លោកសម រង្ស៊ី៖ លុបចោលជំនួបទល់មុខថ្នាក់កំពូល នៅថ្ងៃស្អែក ដោយសារតែអវត្តមានលោកកឹម សុខា
ការថ្លែង របស់លោក សម រង្ស៊ី អំពីស្ថានភាពនយោបាយខាងលើនេះ ធ្វើឡើងនៅក្នុងសន្និសីទកាសែត នារសៀលថ្ងៃទី១០ ខែមេសានេះ នាទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិលោកសមរង្ស៊ី ក៏បានបន្ថែមថា លោកមិនមានការសោកស្តាយអ្វីទេ ដែលលោកបានជួបជជែកចរចាតាមទូរស័ព្ទជាមួយនឹង លោកនាយករដ្ឋមន្ត្រីហ៊ុនសែន កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៤។
ប្រធានគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ថា ៤-១០ថ្ងៃខាងមុខទៀត លោកកឹម សុខា នឹងមកដល់កម្ពុជា។ លោកសម រង្ស៊ី បានថ្លែងថា “ខ្ញុំមិនបានព្រមព្រៀងអ្វី ជាមួយនាយករដ្ឋមន្ត្រី ហ៊ុន សែន ទេ គ្រាន់តែស្ដាប់តែប៉ុណ្ណោះ”។
ជំនួបកំពូលរវាងថ្នាក់ដឹកនាំគណបក្សទាំងពីរ ដើម្បីទម្លុះទម្លាយភាពទ័លច្រកខាងនយោបាយ ត្រូវបានលោកសមរង្ស៊ី គូសបញ្ជាក់ថា នឹងធ្វើឡើង នៅពេលលោកកឹមសុខា មកដល់ប្រទេសកម្ពុជាវិញ។
ការគូសបញ្ជាក់របស់លោកសមរង្ស៊ី ខាងលើនេះ បានធ្វើឡើងភ្លាមៗ ខណៈដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីព្រឹកថ្ងៃទី១០មេសានេះ ក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតបញ្ចប់ការសិក្សា លោកបានទម្លាយពីលទ្ធផលនៃកិច្ចសន្ទនា ចរចាតាមទូរស័ព្ទរវាងរូបលោក និងលោកសម រង្ស៊ី រយៈពេល ៤៤ នាទី និង២០វិនាទី កាលពីព្រឹកថ្ងៃទី០៩មេសា។ លោក ហ៊ុន សែន ក៏បានបង្ហាញពីសេចក្តីព្រាង កិច្ចព្រមព្រៀង ដែលមាន ៣ ចំណុច រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដែលបានពិភាក្សាតាមទូរស័ព្ទជាមួយលោកសម រង្ស៊ី។
កិច្ចពិភាក្សានោះ ត្រូវបានលោក ហ៊ុន សែន បញ្ជាក់ថា លោកបានលើកឡើងទៅកាន់លោកសម រង្ស៊ី អំពីការបោះឆ្នោតមុនកំណត់ គឺការបោះឆ្នោតឃុំសង្កាត់ នឹងធ្វើនៅខែកុម្ភៈ ឆ្នាំ២០១៧ និងការបោះឆ្នោតតំណាងរាស្ត្រ នឹងធ្វើនៅខែកុម្ភៈ ឆ្នាំ២០១៨។ ការកែសម្រួលថ្ងៃបោះឆ្នោតនេះ ដោយសារតែខែកក្កដា ជាខែភ្លៀង ហើយប្រជាកសិករ ត្រូវធ្វើស្រែចំការ ជាដើម។
សម្តេច ហ៊ុន សែន បានព្រមានទុកជាមុនថា បើសិនជាមេដឹកនាំកំពូលគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ មិនអាចចុះហត្ថលេខាលើពង្រាងកិច្ចព្រមព្រៀង ដែលសម្តេចលើកបង្ហាញនៅពេលនេះទេ គឺជាកំហុសរបស់លោកកឹមសុខា អនុប្រធានគណបក្សសង្គ្រោះជាតិ មិនមែនជាកំហុសរបស់សម្តេច លោកសមរង្ស៊ី ឬក៏គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិឡើយ។
ក្នុងបទសម្ភាសន៍តាមទូរស័ព្ទពីសហរដ្ឋអាមេរិក មកកាន់អ្នកកាសែត នាថ្ងៃទី១០មេសានេះ លោកកឹម សុខា បានបញ្ជាក់ថា លោកមិនព្រមទទួលយកការបោះឆ្នោតតំណាងរាស្ត្រ ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជជែកជាមួយលោកសម រង្ស៊ី ដើម្បីកែសម្រួលថ្ងៃបោះឆ្នោត មកពីខែកក្កដា ហើយមកធ្វើនៅខែកុម្ភៈ ឆ្នាំ២០១៨។
តាមផែនការ លោកកឹម សុខា នឹងត្រូវវិលត្រលប់មកពីអាមេរិកវិញ នៅថ្ងៃទី២៣មេសា ឆ្នាំ២០១៤។ ប៉ុន្តែលោក កឹមសុខា បានអះអាងថា បើមានការចាំបាច់ ពោលគឺការព្រមព្រៀងគ្នាណាមួយ នោះលោក នឹងអាចវិលត្រឡប់មកកាន់កម្ពុជាវិញ នៅពេលណាមួយក៏បានដែរ។
លោក សម រង្ស៊ី បានថ្លែងបញ្ជាក់នៅក្នុងសន្និសីទកាសែតនារសៀលនេះថា គណបក្សរបស់លោកមិនទាន់មានការ កោះអញ្ជើញ ពីខាងព្រះបរមរាជវាំងនោះទេ សម្រាប់ចូលទៅគាល់ ព្រះមហាក្សត្រ ហើយលោកបានបញ្ជាក់ថា ប្រសិន បើមានការកោះអញ្ជើញនោះ លុះត្រាតែមានការស្នើសុំ ពីគណបក្សទាំងពីរ ទើបមានការ កោះអញ្ជើញ ពីខាង ព្រះបរម រាជវាំង៕
ក្នុងសន្និសីទកាសែត នារសៀលថ្ងៃទី១០មេសានេះ លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ
ប្រភពពី Free Press Magazine