មាស​បាន​ធ្លាក់​ថ្លៃ​ប្រចាំ​ ខែ​លើក​ដំបូង​ក្នុង​ឆ្នាំនេះ

4/01/2014 0 Comments A+ a-

Goldមាស​បាន​ធ្លាក់​ថ្លៃ​ប្រចាំ​ខែ​លើក​ដំបូង​ក្នុង​ឆ្នាំនេះ ដោយ​សារ​សញ្ញា​នៃ​ការ​ស្ទុះ​ងើប​សេដ្ឋកិច្ច​អាមេរិក ដោយ​ជំរុញ​ឲ្យ​ធនាគារ​កណ្តាល​អាមេរិក បន្ត​កាត់​បន្ថយ​វិធានការ​ជំរុញ​សេដ្ឋកិច្ច។ ប៉ាឡាញ៉ូម បាន​ឡើង​ថ្លៃ​ក្នុង​រយៈ​ពេល​ពីរ​ខែ​ជាប់គ្នា។
​មាស​ដុំ​សម្រាប់​ចែក​ចាយ​ភ្លាមៗ ត្រូវ​បាន​ជួញ​ដូរ​ក្នុង​តម្លៃ ១២៩៧,៣០​ដុល្លារ​ក្នុង​មួយ​អោន (៨,៣​ជី) នៅម៉ោង ៨ និង​៥៣​នាទីព្រឹក​ថ្ងៃ​ម្សិលមិញ​នៅ​ប្រទេស​សិង្ហបុរី នេះ​បើយោង​តាម​ការ​កំណត់​តម្លៃ​ទូទៅ​របស់​ទីភ្នាក់​ងារ​ព័ត៌មាន Bloomberg។
មាស​មាន​តម្លៃ ១២៩៥,២៣​ដុល្លារ​នៅម៉ោង​បិទការ​ជួញ​ដូរ​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មីនា នៅ​ពេល​ដែល​តម្លៃ​មាស​បាន​ធ្លាក់​ចុះ​មកនៅ​ត្រឹម ១២៨៥,៨២​ដុល្លារ ដែល​ជា​តម្លៃ​ទាប​បំផុត​គិត​ចាប់​តាំង​ពី​ថ្ងៃ​ទី​១២ ខែ​កុម្ភៈមក។
មាស​បាន​ឡើង​ថ្លៃ​៨​ភាគ​រយ​នៅ​ឆ្នាំនេះ ដល់​តម្លៃ​ខ្ពស់​បំផុត​ក្នុង​រយៈ​ពេល​៦​ខែ​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មីនា ដោយ​សារ​ការ​កាន់​កាប់​តំបន់​គ្រីមា​របស់​ប្រទេ​ស​រុស្ស៊ី បាន​បង្កើន​តម្រូវ​ការ​មាស។
មាស​បាន​ធ្លាក់​ថ្លៃ ២,២​ភាគ​រយ​នៅ​ខែ​នេះ ដោយ​សារ​ទិន្នន័យ​សេដ្ឋកិច្ច​អាមេរិក ដូច​ជា​ការ​បញ្ជា​ទិញ​ទំនិញ​ប្រើ​ប្រាស់​បាន​យូរ បាន​កើន​ឡើង​ខ្ពស់​ជាង​ការ​ព្យាករ ខណៈ​លោក​ស្រី Janet Yellen ប្រធាន​ធនាគារ​កណ្តាល​អាមេរិក បាន​ឲ្យ​ដឹងថា កម្ម​វិធី​ទិញ​មូល​បត្រ​បំណុល​របស់​ធនាគារ​កណ្តាលមួយនេះ អាច​នឹង​បញ្ចប់​នៅ​ឆ្នាំនេះ ដោយ​អត្រា​ការ​ប្រាក់​នឹង​ចាប់​ផ្តើម​កើន​ឡើង​នៅ​ឆ្នាំ​២០១៥។ ធនាគារ​កណ្តាល​អាមេរិក បាន​កាត់​បន្ថយ​ការ​ទិញ​ទ្រព្យ​សកម្ម​ប្រចាំ​ខែ​ចំនួន ១០​ពាន់​លាន​ដុល្លារនៅ​ក្នុង​កិច្ច​ប្រជុំ​៣​លើក​ចុង​ក្រោយ​។
តម្លៃ​មាស​សម្រាប់​ចែក​ចាយ​នៅ​ខែ​មិថុនា បាន​កើន​ឡើង ០,២​ភាគ​រយ ដល់ ១២៩៧,២០​ដុល្លារ​ក្នុង​មួយ​អោននៅផ្សារ​ Comex ក្នុង​ទីក្រុងញូវយ៉ក និង​បាន​ធ្លាក់​ចុះ ១,៩​ភាគ​រយ​​នៅ​ខែ​មីនា។ ការ​កាន់​កាប់​ផលិតផល​ដែល​ងាយ​ដោះ​ដូរ​ជា​សាច់​ប្រាក់គិត​ជា​មាស​នេះ គឺ​ជា​កំណើន​កាន់​កាប់​មាស​ប្រចាំ​ខែ​លើក​ដំបូង បន្ទាប់​ពី​បាន​ធ្លាក់​ចុះ​ក្នុង​រយៈ​ពេល​១៣​ខែ គិត​ត្រឹម​ខែ​មករា ឆ្នាំនេះ៕