកម្ពុជា ដែល រដ្ឋាភិបាលត្រូវតែធ្វើការថែរក្សា និងអភិរក្ស ដើម្បីទុកឱ្យកូនខ្មែរជំនាន់ក្រោយ បានស្គាល់ បានដឹង និងទី២ គេមិនពេញចិត្ដទៅនឹង គម្រោងការផ្លាស់ប្ដូរ ដែលតាមប្រភពព័ត៌មានគេ បានបង្ហើបឱ្យដឹងថា ការដោះដូរខាង លើនេះ រដ្ឋទទួលបានថវិកាប្រមាណតែពី ៥០ម៉ឺនទៅជាង ៧០ ម៉ឺនដុល្លារតែប៉ុណ្ណោះ ខណៈដែលកាលណោះដីអតីតផ្ទះដាប ឈួន ខាងលើនេះ មានតម្លៃខ្ទង់ ១០ លានដុល្លារ ហើយបើគិតមកដល់បច្ចុប្បន្ននេះត្រូវបាន គេវាយតម្លៃថា បើគិតតាមហាងឆេងដីនៅ តំបន់ ខាងលើ គឺមានតម្លៃមិនក្រោមពីជាង ៣០លានដុល្លារនោះឡើយ ។ ដូច្នេះហើយ ទើបគេចាត់ទុកថា ការ ដោះដូរដែលស្ទើនឹង ស្មើឱ្យគេទទេនេះ គឺជាការឃុបឃិតគ្នាពុក រលួយ លេបត្របាក់ទ្រព្យសម្បត្ដិរដ្ឋជា ប្រព័ន្ធ ដែលប្រព្រឹត្ដឡើងដោយមន្ដ្រីខិលខូចមួយចំនួន ។
ឥឡូវនៅពេលដែលគេដឹងថា ប្រមុខ រាជរដ្ឋាភិបាលសម្រេចរឹបអូសយកដីអតីតផ្ទះ ដាប ឈួនខាងលើ នេះ មកធ្វើជាទ្រព្យ សម្បត្ដិរបស់រដ្ឋវិញ មជ្ឈដ្ឋានទូទៅ ជាពិសេស អ្នកខេត្ដសៀមរាប បានសម្ដែងនូវ ការអបអរ គាំទ្រនូវចំណាត់ការខាងលើនេះ ហើយក៏ មានអ្នកខ្លះចង់ឱ្យមានធ្វើការស្រាវជ្រាវវែក រកមុខ មន្ដ្រីពុករលួយដែលឃុបឃិតគ្នាលក់ ទ្រព្យសម្បត្ដិរដ្ឋខាងលើនេះ ដើម្បីធ្វើការ ផ្ដន្ទាទោសតាមច្បាប់ទុក ជាគំរូ និងជាការ ព្រមានសម្រាប់មន្ដ្រីខិលខូច ផ្សេងៗទៀត ផងដែរ ៕
________________
ផ្តល់សិទ្ទិដោយ៖dap-news.com