GMAC ចោទប្រកាន់សហជីព មួយថាដឹកនាំធ្វើកូដកម្មខុសច្បាប់
ទីស្នាក់ការ សមាគមរោងចក្រកាត់ដេរកម្ពុជា ()
សេចក្ដីថ្លែងការណ៍ ឲ្យដឹងថា ដោយសារការបរាជ័យរបស់សហជីពមួយចំនួន ក្នុងការបំផុសបំផុល ឲ្យកម្មករ-កម្មការិនី ឲ្យចូលរួមធ្វើកូដកម្មបន្ទាប់ពីថ្ងៃឈប់សម្រាកថ្ងៃបុណ្យចូលឆ្នាំ ថ្មីនៅតាមបណ្ដារោងចក្រនៅរាជធានីភ្នំពេញ ទើបនាំឲ្យសហជីពមួយចំនួន បានដូរទិសដៅទៅដឹកនាំការធ្វើកូដកម្មនៅ តំបន់សេដ្ឋកិច្ចក្រុងបាវិតវិញ។
សេចក្ដីថ្លែងការណ៍បន្តថា ក្នុងនោះសហជីពចលនាកម្មករ ដែលដឹកនាំដោយលោក ប៉ាវ ស៊ីណា ក៏បានចូលរួមយ៉ាងសកម្មក្នុងការបំផុសបំផុលឲ្យមានការធ្វើកូដកម្មនេះ ដែរ។ GMAC ចាត់ទុកថា នេះគឺជាទង្វើខុសច្បាប់ ហើយការធ្វើកូដកម្មក៏ខុសច្បាប់ ដែលបណ្ដាលឲ្យមានការខាតបង់ និងធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការរីកចម្រើនរបស់វិស័យកាត់ដេរ សម្លៀកបំពាក់ និងស្បែកជើង ដែលជាប្រភពចំណូលដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ និងជាប្រភពការងារដល់ប្រជាពលរដ្ឋប្រមាណ៦សែននាក់។
GMAC បន្ថែមថា ការធ្វើកូដកម្មនេះកំពុងវិវត្តទៅរកអំពើហិង្សាដោយសារកូដករ បានគប់ដុំថ្មលើរោងចក្រ គំរាមកំហែងកម្មករផ្សេងទៀតមិនឲ្យចូលធ្វើការ និងវាយបំផ្លាញទ្រព្យសម្បត្តិរោងចក្រផង។ GMAC ស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ច និងក្រសួងការងារ ត្រូវចាត់វិធានការឲ្យបានតឹងរ៉ឹងលើបញ្ហានេះ ហើយស្មើឲ្យកម្មករ-កម្មការិនីទាំងអស់កុំចូលរួមក្នុងការធ្វើកូដកម្ម នេះ ព្រោះធ្វើឲ្យខាតបង់ផលប្រយោជន៍របស់ខ្លួន។
ប្រធានសហជីពចលនាកម្មករលោក ប៉ាវ ស៊ីណា បដិសេធនឹងការចោទប្រកាន់របស់ GMAC ដោយលើកឡើងថា លោកមិនមែនជាអ្នកដឹកនាំឲ្យមានការធ្វើកូដកម្មនៅតំបន់សេដ្ឋកិច្ច ពិសេសក្រុងបាវិត នោះទេ។ លោកបន្តថា ការធ្វើកូដកម្មនេះបាន កើតឡើងតាំងពីថ្ងៃសុក្រសប្ដាហ៍មុន ហើយរូបលោកក្នុងនាមជាប្រធានសហជីពចលនាកម្មករ គ្រាន់តែបានចុះទៅសាកសួរព័ត៌មានពាក់ព័ន្ធ នឹងការធ្វើកូដកម្មនេះ។
លោក ប៉ាវ ស៊ីណា ឲ្យដឹងទៀតថា ការបង្កឲ្យមានការធ្វើកូដកម្មនេះ ដោយសារមានការបញ្ឈប់ មេសហជីព៣រូប កាលពីថ្ងៃទី២៤ ខែមីនាកន្លងទៅនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិត ខណៈរោងចក្រ ANJ នៅតំបន់តាយសេង បានសន្យាថានឹងផ្តល់ប្រាក់បន្ថែមដល់កម្មករ-កម្មការិនី ៥០ដុល្លារក្នុង១ឆ្នាំ តែមិនបានផ្តល់ឲ្យ។
គួរបញ្ជាក់ថា សហជីពមួយចំនួនបានអំពាវនាវឲ្យកម្មកររោងចក្រកាត់ដេរ ប្រកាន់ជំហរធ្វើកូដកម្មដោយប្រើប្រាស់សិទ្ធិឈប់សម្រាកប្រចាំឆ្នាំ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែមេសានេះ ដើម្បីទាមទារឲ្យមានការដំទ្បើងប្រាក់ខែគោលសមរម្យជូនកម្មករ និងលើកលែងបទចោទប្រកាន់សកម្មជនសិទ្ធិមនុស្សលោក វន់ ពៅ និងមនុស្ស២២នាក់ផ្សេងទៀត៕
សូមសរសេរមកលោក ប្រែង សត្យាភិរក្ស តាមរយៈ Phireak1988.kth@gmail.com
