តុលាការផ្តន្ទាទោស ឧកញ៉ា យ៉ែម កុសល ជាប់ពន្ធនាគារ ១០ឆ្នាំ និងសងជំងឺចិត្ត៥ម៉ឺនដុល្លារ

4/25/2014 0 Comments A+ a-


ផ្តល់សិទ្ទិដោយ៖dap-news.com
car hitភ្នំពេញ៖ ឧកញ៉ា យ៉ែម កុសល អាយុ៤៥ឆ្នាំ ត្រូវបានសាលាដំបូងរាជធានី ភ្នំពេញបានប្រកាសសាលក្រម កំបាំងមុខផ្តន្ទាទោស ដាក់ពន្ធនាគាររយៈពេល១០ឆ្នាំ និងបង្គាប់ឲ្យសងជំងឺចិត្ត ចំនួន ៥ម៉ឺនដុល្លារ ព្រមទាំង ចេញដីកា បង្គាប់ឲ្យស្វែង ចាប់ខ្លួនរបស់គាត់ទៀត ជាប់ពាក់ព័ន្ធនឹងការបើករថយន្ត ម៉ាករ៉ងរ៉ូវើ ពណ៌ស បើកបុកមនុស្សបីនាក់ គឺ ប្ដីប្រពន្ធ និងកូនស្រីម្នាក់បណ្ដាលរងរបួសធ្ងន់ធ្ងរ និងបានបើកបុករថយន្ត ជនរងគ្រោះឲ្យខូចខាតមួយផ្នែកប្រព្រឹត្ត នៅក្នុងភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខកាលពីថ្ងៃទី១៦ ខែមិថុនាឆ្នាំ២០១៣។
មន្រ្តីសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ជនជាប់ចោទ យ៉ែម កុសល ត្រូវបានតំណាង អយ្យការចោទ ប្រកាន់ពីបទ ឃាតកម្ម (ប៉ុនប៉ងសម្លាប់ដោយបើករថយន្តដេកបុក និង ធ្វើឲ្យខូចខាតដោយចេតនា) តាម មាត្រា១៩៩ និង ២១០ នៃក្រមព្រហ្មទណ្ឌកម្ពុជា ។ បច្ចុប្បន្ននេះ ឈ្មោះ យ៉ែម កុសល កំពុងតែរត់គេចខ្លួន នៅក្រៅប្រទេស ពីការចាប់ខ្លួន។ លោក នី គឹមហោ មេធាវីការពារក្តី ឲ្យជាប់ចោទឧកញ៉ា យ៉ែម កុសល បានឲ្យដឹងថា លោកឧកញ៉ា យ៉ែម កុសល បានជំទាស់នឹងសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញខាង លើនិង បានសម្រេចបន្តប្តឹង ទៅសាលាឧទ្ទរណ៍ កាលពីព្រឹកថ្ងៃ ទី ២៤ ខែមេសា ២០១៤នេះ។
លោកមេធាវី នី គឹមហោ បានប្រសាសន៍ថា សាលាដំបូងរាជធានីភ្នំពេញ បានកាត់ទោសគាត់ ដាក់ពន្ធនាគារ រយៈពេល ១០ឆ្នាំ និង បង្គាប់ឲ្យសងជំងឺចិត្ត ចំនួន ៥ម៉ឺនដុល្លារ ។ កូនក្តីរបស់លោក ជំទាស់ និង បានដាក់ពាក្យ បណ្តឹងទៅសាលាឧទ្ទរណ៍ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៤ ។ ពេលសវនាការកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៤ អ្នកស្រី ទេព លីហ្សា បាននិយាយថា៖ ឧកញ៉ា យ៉ែម កុសល បានបើករថយន្តរបស់ គាត់បំបុកប្តី ប្រពន្ធ និងកូនស្រីរបស់គាត់ បណ្តាលឲ្យរបួស យ៉ាងធ្ងន់ធ្ងរ ក្នុងនោះ ប្តីរបស់គាត់ឈ្មោះ នី សាត ត្រូវរងរបួស បាក់ជើងទាំងពីរ ឥឡូវនេះ បានក្លាយជាជនពិការ និង កូនស្រី ឈ្មោះ សាត នីតា ត្រូវរបួសបាក់កដៃខាងស្តាំ និង វៀចក្តោងប្រមុះម្ខាង ។ ចំណែកឯ រូបគាត់ ត្រូវរងរបស់ត្រង់ ត្រគាកខាងក្រោយ និង ឆ្នឹងខ្នង» ។ អ្នកស្រី ទេព លីហ្សា បានបន្ថែមថា ក្រុមគ្រួសារអ្នកស្រី បានចំណាយអស់ប្រាក់ចំនួនជាង ១ ម៉ឺនដុល្លារអាម៉េរិកកាំង ក្នុងព្យាបាលរបួសស្នាម។
លោកមេធាវីបានបញ្ជាក់ថា ចំពោះករណីខាងលើនេះ លោក ឧកញ៉ា យ៉ែម កុសល ក៏បានដាក់ពាក្យ ប្តឹងភាគីដើមបណ្តឹង (ឈ្មោះ នី សាត) ពីបទ «ហិង្សាដោយចេតនា» ទៅអយ្យការអមសាលាដំបូងរាជ ធានីភ្នំពេញ ផងដែរ និង ប្តឹងឲ្យផ្តន្ទាទោស ឈ្មោះ នី សាតនេះ តាមច្បាប់ និង សុំទាមទារជំងឺចិត្តចំនួន ២ ម៉ឺនដុល្លារ៕