ឯកអគ្គរាជទូត​កម្ពុ​ជា ប្រចាំ​កូរ៉េខាងត្បូង សរសេរ​លិខិត​បំភ្លឺ ការពារ​ខ្លួន តប​នឹង​លិខិត​របស់​លោក ហោ ណាំហុង​

4/25/2014 0 Comments A+ a-

ភ្នំពេញ: លោក ស៊ុត ឌី​ណា ឯកអគ្គរាជទូត​កម្ពុ​ជា ដែល​ទើប​តែងតាំង ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង បាន​បញ្ចេញ​ប្រតិកម្ម និង​បញ្ជាក់​ថា លោក​បាន​សរសេរ​លិខិត​បំភ្លឺ កាលពី​ថ្ងៃ​ទី​២៣​មេសា ដើម្បី​តប​នឹង​លិខិត​របស់​លោក ហោ ណាំហុង​។ លោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស បាន​សរសេរ​លិខិត​ព្រមាន និង​ណែនាំ​ដល់​លោក ស៊ុត ឌី​ណា អំពី​ការគ្រប់គ្រង​ត្រា របស់​ស្ថានទូត​កម្ពុជា និង​មិន​ឲ្យ​ក្រុម​គ្រួសាររប​ស់​លោក ស៊ុត ឌី​ណា ជ្រៀតជ្រែក​ការងារ​ទូត​នោះទេ​។​

​ក៏​ប៉ុន្តែ​តាមរយៈ​ទំព័រ​ហ្វេ​ សប៊ុក លោក ស៊ុត ឌី​ណា ( Dina Suth ) ឯកអគ្គរាជទូត​កម្ពុ​ជា ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង បាន Likes a Link រួមទាំង Shared រាល់​អត្ថបទ​ព័ត៌មាន​តាម​អន​ឡាញ ដោយ​ភ្ជាប់​នឹង​លិខិត​របស់​លោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស ដែល​បាន​សរសេរ​ទៅកាន់​រូបលោក កាលពី​ថ្ងៃ​ទី​២១ ខែ​មេសា ឆ្នាំ​២០១៤​។​

​ជាមួយគ្នា​នោះ លោក ស៊ុត ឌី​ណា បាន​សរសេរ​ក្នុង​ហ្វេ​សប៊ុក កាលពី​ថ្ងៃ​ទី​២៣​មេសា​ថា "​ខ្មុំ​កំពុង​ធ្វើ​លិខិត​បំភ្លឺ​"​។​

