ក្រុមហ៊ុនទាំង ១០ ដែល​គ្រប់គ្រង​ដណ្ដប់ បច្ចេកវិទ្យា​ពិភពលោក

5/31/2014 0 Comments A+ a-

បច្ចុប្បន្នក្រុមហ៊ុនបច្ចេកវិទ្យា ជាច្រើនបានរីកលូតលាស់យ៉ាងខ្លាំង ជាពិសេសគឺការពង្រីក ឥទ្ធិពលទៅតាម បណ្ដាញអ៊ីនធើណែត ដែលធ្វើឲ្យផ្នត់គំនិត បែបប្រពៃណីមួយ ចំនួនត្រូវបានបាត់បង់។ ម្ចាស់ក្រុមហ៊ុនអនឡាញ ភាគច្រើនបានក្លាយជាមហាសេដ្ឋី ដោយសារតែបណ្ដាញអ៊ីនធើណែត រួមជាមួយនឹងបច្ចេកវិទ្យា អាចនិយាយបានថា នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនទាំងនោះអាច គ្រប់គ្រងពិភពលោក បានជាមួយនឹងបច្ចេកវិទ្យា។
តើលោកអ្នកដឹងទេថា ក្រុមហ៊ុនណាខ្លះដែល គ្រប់ដណ្ដើបបច្ចេកវិទ្យា ពិភពលោក?
១០. The Huffington Post៖ ជាគេហទំព័រដែលផ្ដល់ជូននូវព័ត៌មានដែលទាក់ទងនឹងនយោបាយ បានលឿន និងឆាប់រហ័សជាងគេបំផុត។ វាត្រូវបានគេកំណត់លេខរៀងទី១ ជាគេហទំព័រដែលផ្ដល់ព័ត៌មានលឿន ច្បាស់ ទាន់ហេតុការណ៍ពាក់ព័ន្ធនឹងផ្នែកនយោបាយ ដែលមានអ្នកតាមដាន និងគាំទ្ររហូតដល់ជាង ៣៧៥លាននាក់។
០៩. Tumblr ជាប្លក់មួយដែលក្លាយមកពី tumbleblogs៖ បច្ចុប្បន្ន វាបានក្លាយជាប្លក់មួយដែលមានការពេញនិយមបំផុតនៅលើពិភពលោក ដោយវាមានលក្ខណៈស្រដៀងនឹងបណ្ដាញទំនាក់ទំនងសង្គម។ អ្នកប្រើប្រាស់ tumblr អាចធ្វើការបង្កើតនូប្លក់ផ្ទាល់ខ្លួន ដោយអាចបង្កើតជាមាតិកាផ្សេងៗ រួមជាមួយនឹងការបង្ហោះរូបភាព។ ក្រោយការគ្រប់គ្រងរបស់ Yahoo វាត្រូវបានមនុស្សរាប់រយលាននាក់ប្រើប្រាស់។
០៨. Amazon៖ Amazon.com ជាគេហទំព័រលក់ទំនិញអនឡាញមួយដែលធំជាងគេបំផុតនៅក្នុងពិភពលោក ត្រូវបានបង្កើតឡើងតាំងពីឆាំ ១៩៩៤ ដោយលោក Jeff Bezos។ ដំបូងឡើយ គេហទំព័រមួយនេះ មានលក់តែសៀវភៅប៉ុណ្ណោះ ដោយមានសៀវភៅរាប់លានក្បាល់ត្រូវបានដាក់លក់ ប៉ុន្តែក្រោយមកវាក៏កើតមានជម្លោះមួយចំនួនពាក់ព័ន្ធនឹងការបោះពុម្ព រួមនឹងច្បាប់កម្មសិទ្ធិបញ្ញា ទើបចាប់ផ្ដើមដាក់ទំនិញគ្រប់មុខទៅវិញ ហើយឥឡូវនេះ លោក Jeff Bezos បានក្លាយទៅជាមហាសេដ្ឋីពិភពលោកមួយរូប ដែលរកលុយបានមកពីភាគរយនៃការលក់ទំនិញតាមអនឡាញ។
០៧. eBay៖ ជាក្រុមហ៊ុនលក់ទំនិញតាមរយៈអនឡាញមួយដែលមានប្រជាប្រិយភាពបំផុតនៅក្នុងពិភពលោក ដែលបានបង្កើតឡើងតាំងពីឆ្នាំ ១៩៩៥ ដោយលោក Pierre Omidyar។ ប្រភពប្រាក់ចំណូលច្រើនបំផុតរបស់ គេហទំព័រមួយនេះត្រូវបានគេដឹងថា បានមកពីការដាក់លក់ដេញថ្លៃទំនិញ ដោយក្នុងនោះ ទំនិញដែលជារបស់កម្រង ឬរបស់មានតម្លៃ ត្រូវបានគេដាក់លក់សម្រាប់ដេញថ្លៃនៅលើគេហទំព័រមួយនេះ។ បច្ចុប្បន្ន eBay មានបុគ្គលិកជាង ១៥.០០០នាក់ ហើយប្រាក់ចំណូលប្រចាំឆ្នាំមានចំនួន ៨ពាន់លានដុល្លារអាមេរិក។
០៦. Twitter៖ ជាបណ្ដាញសង្គមមួយដែលមានការពេញនិយមប្រើសម្រាប់ពួកះអឺរ៉ុប ដែលមានអ្នកប្រើប្រចាំថ្ងៃ ៣៤០លាននាក់។ ព័ត៌មានជាច្រើនដែលបានបង្ហោះនៅលើបណ្ដាញទំនាក់ទំនងសង្គមមួយនេះត្រូវបានយកជាផ្លូវការ ព្រោះថា វាជាបណ្ដាញមួយដែលពុំមានគណនីក្លែងក្លាយ។
