សម្តេចតេជោ ជាមួយលោក សម រង្ស៊ី បានសម្រេចចូលព្រះបរមរាជវាំង នៅថ្ងៃស្អែក ប៉ុន្តែលោក សម រង្ស៊ី រង់ចាំការយល់ព្រមពីលោក កឹម សុខា សិន

4/10/2014 0 Comments A+ a-


រូបភាពជំនួប មេបក្សទាំងពីរ កាលពីពេលកន្លងទៅ
រូបភាពជំនួប មេបក្សទាំងពីរ កាលពីពេលកន្លងទៅ
-មេដឹកនាំកំពូល ទាំងពីរនាក់ ឯកភាពយកខែកុម្ភៈ ឆ្នាំ ២០១៧ ជាថ្ងៃបោះឆ្នោត ជ្រើសរើសសមាជិក ក្រុមប្រឹក្សាឃុំ-សង្កាត់ និងយកខែកុម្ភៈ ឆ្នាំ ២០១៨ ជាថ្ងៃបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រ
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១០ខែមេសា ឆ្នាំ២០១៤នេះបាន ប្រកាស ជាសាធារណៈ ចំពោះកិច្ចពិភាក្សា តាមទូរស័ព្ទជាមួយ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ កាលពី ម្សិលមិញ ដោយមាន រយៈពេល ៤៤៖២០នាទី នោះ សម្ដេចតេជោ និងលោកសម រង្ស៊ី បានឯកភាពគ្នាចូល ព្រះបរមរាជវាំង នៅថ្ងៃទី១១ខែមេសា ឆ្នាំ ២០១៤ ប៉ុន្តែលោក សម រង្ស៊ី បានប្រាប់ត្រឡប់មកវិញថា រង់ចាំការ ឯកភាព ជាមួយអនុប្រធានរបស់ខ្លួន លោក កឹម សុខា ជាមុនសិន។ ត្រង់ចំណុចនេះ សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ទៅកាន់មេដឹកនាំ គណបក្សប្រឆាំងថា បើសិនមានអ្វីកើតឡើងខុសពីការ ឯកភាពគ្នា រវាងសម្ដេច និងលោកសម រង្ស៊ីនោះ កុំមកបន្ទោស លោកសម រង្ស៊ី ក្រុមរបស់លោកសម រង្ស៊ី បន្ទោសសម្ដេច ឬគណបក្ស ប្រជាជន គឺមកពីលោក កឹម សុខា និងក្រុមលោកកឹម សុខា។
ចំពោះកិច្ចពិភាក្សាគ្នាតាមទូរស័ព្ទកាលពីម្សិលមិញនោះ សម្ដេចតេជោ បានបន្តទៀតថា មិនមែននិយាយលើ កំណែទម្រង់ គ.ជ.ប នោះឡើយ ពោលជាការពិភាក្សាគ្នាលើកំណែទម្រង់ការបោះឆ្នោតគឺកំណត់ថ្ងៃបោះឆ្នោត។ ជាមួយគ្នានេះសម្ដេច បានលើកឡើងថា សូមកុំឲ្យអ្នកដែលមិនដឹងរឿង ក្រៅពីលោកសម រង្ស៊ី ចេញសេចក្ដីថ្លែង ការណ៍ ផ្សេង នាំឲ្យមានបញ្ហាកើតឡើង ពីព្រោះកន្លងទៅតែងតែមានរឿងនេះកើតមាន ពោលអ្នកមិនដឹងរឿង និងមិនជាប់ពាក់ព័ន្ធបែរជានិយាយ និងចេញសេចក្ដីថ្លែងការណ៍ផ្ទុយទៅវិញ។
សម្ដេចបានឲ្យយោបល់ទៅអ្នកទាំងនេះថា បើមិនដឹងរឿង គួរតែប្រាប់អ្នកកាសែតថា ខ្ញុំមិនទាន់បានទទួលព័ត៌មាន នេះទេ កុំតាំងខ្លួនឯងចេះដឹងទាំងអស់ ចុងក្រោយផេះ។ ជុំវិញការកំណត់ការបោះឆ្នោតសម្ដេច បានថ្លែងថា យោង តាមការពិភាក្សាគ្នា ជាមួយលោក សម រង្ស៊ីនោះ គឺភាគីទាំងពីរបានកំណត់យកខែកុម្ភៈ ឆ្នាំ ២០១៧ ជាថ្ងៃបោះឆ្នោត ជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ និងយក ខែកុម្ភៈ ឆ្នាំ២០១៨ ជាថ្ងៃបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ ប៉ុន្តែនេះជាការឯកភាពជំហានដំបូង តាមទូរស័ព្ទ ប៉ុន្តែមិនទាន់មានកិច្ចព្រមព្រៀង នោះឡើយ ដោយរង់ចាំលោក សម រង្ស៊ី ទៅពិភាក្សាជាមួយអនុប្រធានរបស់ខ្លួន លោក កឹម សុខា សិន។
នៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសកលវិទ្យាល័យធនធានមនុស្ស សម្ដេច ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ ទាំងអស់ត្រូវរួមគោរពច្បាប់ចរាចរណ៍ ជៀសវាងគ្រោះថ្នាក់ នាបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។ សម្ដេចតេជោ ក៏បាន លើកឡើងពីផលលំបាករបស់កងកម្លាំងប្រដាប់អាវុធ មាននគរបាល អាវុធហត្ថ មន្ត្រីយោធា ពោលនៅពេលដែល បងប្អូនកំពុងសប្បាយបុណ្យចូលឆ្នាំ និងជួបជុំបងប្អូន ប៉ុន្តែកម្លាំងនគរបាលអាវុធហត្ថកំពុងបញ្ជាចរាចរណ៍និង ការពារ សន្តិសុខសណ្ដាប់ធ្នាប់ រីឯកងទ័ពកំពុងឈរជើងការពារទឹកដីតាមព្រំដែន។ ដោយឡែក គ្រូពេទ្យវិញក៏មាន ការមមាញឹកយ៉ាងខ្លាំងគ្មានពេល សម្រាក ដើម្បីសង្គ្រោះជីវិតមនុស្ស បើសិនមានគ្រោះថ្នាក់ចរាចរណ៍ កើនឡើង នោះ៕
____________________________
ផ្តល់សិទ្ធិដោយ៖ Lookingtoday