ខឹងប្រពន្ធតាមរករឿងដល់វង់ផឹកស៊ី ទាញដំបងឈើជ្រុងវាយសំពង រហូតសន្លប់បាត់ស្មារតី
ជនសង្ស័យមានឈ្មោះ រឿន ចាន់ឌឿន ភេទប្រុស អាយុ ២៦ឆ្នាំ រីឯជនរងគ្រោះ មានឈ្មោះ ឃុន ស្រីមុំ អាយុ ២៥ឆ្នាំ ទាំង ២នាក់ ប្តីប្រពន្ធមានមុខរបរ ធ្វើជាកម្មករក្នុងសិប្បកម្ម ឡឥដ្ឋរបស់ឈ្មោះ អ៊ុំ ឈុនស្រេង បច្ចុប្បន្នស្នាក់នៅ ផ្ទះរបស់កម្មករ ក្នុងទីតាំងសិប្បកម្មឡឥដ្ឋស្ថិតក្នុង ភូមិ-ឃុំ កើតហេតុខាងលើ។ សមត្ថកិច្ចនគរបាល ប៉ុស្តិ៍រដ្ឋបាលឫស្សីជ្រោយ បានចុះទៅអន្តរាគមន៍ ឃាត់ខ្លួនជនដៃដល់ជាប្តី បញ្ជូនទៅកាន់អធិការដ្ឋាន នគរបាលស្រុកមុខកំពូល ដើម្បីកសាងសំណុំរឿង ចាត់ការតាមច្បាប់ ។ ចំណែកស្ត្រីរងគ្រោះ ត្រូវបានក្រុមគ្រួសារ និងអ្នកជិតខាង ដឹកបញ្ជូនយកទៅសង្គ្រោះ នៅមន្ទីរពេទ្យផងដែរ ។
នៅមុនពេលកើតហេតុ ជនសង្ស័យបានទៅចូលរួម កម្មវិធីជួបជុំគ្នា ជាមួយមិត្តរួមការងារ ក្នុងសិប្បកម្មឡឥដ្ឋខាងលើ នៅផ្ទះរបស់ឈ្មោះ ត្រេន ដែលជាកម្មករដូចគ្នា ហើយក៏មានទិញស្រាជាច្រើនលីត្រ យកមកផឹកផងដែរ ខណៈដែលកំពុងតែអង្គុយផឹកស្រា ស្រាប់តែជនរងគ្រោះ ជាប្រពន្ធ បានទៅរករឿងហៅប្តី ឲ្យត្រឡប់ទៅផ្ទះវិញ ។ ភ្លាមៗនោះបុរសជាប្តី បានកើតក្តីខឹងសម្បាយ៉ាងខ្លាំង ក៏បានចុះពីលើផ្ទះឈ្មោះ ត្រេន មកឈរនៅខាងមុខផ្ទះ ទាញយកដំបងឈើជ្រុង វាយទៅលើស្ត្រីជាប្រពន្ធ ចំនួន ៦ដំបងលើដងខ្លួន និងក្បាល បណ្តាលឲ្យស្ត្រីជាប្រពន្ធរងរបួសធ្ងន់ធ្ងរ ដេកសន្លប់ទៅលើដី៕
__________________________
ប្រភពព័ត៌មានពី៖ វត្តភ្នំ