ទើបនឹងទិញម៉ូតូ ត្រូវក្រុមចោរ ភ្ជង់ប្លន់យក ខណៈអង្គុយលេង នៅកោះពេជ្រ ជាមួយមិត្តស្រី របស់ខ្លួន
ភ្នំពេញ៖ យុវជនម្នាក់ ត្រូវក្រុមចោរប្លន់ ចំនួនពីរនាក់ ប្រដាប់ដោយកាំភ្លើង ខ្លីមួយដើម បានធ្វើសកម្មភាព ភ្ជង់ប្លន់យកម៉ូតូ R-Six មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AH-5911 យកទៅបាត់ ដោយ សុវត្ថភាព ខណៈរូបខ្លួនអង្គុយលេង ជាមួយមិត្តស្រី នៅក្នុងកោះពេជ្រ ទល់មុខអាគារG ក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន។ ហេតុការណ៍ភ្ជង់ប្លន់ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ២៣និង ២០នាទីយប់ថ្ងៃទី៩ មេសា ឆ្នាំ២០១៤។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះដាំ សួគា៍ អាយុ២៨ ឆ្នាំ មុខរបរជាអ្នករកស៊ីទិញ និងលក់ស្រូវ មានស្រុកកំណើត នៅភូមិគីរីថ្មី ស្រុកអង្គស្នួល ខេត្តកណ្តាល ។
យោងតាមប្រភព ព័ត៌មានពីឈ្មោះដាំ សួគា៍ ដែលជាជនរងគ្រោះ បានឲ្យដឹងថា នៅមុនពេល មានហេតុការណ៍កើតឡើង គឺរូបខ្លួនបានណាត់មិត្តស្រី មកអង្គុយលេង នៅក្នុងកោះពេជ្រ ទល់មុខអាគារG តាំងពីម៉ោង២២និង៤០នាទី ខណៈនោះស្រាប់តែប្រទះ ឃើញជនសង្ស័យពីរនាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកស្ទេប មិនចាំភិនភាគច្បាស់លាស់ ជិះក្រឡឹងចុះឡើងៗ ហាក់ដូចជាចង់រកអ្នកណាម្នាក់ លុះដល់ វេលាខាងលើជនសង្ស័យទាំងពីរនាក់ បានជិះម៉ូតូចូលមកគៀកហើយ ធ្វើសកម្មភាពភ្ជង់ គំរាមយកម៉ូតូ ពីជនរងគ្រោះ ហើយជិះចេញទៅបាត់ដោយសុវត្ថិភាព។
ជនរងគ្រោះបានបន្ថែមថា ក្នុងហេតុការណ៍ភ្ជង់ប្លន់នេះ គឺក្រុមចោរមិនត្រឹមតែប្លន់ យកម៉ូតូពីខ្លួននោះទេ គឺថែមទាំងប្លន់យកខ្សែកមួយខ្សែទូរស័ព្ទដៃ ចំនួន៣គ្រឿង និងកាបូបលុយ ដែលមានលុយ ក្នុងនោះប្រមាណជា២០០ដុល្លារផងដែរ។
ហើយបន្ទាប់ពីកើត ហេតុជនរងគ្រោះនិងមិត្តស្រី បានទៅធ្វើការដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍រដ្ឋបាល ទន្លេបាសាក់ ហើយហៅសាច់ញាតិមកដឹកត្រឡប់ ទៅគេហដ្ឋានវិញ ទាំងទឹកមុខក្រៀមក្រំ និងសោកស្តាយ ព្រោះខ្លួនស្រលាញ់ម៉ូតូ R-Six ដែលក្រុមចោរប្លន់ យកទៅបាត់នោះ ហើយទើបតែពេល នេះមានលុយ ទិញជិះបាន តែមួយសបា្តហ៍តែប៉ុណ្ណោះ ព្រោះតម្លៃរបស់វារហូត ទៅដល់៥ពាន់ដុល្លារ ស្រាប់តែមានរឿង អកុសលដូចនេះ កើតឡើងតែម្តងទៅ៕