​ បន្ថែម​លើ​ពាក្យ​មួយ​ឃ្លា​ដ៏​ខ្លី​នេះ លោក ស៊ុត ឌី​ណា ក៏​បាន​សរសេរ​បន្ថែម​ថា "​ដោយ​យោង​លើ​ការអត្ថាធិប្បាយ​លើ​លិខិត​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នេះ ខ្មុំ ស៊ុត ឌី​ណា ( បញ្ញាវន្ត ) ជា​ឯកអគ្គរាជទូត តែងតាំង​ថ្មី និង​ដែល​កំពុង​រង់ចាំ​ការជូន​សារតាំង លោកជំទាវ ប្រធានាធិបតី នាពេលខាងមុខ មាន​កិត្តិយស សូម​ធ្វើ​ការការពារ​នូវ​ឧត្តមគតិ និង​មនសិការ​ស្នេហា​យុត្តិធម៌ ស្នេហា​ជាតិ ស្រឡាញ់​សេចក្តីថ្លៃថ្នូរ និង​ជា​ពិសេស​ស្នេហា​ពលករ និង​ជនជាតិ​ទូទៅ អោយបាន​ជ្រាបថា​៖ ១) មក​ទល់​ថ្ងៃនេះ ខ្មុំបាទ មិនទាន់​បាន​កោះប្រជុំ​ការងារ ផ្ទៃក្នុង​ទូត និង​ពិនិត្យ​និង​ប្រមូល​ត្រា គ្រប់​ប្រភេទ មក​គ្រប់គ្រង​នៅឡើយ​ទេ ( ព្រោះ​យល់ថា ចាំ​ជូន​សារតាំង​ផ្លូវការ​សិន )​។ ២) ខ្មុំ​បាន​ចូល​បំរើការ​ជា​មន្ត្រី​ក្របខណ្ឌ័​ការបរទេស ជាន់ខ្ពស់ តាំង​ឆ្នាំ​២០០០ បន្ទាប់​ពី​ការសិក្សា​ពី​សាលា​ភូមិន្ទ​រដ្ឋបាល ទាំង​មធ្យម និង​ឧត្តម​ផ្នែក​ការទូត​។ មកទល់នឹង​ការទទួល​បាន​ការតែងតាំង​ជា​ទីប្រឹក្សា​ផ្ទាល់​សម្តេច​តេជោ ហ៊ុន សែន ( ឋានះ រដ្ឋលេខាធិការ ) និង​ជា​អនុរដ្ឋលេខាធិការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ពេញ​មួយ​អណត្តិ​ទី​៤ កុំថាឡើយ​សាច់ញាតិ បងប្អូន សូម្បី​តែ​ប្រពន្ឋ កូន ក៏​ខ្មុំ​មិន​ដែលយ​កអោយ ទៅ​ស្គាល់​កន្លែង និង​ការិយាល័យ​ធ្វើការ​ផង​។ ( នេះ​ជា​ចរិក ជា​មេដឹកនាំ​របស់ខ្មុំ​ពី​កំណើត​។​ល​៕)​។ ៣) ក្នុងឋានះ ជា​ឯកអគ្គរាជទូត​ម្នាក់ ខ្មុំ​ស្នើសុំ​អ្នកបើកបរ​ឯកជន សន្តិសុខ​ផ្ទាល់ ជំនួយការ​ផ្ទាល់​ខ្លួន ដែល​ធ្លាប់​បំរើ​តាំង​ពី​ខ្មុំ​នៅ​ជា​ទីប្រឹក្សា​ផ្ទាល់​សម្តេច​តេជោ មិន​បាន​ផង​។ តើ​ខ្មុំ​មាន​មនុស្ស​ណា មក​ប្រព្រឹត្តិ​របៀបនេះ​? ៤) មកដល់​ទឹកដី​នៃ​សាធារណរដ្ឋ​កូរ៉េ​ភ្លាម គឺ​ដំបូង​បំផុត​របស់​ខ្មុំ​នោះ គឺ​គោរព​ម្ចាស់​ទឹក​ដី មុន​ចាប់ផ្តើម​ការងារ​ជាតិ​។ បន្ទាប់​ពី​នេះ​ភ្លាម គឺ​ការចាប់ផ្តើម​ចុះ​ទៅ​ជួប​ពលករ និស្សិត ព្រះសង្ឃ និង​នារី​ខ្មែរ​រៀបការ​ជាមួយ​ជនជាតិ​កូរ៉េ ដោយ​ពាំនាំ​នូវ​បណ្តាំ​ដ៏​កាត់ថ្លៃ​មិន​បានរ​បស់​ព្រះមហាក្សត្រ សម្តេច​ប្រធាន សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ពី​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង អោយ​បំរើ​ពលរដ្ឋ ដោយ​អំពើ​ល្អ និង​ដើម្បី​ស្វែងយល់​ពី​ទុក្ខលំបាក និង​ការឈឺចាប់​នានា ពិសេស​បញ្ហា​ឈឺចាប់​ជាមួយ​មន្ត្រី​ទូត​នានា​កន្លង​មក​"​។​

​លោក ស៊ុត ឌី​ណា បានបញ្ជាក់​បន្តថា "​ជា​ការឆ្លើយតប​ភ្លាមៗ គឺ​ខ្មុំ​បាន​ប្រកាស​ជា​សាធារណៈ សុំ​អោយ​បញ្ឃប់​ការបង់ប្រាក់ ឬ​ផ្តល់​កម្រៃ ដល់​ការស្នើសុំ​បញ្ជាក់​លើ​ឯកសារ លិខិត​ផ្សេងៗ និង​សុំ​ពន្យារ​លិខិតឆ្លងដែន​។​ល​។ និង​។​ល​។ ចំណាត់ការ​នេះ វា​អាច​ធ្វើអោយ​ប៉ះពាល់​ដល់​មន្ត្រី​មួយចំនួន​"​។​

​លោក ស៊ុត ឌី​ណា បាន​សរសេរ​បញ្ជាក់ថា "​សំណួរ សួរ​ខ្លួនឯង​ថា តើ​ខ្មុំ​ត្រូវ​បំរើ​ប្រជ​ជន ឬ​ការពារ​អំពើ​មិន​ល្អ​របស់​មន្ត្រី​ទូ​តម្នាក់ ឬ​ពីរ​នាក់​??? សំណូមពរ សូម​អោយ​ថ្នាក់ដឹកនាំ ផ្តល់​យុត្តិធម៌​ដល់​ភាព​ស្អាតស្អំ និង​អត្ត​ចរិក​ថ្លៃថ្នូរ​របស់ខ្មុំ​ឡើងវិញ​"​។​

