រថយន្តយីឌុប បុករថយន្តក្រុង ដឹកអ្នកដំណើរ ពីក្រោយ គៀបអ្នក បើកបរស្លាប់

5/24/2014 0 Comments A+ a-

កំពង់ឆ្នាំង ៖ បុរសអ្នកបើកបរ រថយន្តឌីឌុបម្នាក់ បានស្លាប់ភ្លាមៗ កៀបជាប់ក្នុងកាប៊ីន ខណៈបើក រថយន្តយីឌុប របស់ខ្លួន ទៅបុខពីក្រោយ រថយន្តក្រុងពេញទំហឹង ហេតុការណ៍នេះ បណ្តាលឲ្យស្រ្តីម្នាក់ ផ្សេងទៀត រងរបួសស្រាលផងដែរ ។
ហេតុការណ៍ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង១១ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៤ នៅតាម បណ្តោយផ្លូវជាតិលេខ៥ ស្ថិនៅចំណុចស្ពាន បំពង់ទឹក ក្នុងភូមិត្រពាំងក្រពើរ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
នាយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាន នគរបាល ខេត្តកំពង់ឆ្នាំង លោក អៀ ប៊ុនធឿន បានអោយដឹងថា នៅមុនពេលកើតហេតុ រថយន្តក្រុងដឹកអ្នកដំណើររបស់ក្រុមហ៊ុន រិទ្ធិមុន្នី ពាក់ស្លាកលេខ បាត់ដំបង ៣A-១១៥៨ បានធ្វើដំណើរ ពីត្បូងទៅជើង ក្នុងល្បឿនយឺត រួចអែបនៅខាងស្តាំ ។ ស្រាប់តែមកដល់ ចំណុចកើតហេតុ ក៏មានរថយន្តយីឌុបមួយគ្រឿង ដែលកំពុងធ្វើដំណើរ ស្របទិសគ្នា បើកក្នុងល្បឿនយ៉ាង លឿង បានទៅបុករថយន្តក្រុង ពីក្រោយពេញមួយទំហឹង បណ្តាលឲ្យរថយន្តយីឌុប បុកគៀបជាប់ជាមួយរថយន្តក្រុងតែម្តង បុរសអ្នកបើកបររថយន្ត យីឌុប ឈ្មោះ ផេង ប៊ុណ្ណា អាយុ៤៥ឆ្នាំ រស់នៅបឹងកេងកង ខណ្ឌចំការមន រាជធានីភ្នំពេញ គៀបជាប់និងចង្កូត រថយន្តស្លាប់ភ្លាមៗ នៅកន្លែង កើតហេតុ ។ ដោយឡែកអ្នកធ្វើដំណើរ តាមរថយន្តក្រុង ម្នាក់ ឈ្មោះ អឿន ភេទស្រី អាយុ២៤ឆ្នាំ រស់នៅ ខេត្តព្រៃវែង បានរងរបួសស្រាល ហើយត្រូវបានដឹកទៅសង្រ្គោះ នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលឲ្យមានការកកស្ទះចរាចរណ៍ ជិត១ម៉ោង ទើបបាន ធូរស្រាល ដោយសារថយន្តទាំងបង្ករទាំងពីគាបជាប់គ្នា ក្រោយសមត្ថកិច្ច នគរបាលចរាចរណ៍បានដោះស្រាយ និងជួយសម្រួល។
រថយន្តទាំងពីរគ្រឿង ខាងលើនេះត្រូវបានកម្លាំង សមត្ថកិច្ចនគរបាល ចរាចរណ៍ខេត្ត អូសចេញពីកន្លែងកើតហេតុ ដាក់នៅចិញ្ចឹមផ្លូវ ដើម្បីបញ្ជៀស ការកកស្ទះចរាចរណ៍ និងរងចាំការដោះស្រាយតាមនីតិវិធីច្បាប់ ៕