ប្រទះឃើញសពអ្នកនេសាទ សមុទ្រម្នាក់សង្ស័យកូន ឈ្នួលវាយទម្លាក់ទឹក
ព្រះសីហនុៈ សពបុរសនេសាទសមុទ្រម្នាក់ដែលបាត់ខ្លួនខណៈចេញទៅនេសាទកាលពីសប្តាហ៍មុនត្រូវអ្នកដើរទូកនេសាទឃើញអណ្តែតទឹកសមុទ្រក្នុងស្រុកថ្មសខេត្តកោះកុង ហើយត្រូវបានសមត្ថកិច្ចអូសមកសង្កាត់១ក្រុង-ខេត្តព្រះសីហនុនៅថ្ងៃចន្ទនេះ។
លោក កុលផល្លី ស្នងការរងព្រហ្មទណ្ឌខេត្តព្រះសីហនុឲ្យដឹងថា សាកសពបុរសអ្នកនេសាទម្នាក់ដែលបាត់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនពេលចេញទៅនេសាទសមុទ្រត្រូវសមត្ថកិច្ចក្រុងព្រះសីហនុអូសសពមកធ្វើកោសលវិច្ច័យកាលពីព្រឹកមិញ បន្ទាប់ពីអ្នកនេសាទប្រទះឃើញអណ្តែតទឹកសមុទ្រនៅស្រុកថ្មសខេត្តកោះកុង ។
លោក សារ៉ាត់វិជ្ជា ប្រធាននគរបាលបច្ចេកទេសវិជ្ជាសាស្ត្រ ខេត្តព្រះសីហនុប្រាប់ថា៖ «ដោយសារសាកសពមានស្ថានភាពហើមរលួយទៅហើយដូច្នេះការធ្វើកោសលវិច្ច័យមានការលំបាកប៉ុន្តែក្បាលសាកសពមានស្នាមជំប្រេះផ្នែកសៀតផ្កាខាងឆ្វេង»។
សមត្ថកិច្ចក្រុងព្រះសីហនុឲ្យដឹងថា បុរសរងគ្រោះចាន់ផាត អាយុ៣៦ឆ្នាំជាម្ចាស់ទូក គោយន្ត ឯប្រពន្ធឈ្មោះង៉ែត សាម៉យ អាយុ៣៤ឆ្នាំ ស្នាក់នៅបន្ទាប់ជួលក្នុងក្រុងព្រះសីហនុនិងមានស្រុកកំណើតនៅភូមិក្រាំងដូងឃុំសំរោងក្រោមស្រុកបន្ទាយមាសខេត្តកំពត ។
ស្ត្រីប្រពន្ធជនរងគ្រោះប្រាប់ថា គាត់មានលុយ២ពាន់ដុល្លារហើយដោយមិនចង់ស៊ីឈ្នួលធ្វើកូនដៃនេសាទឲ្យគេទៀតគាត់បានយកប្លង់ដីទៅបញ្ចាំគេបានលុយ ៤ពាន់ដុល្លារទៀតទិញបានទូកនេសាទមួយគ្រឿងតម្លៃ៦ពាន់ដុល្លារ ។ស្ត្រីប្រពន្ធបន្តថា នៅមុនថ្ងៃកើតហេតុប្តីគាត់និងកូនឈ្នួលម្នាក់ទៀតរកម៉ឹកបង្គារបានហើយក៏ចេញដំណើរទៅលក់នៅប្រទេសវៀតណាម ។លុះដល់ពេលថ្ងៃត្រង់ថ្ងៃគាត់បានទូរស័ព្ទចូលម្តងតែក្រោយមកទូរស័ព្ទទាក់ទងលែងបានក៏កើតការសង្ស័យតែមិនដឹងជាទៅរកនៅកន្លែងណា ។
សមត្ថកិច្ចបន្តតាមប្រពន្ធជនរងគ្រោះថា គាត់សង្ស័យទៅលើកូនទូកម្នាក់ដែលទៅជាមួយប្តីគាត់ព្រោះនៅថ្ងៃបន្ទាប់ជបសង្ស័យបានយកទូកមកចតប្លុងចោលហើយប្រមូលយកម៉ឹកបង្គាររត់គេចខ្លួនបាត់។ លុះមកដល់ល្ងាចថ្ងៃទី៣០ មិនា ក្រុមគ្រួសារបានទទួលដំណឹងថាមានសាកសពអណ្តែតជាប់មងអ្នកនេសាទនៅស្រុកថ្មស ខេត្តកោះកុងហើយមានការសង្ស័យទៅមើលទើបស្គាល់ថាជាប្តីខ្លួនហើយត្រូវសមត្ថកិច្ចអូសយកមកធ្វើកោសលវិច្ច័យឃើញមានស្នាមវាយជាំប្រេះផ្នែកសៀតផ្កាខាងឆ្វេងនិងបានប្រគល់សពឲ្យក្រុមគ្រួសាបូជានៅវត្តក្រោមក្នុងសង្កាត់លេខកាលពីព្រឹកថ្ងៃចន្ទម្សិលមិញហើយ៕
ប្រភពពី ភ្នំពេញប៉ុស្តិ៍
