ក្រុមហ៊ុន​សម្បទាន​វៀតណាម ​ព្រម​កាត់​ដី​ប៉ះពាល់​ឲ្យ​ពលរដ្ឋ ​ជិត​២​ពាន់​ហិកតារ

4/01/2014 0 Comments A+ a-

image (21)ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​វៀតណាម ឈ្មោះ ហ័ង អាញ លំផាត់ (Hoang Ann Lumphat) បាន​ព្រមព្រៀង​កាត់​ចេញ​ផ្ទៃ​ដី​មាន​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ​នៅ​ស្រុក​លំផាត់ ខេត្ត​រតនគិរី ជិត ២​ពាន់​ហិកតារ​ប្រគល់​ឲ្យ​ប្រជាពលរដ្ឋ បន្ទាប់​ពី​គម្រោង​ផ្តល់​ដី​សម្បទាន​នេះ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​តវ៉ា​អស់​ជាង​បី​ឆ្នាំ​កន្លង​ទៅ។
ប្រជាពលរដ្ឋ​នៅ​ភូមិ​ចំនួន​ពីរ​ក្នុង​ឃុំ​ជ័យឧត្តម ស្រុក​លំផាត់ ខេត្ត​រតនគិរី នៅ​ថ្ងៃ​ច័ន្ទ ទី​៣១ ខែ​មីនា ឲ្យ​ដឹង​ថា អ្នក​ភូមិ​បាន​បញ្ឈប់​ការ​តវ៉ា​ទាក់ទិន​ដី​ត្រៀម​បម្រុង​ដែល​ក្រុមហ៊ុន​បាន​ឈូសឆាយ​កន្លង​ទៅ​នេះ ដោយសារ​តែ​ដី​នោះ​ត្រូវ​បាន​ភាគី​ក្រុមហ៊ុន​យល់​ព្រម​កាត់​ប្រគល់​ឲ្យ​ប្រជាពលរដ្ឋ​វិញ​ហើយ។
ការ​ប្រគល់​ដី​នេះ ធ្វើ​ឡើង​តាម​រយៈ​អាជ្ញាធរ​មូលដ្ឋាន មន្ត្រី​បរិស្ថាន​ដែន​ជម្រក​សត្វ​ព្រៃ និង​តំណាង​ក្រុមហ៊ុន។
កាល​ពី​ខែ​កុម្ភៈ កន្លង​ទៅ ភាគី​ពាក់ព័ន្ធ​បាន​ចុះ​បោះ​បង្គោល​កំណត់​ព្រំ​ដី​សម្បទាន​ដែល​កាត់​ចេញ​ដី​ប្រជាពលរដ្ឋ​សម្រាប់​ទុក​ត្រៀម​បម្រុង​ធ្វើ​ស្រែ​ចម្ការ ដី​វាល​ចិញ្ចឹម​សត្វ​ទី​ទួល​សុវត្ថិភាព​នៅ​គ្រា​មាន​ទឹក​ជំនន់​ជាដើម។
ប្រធាន​ភូមិ​ស្រែ​ឈូក លោក ម៉ៃ ចៃ ឲ្យ​ដឹង​ថា ក្រុមហ៊ុន​វៀតណាម ឈ្មោះ ហ័ង អាញ លំផាត់ ទទួល​បាន​សិទ្ធិ​ធ្វើ​អាជីវកម្ម​បន្ត​លើ​ដី​សម្បទាន​របស់​ក្រុមហ៊ុន​ដូនពេញ អាហ្រ្គីកូ (Daun Penh Agrico) បន្ទាប់​មក​ក្រុមហ៊ុន​នេះ​បាន​យល់​ព្រម​កាត់​ដី​មាន​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ​ចេញ​ពី​ដី​សម្បទាន ដើម្បី​បញ្ចប់​ជម្លោះ​រវាង​ប្រជាពលរដ្ឋ​និង​ក្រុមហ៊ុន។
លោក​បន្ត​ថា កាល​ពី​ដើម​ខែ​មីនា គ្រឿង​ចក្រ​ក្រុមហ៊ុន​បាន​ឈូស​ឆាយ​ហួស​ព្រំ​ដី​សម្បទាន ១០០​ម៉ែត្រ បន្ទាប់​ពី​បាន​វាស់វែង​ឯកភាព​គ្នា ប៉ុន្តែ​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​នៅ​បោះ​បង្គោល​នោះ​ឡើង​វិញ ហើយ​មិន​មាន​ប្រតិកម្ម​ណា​មួយ​ពី​ភាគី​ក្រុមហ៊ុន​ឡើយ៖«ឥឡូវ​គេ​ឈប់​ហើយៗ។ ដោះស្រាយ​ថា ព្រំប្រទល់​ហ្នឹង​ចុះ​ទៅ​វាស់​វែង​ទាំង​អស់​គ្នា​ហើយ​និង​សុរិយោ​ដី មាន​កិច្ច​សន្យា​ព្រមព្រៀង​គ្នា ហើយ​ស្នាម​មេដៃ​ក្រុមហ៊ុន ហើយ​និង​អភិបាល​ស្រុក»
ក្រសួង​បរិស្ថាន​កាល​ពី​ឆ្នាំ​២០១១ បាន​ផ្តល់​ដី​សម្បទាន​ជិត ៩​ពាន់​ហិកតារ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់​ទៅ​ឲ្យ​ក្រុមហ៊ុន​ដូនពេញ អាហ្គ្រីកូ។ បន្ទាប់​មក​ក្រុមហ៊ុន​នេះ​បាន​ឈូសឆាយ​ធ្វើ​ព្រំដី​សម្បទាន​ចូល​កៀក​មក​ក្បែរ​ភូមិ​ប្រជាពលរដ្ឋ​ហ៊ុមព័ទ្ធ​យក​ដី​ត្រៀម​បម្រុង​ធ្វើ​ស្រែ​ចម្ការ ព្រៃ​ចិញ្ចឹម​សត្វ និង​ទីទួល​ប្រជាពលរដ្ឋ​ស្នាក់នៅ​គ្រា​មាន​ទឹក​ជំនន់។
