ប្រជា​ពលរដ្ឋ​សំណូម​ពរ​ឱ្យ ​អគ្គិ​សនី​កម្ពុជា​រៀប​ចំ​ខ្សែ​ភ្លើង​ នៅ​បង្គោល​ភ្លើង​ដែល​បង្ក​គ្រោះ​ថ្នាក់​ញឹក​ញាប់​

5/02/2014 0 Comments A+ a-

រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋដែលរស់នៅ សង្កាត់ច្រាំងចំរេះ ខណ្ឌប្ញស្សីកែវ បានធ្វើការរិះគន់យ៉ាងខ្លាំង ចំពោះអ្នកទទួលខុស ត្រូវអគ្គិសនីកម្ពុជា ដែលមិនយកចិត្តទុកដាក់ ក្នុងការរៀបចំខ្សែបណ្តាញ និងបង្គោលភ្លើង ដោយបណ្តោយឱ្យ ក្រុមហ៊ុនឯកជននានា យកខ្សែមកពាក់លើបង្គោលភ្លើង ដោយគ្មានសណ្តាប់ធ្នាប់ ឬរញ៉េរញ៉ៃ បង្កការភ័យខ្លាច ដល់ប្រជាពលរដ្ឋ ខណៈកើតមានហេតុការណ៍ ទុស្សេខ្សែភ្លើងញឹកញាប់។
ជាក់ស្តែងបង្គោលខ្សែភ្លើង នៅមុខរោងចក្រមួយកន្លែង របស់ក្រុមហ៊ុន ដឹហ្វែរមេនូហ្វ៊េកឈ័ររីង ខមភេនី ស្ថិតនៅផ្លូវលេខ៥៩៨ សង្កាត់ច្រាំងចំរេះ ខណ្ឌប្ញស្សីកែវ ដែលបង្គោលភ្លើងមួយនេះ ធ្លាប់ទុស្សេញឹកញាប់ ដោយសារតែ ក្រុមហ៊ុនឯកជនជាច្រើន បានយកខ្សែកាបរបស់ខ្លួន មកពាក់លើបង្គោលនេះ យ៉ាងអាណាធិបតេយ្យបំផុត។
លោកសោម សាម៉ុន ប្រធានរដ្ឋបាលក្រុមហ៊ុន ដឹហ្វែរមេនូហ្វ៊េកឈ័ររីង ខមភេនី បានឱ្យដឹងថា បង្គោលខ្សែភ្លើង នៅចំពីមុខរោងចក្ររបស់លោក គឺមានភាពរញ៉េរញ៉ៃពិតមែន ព្រោះតែខ្សែបណ្តាញជាច្រើន ត្រូវបានគេយកមកពាក់ លើបង្គោលមួយនេះ តាមអំពើចិត្ត និងគ្មានការត្រួតពិនិត្យ រៀបចំ ឱ្យមានសណ្តាប់ធ្នាប់នោះទេ។
យ៉ាងណាក៏ដោយប្រជាពលរដ្ឋ សំណូមពរឱ្យក្រុមហ៊ុន អគ្គិសនីកម្ពុជា កែសម្រួលទម្លាប់អាក្រក់នេះឡើងវិញ ដោយធ្វើយ៉ាងណា រៀបចំខ្សែតាមបង្គោលភ្លើងនីមួយៗ ឱ្យមានសណ្តាប់ ធ្នាប់ និងបញ្ចៀសគ្រោះថ្នាក់ផ្សេងៗ ដែលបង្កដោយទុស្សេខ្សែភ្លើង៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព