អាប់ភិស៊ីត នឹងដើរចេញ ពីឆាកនយោបាយ បើរដ្ឋាភិបាល យល់ព្រមធ្វើតាម លក្ខខណ្ឌរបស់ខ្លូន

5/02/2014 0 Comments A+ a-


បាងកក៖ ប្រធានបក្សប្រឆាំងថៃ លោក អាប់ភិស៊ីត ស្នើ៣ចំណុច ទៅកាន់រដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហា ប្រទេសជាតិ ជាថ្នូរនឹងការដើរចេញ ពីឆាកនយោបាយ។
យោងតាមគេហទំព័រ Thai News នៅថ្ងៃសុក្រ ទី២ ខែឧសភា ឆ្នាំ២0១៤ នេះចុះផ្សាយឲ្យដឹងថា លោក អាប់ស៊ីត វេចាជីវ៉ា ប្រធានបក្សប្រជាធិបតេយ្យ (បក្សប្រឆាំងថៃ) បានដាក់សំណើ៣ចំណុច នៅកាន់រដ្ឋាភិបាល លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ក្នុងចេតនា ស្វែងរកដំណោះស្រាយ ប្រទេសជាតិ និង វិបត្តិនយោបាយ ដែលជាប់គាំង អូសបន្លាយ នាពេលបច្ចុប្បន្ន បើរដ្ឋាភិបាលយល់ព្រម លោក អាប់ ភិស៊ីត នឹងដើរចេញពីឆាកនយោបាយ។
លក្ខខណ្ឌ ៣ ចំណុចរួមមាន៖
១ គ្មានការបង្ហូរឈាមរវាង ប្រជាជន គាំទ្រ និង ប្រឆាំង រដ្ឋាភិបាល កើតឡើងនៅក្នុងប្រទេសថៃ ជាដាច់ខាត។
២ គ្មានការលុបបំបាត់របបប្រជាធិបតេយ្យ ឬ ការមិនគោរពច្បាប់ ដែលជាកត្តាសំខាន់ បង្កឲ្យមានការបែងចែក បក្ខពួក ឈានទៅរកការផ្ទុះហិង្សា តាមគ្រប់រូបភាព។
៣ ជៀសវាងទាញយក ស្ថាប័ននានា មកពាក់ព័ន្ធ និង រឿងនយោបាយ ជាពិសេស ស្ថាប័នព្រះមហាក្សត្រ ដែល ប្រជារាស្រ្តទូទាំងប្រទេស គោរពសក្ការៈ។
លោក អាប់ភិស៊ីត បានអះអាងថា បើសិនរដ្ឋាភិបាល យល់ព្រមតាមសំណើខាងលើ បក្សប្រឆាំង នឹងពហិកា ចូល រួមការបោះឆ្នោត នៅអាណត្តិថ្មីនេះ និង មិនទទូលតំណែង នយោបាយទាំងអស់ ដើម្បីបញ្ជាក់ពីភាពស្មោះត្រង់ ក្នុងការស្វែងរកដំណោះស្រាយ ប្រទេសជាតិ ជាមួយរដ្ឋាភិបាល ៕
_________________
ផ្តល់សិទ្ទិដោយ៖dap-news.com