កូនមន្ដ្រីសាលា សង្កាត់ ជ្រោយចង្វារ ឆក់ ត្រីយកមកធ្វើម្ហូប ភ្លាត់ស្នៀត ឆក់ខ្លួនឯង ស្លាប់

5/23/2014 0 Comments A+ a-


fish die
ភ្នំពេញ ៖ កូនប្រុសរបស់ មន្ដ្រីសាលា សង្កាត់ជ្រោយចង្វារ ខណ្ឌឫស្សីកែវ ត្រូវបាន ចរន្ដភ្លើងឆក់ស្លាប់ ខណៈដែលជនរងគ្រោះ និងមិត្ដភក្ដិរបស់ខ្លួន កំពុងឆក់ត្រីដើម្បីយក មកធ្វើម្ហូបនិងក្លែម ។ បើទោះបីជនរងគ្រោះ ត្រូវបានមិត្ដភក្ដិនិងសាច់ញាតិរបស់ខ្លួន ជួយ ដឹកបញ្ជូនមកកាន់ មន្ទីរពេទ្យកាល់ម៉ែត ក៏ដោយនោះ ប៉ុន្ដែជាអកុសល ជនរងគ្រោះ បានស្លាប់បាត់ទៅហើយ ។
មន្ដ្រីនគរបាលមូលដ្ឋាន បាននិយាយថា ហេតុការណ៍ឆក់ស្លាប់ខាងលើនេះ បានបង្កឱ្យ មានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០ និង៥០នាទីព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០១៤ ស្ថិតនៅទីតាំងបូមដីចាក់បឹងមួយ កន្លែង ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌឫស្សីកែវ ។
មន្ដ្រីនគរបាលមូលដ្ឋាន បានបន្ដទៀតថា ជនរងគ្រោះ ដែលបាត់បង់ជីវិតដោយសារចរន្ដ ភ្លើងឆក់ ពេលកំពុងឆក់ត្រីខាងលើនេះ មាន ឈ្មោះប្រាក់ ចាន់ធឿន អាយុជាង២០ឆ្នាំ ត្រូវបានគេដឹងថា ជាកូនប្រុសរបស់មន្ដ្រី សាលាសង្កាត់ជ្រោយចង្វារ ។
បើតាមសមត្ថកិច្ច មុនពេលកើតហេតុ ជនរងគ្រោះ និងមិត្ដភក្ដិរបស់ខ្លួន៤-៥នាក់ ផ្សេងទៀត បាននាំគ្នា ទៅឆក់ត្រី ដើម្បីយក មកធ្វើម្ហូបនិងក្លែមស្រា ពេលនោះពួកគេ បានរៀបចំដងឆក់ ដែលតភ្ជាប់ពីអាគុយ ។ ខណៈដែលជនរងគ្រោះទាំងអស់ កំពុងតែ កាន់ដងឆក់ឆក់ត្រី នៅក្នុងទីតាំងខាងលើ នោះ ស្រាប់តែភ្លាត់ ស្នៀត  ក៏ត្រូវឆក់ខ្លួនឯង ស្លាប់ បើទោះបីត្រូវបានបញ្ជូនទៅកាន់មន្ទីរ ពេទ្យ ក៏វាហួសពេលទៅហើយគឺ ជនរងគ្រោះ បានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ។
បច្ចុប្បន្នសពជនរងគ្រោះ ក្រោយពីដឹក ចេញពីមន្ទីរពេទ្យកាល់ម៉ែត ឆ្ពោះទៅផ្ទះ របស់ខ្លួន ដើម្បីឱ្យក្រុម គ្រួសារ យកទៅធ្វើ បុណ្យតាមប្រពៃណី ដោយក្ដីអាលោះអាល័យ ជាទីបំផុត ។
ជាមួយគ្នានេះ ទាំងអាជ្ញាធរ និងសមត្ថ កិច្ចមូលដ្ឋាន សូមអំពាវនាវដល់ប្រជាពលរដ្ឋ ទាំងអស់ មិនត្រូវ មានការធ្វេសប្រហែស ហើយធ្វើសកម្មភាពឆក់ត្រី ដែលជាទង្វើខុស ច្បាប់នោះឡើយ ចុងក្រោយអាច ប៉ះពាល់ ដល់អាយុជីវិត ដូចករណីខាងលើនេះ ៕
_______________
ផ្តល់សិទ្ទិដោយ៖dap-news.cm