ចោរចូលលួច ទ្រព្យសម្បត្ដិ នៅភូមិគ្រឹះ ឧត្ដមសេនីយ៍ ផ្កាយ ៣ ប្រធានស្ថាប័ន អយ្យការ តុលាការយោធា

4/29/2014 0 Comments A+ a-

ភ្នំពេញ ៖ ឧត្ដមសេនីយ៍យោធា ផ្កាយ៣ ជាប្រធានស្ថាប័ន អយ្យការ តុលាការយោធា លោកព្រុំ សនទុំ បានបាត់បង់ទ្រព្យសម្បត្ដិ ជាលុយ គ្រឿងអលង្កា និង កាំភ្លើងមួយដើម ក្រោយពីមានចោរ លួចចូល ទៅក្នុងភូមិគ្រឹះ របស់លោក ហើយរើកកាយឥវ៉ាន់ យកទ្រព្យ សម្បត្ដិទាំងនេះ គេចខ្លួនបាត់ ខណៈដែល រូបលោក និងក្រុមគ្រួសារមិននៅ ផ្ទះ ចេញទៅធ្វើការរៀងៗខ្លួន ។
ការភ្ញ្ញាក់ផ្អើលនៅពេលឃើញឥវ៉ាន់នៅ ក្នុងផ្ទះ រាយរប៉ាត់រប៉ាយ ហើយទ្រព្យសម្បត្ដិ រួមមានលុយកាក់ និងគ្រឿងអលង្កា បាត់បង់ អស់ជាច្រើននោះ បានបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៧និង៤៥នាទីយប់ថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០១៤ នៅភូមិគ្រឹះរបស់ខ្លួន ស្ថិតនៅផ្លូវលំ ភូមិច្រេះ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ខណៈដែលម្ចាស់ផ្ទះ លោកឧត្ដមសេនីយ៍ ព្រុំ សនទុំ ត្រឡប់មក ពីធ្វើការវិញ ។
មន្ដ្រីនគរបាលមូលដ្ឋាន ដែលចុះទៅ ពិនិត្យមើលនៅកន្លែងកើតហេតុ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៤នេះ បាននិយាយថា ទ្រព្យសម្បត្ដិនិងលុយកាក់ ត្រូវចោរលួចនោះ រួមមានលុយដុល្លារ ២៦០០ដុល្លារ លុយខ្មែរ ២០ម៉ឺនរៀល ខ្សែក ៧ខ្សែ ចិញ្ជៀន ៤វង់ ខ្សែដៃ ៨ខ្សែ កាំភ្លើង ខ្លីមួយដើម និងទ្រព្យសម្បត្ដិមួយចំនួនទៀត ។
បើតាមសមត្ថកិច្ចរៀងរាល់ម៉ោង៦ព្រឹក លោកឧត្ដមសេនីយ៍ ព្រុំ សនទុំ បានចេញពី ផ្ទះទៅធ្វើការ ហើយម៉ោង៧-៨យប់ ទើប ត្រឡប់មកដល់ផ្ទះវិញ ជារៀងរាល់ថ្ងៃ លុះនៅម៉ោងកើតហេតុ នៅពេល លោកមកដល់ផ្ទះ ស្រាប់តែប្រទះឃើញ ឥវ៉ាន់និងសម្ភារៈ រាយរប៉ាត់រប៉ាយ ទើបដឹងថា មានចោរចូលលួច ទំនងជាពេលថ្ងៃរសៀល ។
បច្ចុប្បន្នសមត្ថកិច្ចមូលដ្ឋាន បាននឹងកំពុង សាកសួរជនរងគ្រោះ ដើម្បីស្រាវជ្រាវតាមចាប់ ក្រុមចោរទាំងនោះ ។
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល