ប្រធានសហព័ន្ធ សហជីពមិត្តភាព កម្មករ បដិសេធ មិនបានដឹកនាំឲ្យ កម្មករប្រើហិង្សា លើរោងចក្រ Cambo Handsome ទេ

5/24/2014 0 Comments A+ a-

ភ្នំពេញ ៖ ប្រធានសហព័ន្ធ សហជីព មិត្តកម្មករ លោក សៀន សម្បត្តិ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៤នេះ បានបដិសេធ ចំពោះទង្វើ របស់កម្មករមួយក្រុម ដែលមានគ្នា ប្រមាណ៣០០នាក់ បានអុកឡុក ដោយហិង្សា ទៅលើរោងចក្រ Cambo Handsome ស្ថិតនៅបុរីសែន មនោរម្យ តាម បណ្តាលផ្លូវជាតិលេខ ៤ បណ្តាលឲ្យខូចខាត ទ្វាររោងចក្រ ថាមិនមែនជាសកម្មភាព របស់ក្រុមខ្លួនទេ គឺជាទង្វើរបស់ជនខិតខូច មួយចំនួនចង់ទម្លាក់ កំហុសមកលើ ក្រុមខ្លួនប៉ុណ្ណោះ។
ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌ មានដើមអម្ពិល តាមទូរស័ព្ទនៅថ្ងៃទី២៤ ខែឧសភា នេះ លោក សៀន សម្បិត្ត បានអះអាង រយៈពេល៣ថ្ងៃមកហើយ ដែលលោកបានដឹកនាំ កម្មករនៃរោងចក្រ Cambo Handsome ធ្វើបាតុកម្មទាមទារ លក្ខណៈការងារ ពីថៅកែរោងចក្រ ស្របតាមច្បាប់ការងារ មិនបានញុះញុងឲ្យ កើតហិង្សា និងបិទផ្លូវជាតិនោះទេ។
លោកបន្ថែមថា បន្ទាប់ពីដឹកនាំធ្វើ បាតុកម្មនៅរយៈពេលពីរថ្ងៃមកហើយនោះ ដល់ព្រឹកថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០១៤នេះ ស្រាប់តែមានក្រុមកម្មករមួយ ក្រុមមានគ្នាប្រមាណ ៣០០នាក់ បានដឹកនាំក្រុមរបស់ខ្លួន បំណងបិទផ្លូវជាតិលេខ ៤ តែត្រូវលោក សៀន សម្បត្តិ បដិសេធមិនឲ្យបិទផ្លូវទេ ព្រោះខុសច្បាប់ការងារ ប៉ុន្តែពួកគេមិនស្តាប់ ហើយពួកគេ ក៏ឈានដល់ប្រើហិង្សា បំផ្លាញទ្វាររោងចក្រខូចខាតមួយចំនួន។
លោក សៀន សម្បតិ្ត បានអះអាងថា «ខ្ញុំសូមបដិសេធចំពោះទង្វើ របស់ក្រុមកម្មករប្រមាណ ៣០០នាក់ ថាមិនមែនជាក្រុមរបស់ខ្ញុំទេ ព្រោះការធ្វើបាតុកម្មរបស់ខ្ញុំគោរព ច្បាប់មិនបិទផ្លូវ ដែលធ្វើប៉ះពាល់ប្រពលរដ្ឋ និងមិនឲ្យមានហិង្សា។ សកម្មភាពរបស់ពួកគេ អាចជាចេតនារបស់ថៅកែរោងចក្រ ឬជនខិតខូចមួយចំនួន ធ្វើឲ្យផ្ទុះហិង្សាលើរោងចក្រ ដើម្បីទម្លាក់កំហុសលើក្រុមរបស់ខ្ញុំ»។
ចំណែកលោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ បានឲ្យដឹងថា ក្រុមកម្មករធ្វើបាតុកម្ម ទាំងនោះ ក៏បានមកពឹងពាក់រូបលោកដែរ ប៉ុន្តែលោកមិនព្រមទេ ពីព្រោះពួកកម្មករ នោះពិបាកនិយាយគ្នា។
គួរបញ្ជាក់ថា កម្មកររបស់រោងចក្រ Cambo Handsome ប្រមាណ៣០០០នាក់ បានផ្ទុះបាតុកម្ម តវ៉ារយៈ ពេលជាង១០ថ្ងៃហើយ បំណងរបស់ពួកគាត់ទី១-ចង់ឲ្យរោងចក្រផ្តល់ប្រាក់ អតីតភាពការងារ ៥ភាគរយ និងសុំឲ្យដកថ្នាក់ដឹកនាំ សហជីពរបស់លោក ជួន ម៉ុងថុល ចេញផងដែរ ៕