ជម្លោះម៉ែក្មេកនិងកូនប្រសាស្រី, វាយគ្នាផ្អើលក្រុងស្វាយរៀង
សមត្ថកិច្ចបានឲ្យដឹងថា មូលហេតុដែលនាំ ឲ្យមានអំពើហិង្សា រវាងកូនប្រសាស្រី និងម្តាយក្មេកនេះ គឺកូនប្រុសជនរងគ្រោះ ឈ្មោះ កែវ ដារ៉ា អាយុ៣៥ឆ្នាំ មានមុខរបរបើក កន្លែងលេងល្បែងបុកប៊ីយ៉ា “ស្នូកឃ័រ” ហើយក៏មានបុរសម្នាក់ មកលេងបុកប៊ីយ៉ា ភ្នាល់ដាក់ប្រាក់ រហូតចាញ់អស់ពីខ្លួន ក៏យកម៉ូតូម៉ាក ហុងដា ១គ្រឿង មកបញ្ចាំ ម្ចាស់តាបប៊ីយ៉ានោះ ក្នុងត្លៃ ៤០០ ដុល្លារ។ លុះបាន១ថ្ងៃ ក្រោយមក ស្រាប់តែមាន បុរសម្នាក់ មកអះអាងថា ជាម្ចាស់ម៉ូតូរបស់ខ្លួន គេខ្ចីជិះរួចយកមកបញ្ចាំ ក៏ទារលោះម៉ូតូយកវិញ។
ប្រភពដដែល បានបន្តថា អ្នកអះអាងថា ជាម្ចាស់ម៉ូតូ បានឲ្យប្រាក់ ២០០ ដុល្លារ សិនចាំថ្ងៃក្រោយ ទើបឲ្យបន្ថែម ២០០ ដុល្លារ ទៀត តែឈ្មោះ កែវ ដារ៉ា ម្ចាស់តាបប៊ីយ៉ា មិនព្រម។ ម្ចាស់ម៉ូតូ ក៏ទៅប្តឹងនគបាល ក្រុងស្វាយរៀង ឲ្យជួយដោះស្រាយ។
បន្ទាប់មក លោកអធិការនគបាល ក្រុងស្វាយរៀង ក៏បានកោះហៅ ឈ្មោះ កែវ ដារ៉ា ដែលជាប្តីរបស់ឈ្មោះ អ៊ុក ចាន់ណា ទៅសាកសួរ ពេលនោះ ស្ត្រីរងគ្រោះឈ្មោះ គឹម សោភ័ណ្ឌ អាយុ៦២ឆ្នាំ ត្រូវជាម្តាយបង្កើត របស់ឈ្មោះ កែវ ដារ៉ា និងជាម្តាយក្មេកឈ្មោះ អ៊ុក ចាន់ណា បានទៅនិយាយ រឿងរ៉ាវ ប្រាប់ប្តីថា កូនទទួលម៉ូតូគេ យកមកបញ្ចាំ ៤០០ ដុល្លារ ស្រាប់តែមានគេចេញមុខមកប្រាប់ថា ជាម្ចាស់ម៉ូតូ ហើយមកលោះ យកម៉ូតូវិញ ឲ្យប្រាក់តែ ២០០ ដុល្លារ សិន ឥឡូវកូនប្រសា ព្រមយក រីឯប្តីវាមិនព្រម យក ខ្លាចតែចាញ់បោកគេទេ ឥឡូវ ប៉ូលិសហៅកូនយើង ទៅសាកសួរ មានរឿងមិនខាន។
ស្រាប់តែកូនប្រសាស្រី កំណាច ស្រែកគំហកឲ្យម្តាយក្មេកថា៖ កុំចេះដឹង រឿងគ្រួសារគេទេ ម្តាយក្មេកខឹង ក៏ទាញបានប៉ាន់តែ នៅខាងមុខប្តី យកគប់កូនប្រសាស្រី តែកូន ប្រសាស្រីគេចផុត។ ម្តាយក្មេក ក៏ដើរចូលក្នុងផ្ទះវិញ។ ដឹងអី ស្ត្រីជាកូនប្រសាទាញបានគ្រាប់ប៊ីយ៉ា ១គ្រាប់ ដើរតាមពីក្រោយ ក៏គប់ចំក្បាល បែកហូរឈាម ស្រោចពេញខ្លួន ហើយដោយផ្ទុះកំហឹង កូនប្រសាស្រី ស្ទុះចូលទៅវាយ ប្រតាយប្រតប់ខ្ញៅដៃ បោចសក់ ដាច់សុសកំភួនដៃ ត្រូវប្រជាពលរដ្ឋជិតខាង និងប្តីចាប់ចេញ និងប្តឹងនគរបាល ក្រុងស្វាយរៀង ឲ្យជួយអន្តរាគមន៍។ បន្ទាប់ពីនគរបាល ចុះធ្វើអន្តរាគមន៍រួចមក ស្ត្រីជាម្តាយក្មេក ដេកពេទ្យ រីឯកូនប្រសាស្រី ចូលប៉ុស្តិ៍ប៉ូលិស ដើម្បីធ្វើការសាកសួរ។
មជ្ឈដ្ឋាន ដែលឃើញហេតុការណ៍នេះ បានបញ្ចេញមតិថា ពិតជាសាហាវមែន កូនប្រសាស្រី ហ៊ានវាយតប់ ជាមួយម្តាយក្មេក។ ករណីនេះ គេធ្លាប់តែឃើញ ក្នុងរឿងកុនតែប៉ុណ្ណោះ ឥឡូវ ឃើញរឿងពិតហើយ នៅក្រុងស្វាយរៀង៕V/s