ឃាត់ខ្លួនមន្រ្តី សហជីពរបស់ លោក អាត់ ធន់ ចំនួន ៨ នាក់ ពាក់ព័ន្ធទៅនឹង​ ការញុះញង់ និងបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិ រោងចក្រ

5/24/2014 0 Comments A+ a-

តាកែវ ៖ មន្រ្តីសហព័ន្ធ សហជីព ប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា «ស៊ីខាវឌូ» របស់លោក អាត់ ធន ចំនួន ៨នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច របស់នគរបាលស្រុកបាទី ឃាត់ខ្លួន កាលពីព្រលប់ថ្ងៃ សុក្រ ទី២៣ ខែឧសភា ឆ្នាំ២០១៤ នៅចំណុចភូមិស្តុកត្រីយ៍ ឃុំត្រពាំងសាប ស្រុកបាទី បន្ទាប់ពីត្រូវបាន ចោទប្រកាន់ពីបទញុះញង់ និងបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិរោងចក្រ កាត់ដេរសម្លៀកបំពាក់ JSD ។
យោងតាមប្រភព ពីមន្រ្តីនគរបាលស្រុកបាទី បានប្រាប់ឲ្យដឹងថា ការចាប់ខ្លួនមន្រ្តីសហជីពទាំង៨នាក់នេះ គឺមានការចុះបញ្ជាផ្ទាល់ ដោយលោកព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តតាកែវ ទិន សុចិត្រា ដោយបុគ្គ លិក សហជីពរបស់លោក អាត់ ធន់ ទាំង ៨ នាក់នេះ ត្រូវបានចោទប្រកាន់ ពីបទ ញុះញង់ ឲ្យក្រុមកម្មករ រោងចក្រកាត់ដេរសម្លៀកបំពាក់ JSD នៅស្រុកបាទីធ្វើកូដកម្មអស់រយៈពេលជាង ១០ថ្ងៃកន្លងមក ហើយ ព្រមទាំងបានញុះញង់ ឲ្យក្រុមកម្មករបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិរោងចក្រថែមទៀតផង ។
បើតាមមន្រ្តី នគរបាលរូបនេះ បានបញ្ជាក់ទៀតថា បន្ទាប់ពីឃាត់ខ្លួនភ្លាម ក្រុមមន្រ្តីសហជីពទាំង ៨នាក់ ត្រូវបានបញ្ជូន មកកាន់ស្នងការដ្ឋាន នគបាលខេត្តតាកែវ ឃុំខ្លួនមួយយប់ លុះព្រឹកថ្ងៃសៅរ៍ ទី២៤នេះ ទើបបញ្ជូនជនជាប់ចោទទាំង ៨នាក់ ទៅកាន់តុលាការ ដើម្បីសួរនាំទៅតាមនីតិវិធីច្បាប់ ។
ពាក់ព័ន្ធទៅនឹងការចាប់ខ្លួននេះ គេសង្កេតឃើញ មន្រ្តីសហជីពរបស់ ស៊ីខាវឌូ រួមទាំងលោក អាត់ ធន់ ព្រម ទាំងក្រុមអង្គការសិទ្ធិមនុស្សមួយចំនួនទៀត បាននាំគ្នាមកចោមរោម នៅមុខស្នងការដ្ឋាននគរបាលខេត្ត និងមុខសាលាដំបូង ខេត្តតាកែវ ដើម្បីតាមដាន និងអង្កេតពីបញ្ហានេះ ។
លោក អាត់ ធន់ ប្រធានសហព័ន្ធ សហជីពប្រជាធិបតេយ្យ កម្មករកាត់ដេកម្ពុជា បានថ្លែងឲ្យដឹងថា បុគ្គ លិករបស់លោកចំនួន ៨ នាក់ ដែលមកពីរោងចក្រចំនួន ៤ នៅក្នុងខេត្តកណ្ដាលត្រូវបានសមត្ថកិច្ច នគរ បាលស្រុកបាទី ធ្វើការឃាត់ខ្លួន កាលពីយប់ថ្ងៃសុក្រ ទី២៣ ខែឧសភា ឆ្នាំ២០១៤ នៅចំណុចមុខប៉ុស្ត៍ នគរបាល ក្រាំងស្លែង បន្ទាប់ពីបុគ្គលិករបស់លោក ត្រូវបានទទួលការពឹងពាក់ ពីក្រុមកម្មករ រោងចក្រ កាត់ដេរសម្លៀកបំពាក់ JSD នៅស្រុកបាទី ដែលនាំគ្នាធ្វើកូដកម្ម ទាមទារលក្ខខណ្ឌការងារមួយចំនួន ពី ថៅកែរោងចក្រអស់រយៈពេលជាង ១០ ថ្ងៃកន្លងមកហើយ ដោយការឃាត់ខ្លួននេះ លោកមិនបានដឹងថា បុគ្គលិករបស់លោកត្រូវចោទប្រកាន់ ពីបទ អ្វីនោះទេ ។
លោក អាត់ ធន់ បានបន្តថា បន្ទាប់ពីការធ្វើការឃាត់ខ្លួន និងឃុំខ្លួនមួយយប់នៅស្នងការដ្ឋាន នគរបាល ខេត្តតាកែវរូបលោក និងមន្រ្តីអង្គការសិទ្ធិមនុស្សមួយចំនួន មិនត្រូវបានសមត្ថកិច្ចខេត្តតាកែវ អនុញ្ញាតឲ្យ ចូលសួរសុខទុក្ខក្រុមបុគ្គលិកទាំង៨នាក់ ដែលត្រូវឃុំខ្លួននោះទេ ។
តាមព័ត៌មានចុងក្រោយ បានឲ្យដឹងថា ក្រុមកម្មករ មានគម្រោងធ្វើបាតុកម្មបិទផ្លូវជាតិលេខ ២ ដើម្បីទាម ទារឲ្យដោះលែ ងមន្ត្រីសហជីពទាំង៨នាក់នោះ និងលក្ខខណ្ឌការងារមួយចំនួនទៀត ៕