នាយឧត្ដមសេនីយ៍ ជា តារា កំពុងផ្សព្វផ្សាយ បទបញ្ជា នាយករដ្ឋមន្រ្តីស្តីទី ទៅកាន់សមរភូមិទិសទី៤
នាយឧត្ដមសេនីយ៍ ជា តារា បានមានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលនៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៤ថា លោកបាននឹងកំពុងធ្វើការផ្សព្វផ្សាយ ទៅដល់កងទ័ពនៅប្រចាំតំបន់ ប្រាសាទ ព្រះវិហារ ប្រាសាទតាមាន់ តាក្របី ជាំស្រងាំ និងអូរស្មាច់។
លោកបន្តថា លោកក៏បានធ្វើការអំពាវនាវ ឲ្យកងកម្លាំងទាំងអស់ ត្រូវតែរក្សាទំនាក់ទំនង និងសន្តិភាព ជាមួយប្រទេសថៃ ។
នាយឧត្ដមសេនីយ៍ ជា តារា បានបន្ថែមថា នាពេលកន្លងមក កងទ័ពតាមព្រំដែនបានទទួល បទបញ្ជាពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានរក្សាភាពស្ងប់ស្ងាត និងបង្កើនទំនាក់ទំនង ល្អជាប្រទេស ថៃមិនដែលមានបញ្ហាអ្វីឡើយ។
សូមបញ្ជាក់ថា កាលពីរាត្រីថ្ងៃទី២២ ខែឧសភា នាយករដ្ឋមន្រ្តីស្តីទី បានចេញបទ បញ្ជា៣ចំណុច ដើម្បីបន្តលើកកម្ពស់ក្នុងការរក្សាសន្តិភាព សណ្តាប់ធ្នាប់ កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍តាម បណ្តោយព្រំដែនកម្ពុជា-ថៃ ។ ៣ចំណុចនោះរួមមាន ទី១-អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ និងអគ្គស្នងការនករបាលជាតិ ត្រូវណែនាំដល់កងកម្លាំងដែលឈរជើងការពារតាមបណ្តោយព្រំដែនកម្ពុជា ត្រូវបន្តលើកកម្ពស់កិច្ចសហការនិងទំនាក់ទំនងឲ្យបានល្អជាមួយភាគីថៃ និងមិនត្រូវធ្វើការចល័ត កម្លាំងឡើយ , ទី២-អភិបាលខេត្ត និងជាប្រធានគណៈបញ្ជការ ឯកភាពខេត្ត ត្រូវបន្តទំនាក់ទំនង សហការជាមួយថៃ ដើម្បីរក្សាសន្តិភាព និងទី៣-ត្រូវបន្តតាមដានវិវត្តសភាពការណ៍ នៅថៃពិសេស សភាពការណ៍តាមព្រំដែនរវាងប្រទេសទាំងពីរ៕
______________
ផ្តល់សិទ្ទិដោយ៖dap-news.com