០៥. Facebook ៖ ជាបណ្ដាញទំនាក់ទំនងសង្គមយក្ស ដែលមានអ្នកប្រើជាង ១ពាន់លាននាក់ ត្រូវបានបង្កើតឡើងដោយលោក Mark Zuckerberg កាលពីឆ្នាំ ២០០៤។ Facebook ត្រូវបានគេចាត់ទុកថាជាបណ្ដាញទំនាក់ទំនងសង្គមមួយដែលមានការរីកលូតលាស់ខ្លាំង និងឆាប់រហ័ស ទាំងអ្នកប្រើប្រាស់ និងប្រាក់ចំណូល។
០៤. Yahoo ត្រូវបានបង្កើតឡើងដោយលោក Jerry Yang និង David Filo កាលពីឆ្នាំ ១៩៩៥ ត្រូវបានរីកធំ និងក្លាយជាគូប្រជែងធំមួយរបស់ Google សម្រាប់អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិក។ មិនត្រឹមតែជាក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មតាមរយៈអនឡាញប៉ុណ្ណោះទេ Yahoo ត្រូវបានគេចាត់ទុកថា ជាក្រុមហ៊ុនផ្នែក Search engine ហ្គេម និងជាក្រុមហ៊ុនព័ត៌មានផ្នែកហិរញ្ញវត្ថុដ៏ធំមួយផងដែរ។ បន្ទាប់ពីជ្រើសតាំងអ្នកស្រី Marissa Mayer ជានាយកប្រតិបត្តិមក ក្រុមហ៊ុនមួយនេះហាក់ដូចជាស្ទុះឡើងវិញមួយកម្រិត បន្ទាប់ពីបាត់បង់ប្រជាប្រិយភាពអស់មួយរយៈ។
០៣. Google៖ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ១៩៩៨ ដោយលោក Larry Page និង Sergey Brin ជាក្រុមហ៊ុនឯកជន។ បច្ចុប្បន្ន Google ជាក្រុមហ៊ុនដែលមានអ្នកចូលទស្សនាច្រើនជាងគេបំផុត ជាពិសេសនាពេលបច្ចុប្បន្ន បច្ចេកវិទ្យារបស់ក្រុមហ៊ុន Google ហាក់ដូចជាបានគ្រប់ដណ្ដប់ពិភពលោកទាំងមូល មិនថា ការស្វែងរកព័ត៌មាន ផែនទី បច្ចេកវិទ្យាស្មាតហ្វូន កុំព្យូទ័រ ហើយកាលពីថ្មីៗនេះ Google បានបង្កើត និងសាកល្បងនូវបច្ចេកវិទ្យាបើកបរថយន្តដោយស្វ័យប្រវត្តិ ហើយការសាកល្បងនេះទទួលបានជោគជ័យថែមទៀតផង។
០២. Apple ៖ ពេលដែលឮឈ្មោះ Apple គេតែងតាំងនឹកដល់ លោក Steve Jobs ដែលជាកំពូលមនុស្ស ប៉ុន្តែគួរឲ្យស្ដាយ លោកបានលាចាកលោកទៅហើយ។ ក្រុមហ៊ុន Apple ត្រូវបានគេទទួលស្គាល់ថា ជាក្រុមហ៊ុនដែលមានវ័យចំណាស់ក្នុងការផលិតម៉ាស៊ីន Macs ហើយអ្វីដែលធ្វើឲ្យពិភពលោករំជើបរំជួលនោះគឺ iPhone ដែលជាស្មាតហ្វូនល្អបំផុតសម្រាប់អ្នកប្រើប្រាស់នាពេលបច្ចុប្បន្ន។ ក្រៅពី iPhone ក្រុមហ៊ុនមួយនេះនៅមាន iPad, iPod ដែលសុទ្ធសឹងតែជាឧបករណ៍កម្សាន្តដ៏ពេញនិយម។
០១. Microsoft៖ ជាក្រុមហ៊ុន Software មួយ បានធ្វើឲ្យលោក Bill Gates សហស្ថាបនិក ក្លាយជាមហាសេដ្ឋីលេខ១លំដាប់ពិភពលោក ដែលមានទ្រព្យច្រើនជាងគេបំផុតរហូតដល់ទៅជាង ៧៦ពាន់លានដុល្លារអាមេរិក (ទិន្នន័យកាលពីប៉ុន្មានខែមុខ ចេញផ្សាយដោយទស្សនាវដ្ដីដ៏ល្បីរបស់អាមេរិក Forbes)។
គួរបញ្ជាក់ផងដែរថា ដំបូងឡើយ Microsoft ជាក្រុមហ៊ុន PC មួយ ប៉ុន្តែក្រុមហ៊ុននេះផ្ដោតសំខាន់តែលើផ្នែក Software ប៉ុណ្ណោះ ដោយក្នុងនោះ Microsoft Office និង Windows ជាប្រភពចំណូលដ៏ច្រើនបំផុត៕