​ការបញ្ជាក់​ការពារ​ ខ្លួន​ខាងលើ​របស់លោក ស៊ុត ឌី​ណា ត្រូវបាន​ធ្វើឡើង​ភ្លាមៗ បន្ទាប់ពី​លោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស បាន​សរសេរ​លិខិត​មួយច្បាប់ ចុះ​ថ្ងៃ​ទី​២១ ខែ​មេសា ឆ្នាំ​២០១៤ ជូន​លោក ស៊ុត ឌី​ណា ឯកអគ្គរាជទូត​កម្ពុ​ជា ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង​។​

​ក្នុង​លិខិត ដែល​គេ​ផ្សព្វផ្សាយ នៅ​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០១៤ លោក ហោ ណាំហុង បាន​ណែនាំ និង​ព្រមាន​លោក ស៊ុត ឌី​ណា អំពី​ការគ្រប់គ្រង​ត្រា របស់​ស្ថានទូត និង​ហាម មិន​ឲ្យ​សាច់​ញាត្តិ ចូលលុក​លាន់​ការងារ​របស់​ស្ថានទូត​ឡើយ​។​

​ ក្នុង​លិខិតផ្លូវការ​នោះ លោក​ប្រមុខ​ការទូត ហោ ណាំហុង បានបញ្ជាក់​ថា "​ខ្ញុំ​សូម​ណែនាំ ឯកឧត្តម ដូចតទៅ​៖ ១-​ហាម​ដាច់ខាត មិន​ឲ្យ​បងប្អូន ឬ​នរណា​ផ្សេង ដែល​មិនមែន​ជា​មន្ត្រីការទូត​ជ្រៀតជ្រែក ក្នុង​ការងារ​របស់​ស្ថានទូត​ឡើយ​។ ២-​រាល់​អវត្តមាន​របស់​ឯកឧត្តម ពី​ស្ថានទូត ចាំបាច់​ត្រូវ​សុំ​ការអនុញ្ញាត​ពី​ក្រសួង​ជាមុនសិន និង​ត្រូវ​ប្រគល់​ត្រា​ឲ្យទៅ​ភារៈធារី​ស្តីទី​គ្រប់គ្រង​។ ៣-​ហាម​ដាច់ខាត មិន​ឲ្យ​បងប្អូន ឬ​នរណា​ផ្សេង ដែល​មិនមែន​ជា​មន្ត្រីការទូត គ្រប់គ្រង​ត្រា​របស់​ស្ថានទូត​ឡើយ​"​។​

​លោក ហោ ណាំហុង បាន​គូសបញ្ជាក់​ក្នុង​លិខិត នៅ​ចុងបញ្ចប់​ថា "​សូម​ឯកឧត្តម អនុវត្ត​ការណែនាំ​នេះ ឲ្យបាន​ម៉ឺងម៉ាត់​បំផុត​"​។​

​ សូម​រម្លឹកថា លោក ស៊ុត ឌី​ណា ដែល​ជា​អតីត​អនុរដ្ឋលេខាធិការ នៃ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ត្រូវបាន​ព្រះមហាក្សត្រ ត្រាស់បង្គាប់​តែងតាំង​ជា​ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​កូរ៉េ កាលពី​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៣​។​

​លោក ស៊ុត ឌី​ណា ហៅ ម៉ៅ មឿង​យ៉ាត ជា​អតីត​ប្រធាន​រណសិរ្ស​ប្រជាធិបតេយ្យ​និស្សិត​បញ្ញវ័ន្ត​ខ្មែរ ដែល​បាន​ធ្លាប់​បាន​រិះគន់​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល និង​ថ្ងៃ​៧​មករា​ដ៏​ខ្លាំងក្លា​។ លោក ធ្លាប់​ប្រឡូក​នយោបាយ ជាមួយ​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ក្នុង​ការបោះឆ្នោត​ជាតិ ឆ្នាំ​២០០៨​។​

​ប៉ុន្តែ​ក្រោយ​ការបោះឆ្នោត​ឆ្នាំ​២០០៨ លោក ស៊ុត ឌី​ណា បាន​ចូលរួម​នយោបាយ ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​អំឡុង​ខែ​កក្កដា ឆ្នាំ​២០០៩​។ ភ្លាមៗ​នោះ លោក ស៊ុត ឌី​ណា ត្រូវបាន​តែងតាំង​ជា​អនុរដ្ឋលេខាធិការ​ក្រសួងការបរទេស និង​ជា​ទីប្រឹក្សា​ផ្ទាល់​របស់​សម្តេច​ហ៊ុន​សែន​៕​


លោក ស៊ុត ឌីណា ឯកអគ្គរាជទូតកម្ពុជា ប្រចាំកូរ៉េខាងត្បូង ( រូបថត៖ Facebook )