ប្រធានាធិបតី​ចិន​ សន្យា​គាំទ្រ​កម្ពុជា​ លើ​ផ្នែក​សន្តិសុខ​ជាតិ ​និង​ស្ថិរភាព

5/19/2014 0 Comments A+ a-


Cambodia_China_Meeting_Help_CEN_19_05_14ភ្នំពេញ:  ​ប្រធានាធិបតី​ចិន​ បាន​ថ្លែងប្រាប់​សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុនសែន​ នៅក្នុង​ជំនួប​នៅ​ទីក្រុង​សៀង​ហៃ ​កាលពី​ថ្ងៃទី​១៨​ ខែឧសភា​ថា ​ប្រទេស​ចិន ​នឹង​គាំទ្រ​ដល់​កម្ពុជា​នៅក្នុង​ផ្នែក​ការពារ​សន្តិសុខ ​និង​ស្ថិរភាព​។​
​កាសែត China Daily របស់​ចិន​ រាយការណ៍​ថា​ ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ពីង​ ក៏​សន្យា​ផងដែរ​ ដើម្បី​ជួយ​ដល់​កម្ពុជា ​លើ​ផ្នែក​សង្គម ​និង​សេដ្ឋកិច្ច​។ ប្រធានាធិបតី​នៃ​ប្រទេស​ ដែលមាន​ប្រជាជន​ច្រើនជាងគេ​បំផុត ​នៅលើ​ពិភពលោក​ ក៏​ជំរុញអោយមាន​លើ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ​ផ្នែក​កសិកម្ម​ និង​ទេសចរណ៍​ ព្រមទាំង​ផ្នែក​វា​រី​អគ្គីសនី ធ្យូងថ្ម និង​តំបន់​សេដ្ឋកិច្ច​ពិសេស នៅ​កម្ពុជា ​ជាដើម​។​
​ចំណែក​សម្តេច​ហ៊ុនសែន​វិញ​ ត្រូវបាន​កាសែត China Daily របស់​ចិន​ ដកស្រង់​សម្តី​ ដែល​និយាយថា​ កម្ពុ​ជាមាន​ឆ​ន្ទះ​នឹង​ពង្រឹង​ភាពជា​ដៃគូ​ជាមួយ​ប្រទេស​ចិន​។​ សម្តេច​ ក៏បាន​ប្តេជ្ញា ​ដើម្បី​សម្រួល​ដល់​គម្រោង​ទ្វេភាគី​ ជាមួយ​ចិន ​ទាក់ទង​នឹង​សេដ្ឋកិច្ច​និង​ជីវភាព​ប្រជាជន​ប្រទេស​ទាំងពីរ ​ព្រមទាំង​សហប្រតិបត្តិការ​សន្តិសុខ​ និង​ការអនុវត្តន៍​ច្បាប់​។​
​សម្តេច​ក៏បាន​អះអាង​ជាថ្មី​អំពី​ការដើរ​តួនាទី​ ប្រកបដោយ​ស្ថាបនា​របស់​កម្ពុជា ​ចំពោះ​ទំនាក់​ទំនង​រវាង​អាស៊ាន ​និង​ចិន​។​
​សម្តេច​ហ៊ុនសែន​ បាន​ចាក​ចេញពី​កម្ពុជា ​កាលពី​ថ្ងៃទី​១៨ ​ខែឧសភា​ ដើម្បី​បំពេញ​ទស្សន​កិច្ច​​នៅ​ប្រទេស​ចិន​ និង​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​មួយ​នៅ​សៀង​ហៃ​។​
​សម្តេច ​គ្រោង​វិលត្រឡប់​មកវិញ ​នៅ​ថ្ងៃទី​២៥ ​ខែឧសភា​៕
ប្រភពពី CEN