សកម្មភាព​ឈូស​ឆាយ​នេះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រាប់​រយ​នាក់​លើក​គ្នា​ទៅ​បញ្ឈប់​មិន​ឲ្យ​គ្រឿងចក្រ​បន្ត​ការ​ឈូស​ឆាយ ក៏ប៉ុន្តែ​មិន​មាន​អំពើ​ហិង្សា​អ្វី​កើត​ឡើង​នោះ​ទេ។
អភិបាល​ស្រុក​លំផាត់ ស្តីទី លោក នូ ថេរ កត់​សម្គាល់​ថា ស្ថិរភាព​រស់​នៅ​របស់​អ្នក​ភូមិ​បាន​វិល​មក​រក​ប្រក្រតីភាព​ឡើង​វិញ បន្ទាប់​ពី​អ្នក​ភូមិ​បាន​ធ្វើ​ការ​តវ៉ា​ច្រើន​លើក​ទាក់ទិន​សកម្មភាព​ឈូស​ឆាយ​ពង្រីក​ដី​សម្បទាន​របស់​ក្រុមហ៊ុន។
លោក​បន្ត​ថា ការ​ប្រគល់​ដី​ជូន​ប្រជាពលរដ្ឋ​វិញ​នេះ ជា​ផ្នែក​មួយ​បង្ហាញ​ឲ្យ​ឃើញ​ថា ក្រុមហ៊ុន​បាន​អនុវត្ត​ត្រឹមត្រូវ​តាម​គោលការណ៍​ស្តីពី​សម្បទាន​សេដ្ឋកិច្ច៖ «ការ​ទាមទារ​របស់​គាត់ ទុក​បម្រុង​របស់​គាត់​តិច​ជាង​ហ្នឹង​ទេ ក៏​ប៉ុន្តែ​ការ​សម្របសម្រួល​ទៅ​ក្រុមហ៊ុន​ក៏​មិន​តឹងតែង អ៊ីចឹង​សម្របសម្រួល​តាម​ការ​ចង្អុល​របស់​ប្រជាជន គាត់​ទារ​ត្រឹម​ហ្នឹង​ឲ្យ​ត្រឹម​ហ្នឹង​តែម្តង»
តំណាង​ក្រុមហ៊ុន ហ័ង អាញ លំផាត់ លោក ថាច់ ភៀន អះអាង​ដែរ​ថា ក្រុមហ៊ុន​មាន​ចេតនា​បញ្ចប់​បាតុភាព​ជាមួយ​ប្រជាពលរដ្ឋ​ដើម្បី​ធ្វើការ​អភិវឌ្ឍន៍​ដី​សម្បទាន។ លោក​បញ្ជាក់​ដែរ​ថា ការ​កាត់​ដី​ជូន​ប្រជាពលរដ្ឋ​ធ្វើ​ឡើង​ត្រឹមត្រូវ​ជាក់លាក់ មាន​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ចូល​រួម៖ «គណៈកម្មការ​ខេត្ត​យើង​គាត់​ចុះ​ទៅ​ធ្វើ​ច្បាស់លាស់​ណាស់។ បើ​ធ្វើ​មិន​ច្បាស់លាស់ វា​នៅ​តែ​មាន​រឿង​អ៊ីចឹង»
ដូច​គ្នា​នេះ​ដែរ មន្ត្រី​ឃ្លាំមើល​សិទ្ធិ​មនុស្ស​សមាគម​អាដហុក ខេត្ត​រតនគិរី លោក ឆាយ ធី ហៅ​ករណី​នេះ​ជា​គំរូ​ល្អ​សម្រាប់​ក្រុមហ៊ុន​សម្បទាន​ដទៃ​ទៀត ដែល​កំពុង​មាន​បញ្ហា​ប្រឈម​ផល​ប៉ះពាល់​ជាមួយ​ប្រជាពលរដ្ឋ ជា​ពិសេស​ក្រុម​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច។
លោក​ចាត់​ទុក​ថា នេះ​ជា​ទង្វើ​គោរព​សិទ្ធិ​មនុស្ស​និង​គោរព​ច្បាប់​ស្តីពី​សម្បទាន​សេដ្ឋកិច្ច៖ «ការ​ដោះស្រាយ​របៀប​នេះ គឺ​យើង​ទទួល​បាន​ភាព​ល្អ​ប្រសើរ​ទាំង​អស់​គ្នា។ មាន​ន័យ​ថា កាត់​បន្ថយ​ជម្លោះ ធ្វើ​ឲ្យ​ក្រុមហ៊ុន​មិន​មាន​ភាព​ស្មុគស្មាញ​ផង​ហើយ​ប្រជាជន​សប្បាយ​ចិត្ត​ផង»
របាយការណ៍​អង្កេត​របស់​មន្ត្រី​អាដហុក ខេត្ត​រតនគិរី ឲ្យ​ដឹង​ថា ចាប់​ពី​ឆ្នាំ​២០០៥ រហូត​បច្ចុប្បន្ន ជម្លោះ​រវាង​ប្រជាពលរដ្ឋ​សហគម​និង​ក្រុមហ៊ុន​សម្បទាន​ទាក់ទិន​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ​មាន​ប្រមាណ ២០​ករណី​មិន​ទាន់​ទទួល​បាន​ការ​ដោះស្រាយ​សមស្រប​នៅ​ឡើយ៕
ប្រភពពី វិទ្យុអាស៊ីសេរី