ឃើញស្នោ អណ្តែតទឹក ក្នុងរណ្តៅ ចុះទៅស្រង់លេង លង់ទឹកស្លាប់ ទាំងពីរនាក់បងប្អូន

4/03/2014 0 Comments A+ a-


twinផ្តល់សិទ្ទិដោយ៖dap-news.com
ភ្នំពេញៈ កុមារីអាយុ៨ឆ្នាំពីរនាក់ បងប្អូនដែលត្រូវជាកូនភ្លោះផងដែរ បានលង់ទឹកស្លាប់ ទាំងពីរនាក់ បន្ទាប់ពីពួកគេ នាក់រួមនិងក្មេងស្រីម្នាក់ទៀត បានដើរទៅលេងនៅមាត់រណ្តៅដី ហើយបានឃើញកេស ស្នោអណ្តែតក្នុងទឹក ក្នុងរណ្តៅដីនោះ ក៏នាំចុះស្រង់ ហើយឡើងវិញមិនរួច បានលង់ទឹកក្នុងរណ្តៅនោះ ស្លាប់តែម្តង។ ក្រោយកើតហេតុឪពុក បានទៅជួយរាវរកស្រាប់តែឃើញកូនស្លាប់បាត់ទៅហើយ ធ្វើឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋជិតខាងនិងនគរបាលចុះទៅពិនិត្យមើលសាកសព ។ ហេតុកាលពីវេលាម៉ោង១៣ និង១៥នាទី ល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០១៤ស្ថិតនៅក្នុងរណ្តៅដីភូមិ តានួន សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ។
នគរបាលឲ្យដឹងថា កុមារីរងគ្រោះទី១ មានឈ្មោះ ឆឺន ចាន់លីយ៉ា ភេទស្រី អាយុ៨ឆ្នាំ និងទី២ ឆឺន ចាន់តារ៉ា ភេទស្រីអាយុ ៨ឆ្នាំ មានឪពុកឈ្មោះ ឆន ប៊ុនធី អាយុ៤១ឆ្នាំមានមុខរបរជាកម្មករោងចក្រ ម្តាយឈ្មោះ លី វាសនា អាយុ៣១ឆ្នាំ មានមុខរបរជាកម្មការិនីរោងចក្រ អ្នកទាំងពីរស្នាក់នៅក្នុងភូមិត្រពាំងពោធិ៍ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល និងមានស្រុកកំណើតនៅភូមិជើងស្នុក ឃុំត្រាំងក្រាំង ស្រុកបន្ធាយ ខេត្តកំពង់ចាម។
សាក្សីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុកុមារីរងគ្រោះទាំងពីរនាក់បងប្អូន រួមក្មេងស្រី ម្នាក់ទៀត រស់នៅក្នុងភូមិជាមួយគ្នា បានដើរទៅលេងនៅម្តុំមាត់រណ្តៅដីខាងលើ ពេលទៅដល់កុមារីរងគ្រោះ ទាំងពីរបាន ឃើញកេសស្នោអណ្តែតក្នុងទឹករណ្តៅដី ពួកគេក៏បានចុះទៅស្រង់លេង លុះពេលចុះស្រាប់តែផុតដៃ ផុតជើងឡើងវិញមិនរួច រីឯក្មេងស្រីម្នាក់ទៀតដែលនៅឈរមាត់រណ្តៅដីនោះ ឃើញដូច្នេះក៏រត់ទៅប្រាប់ ឪពុកកុមារីរងគ្រោះទាំងពីរ ដោយនិយាយថា កូនរបស់ពូទាំង ពីរនាក់ចុះស្រង់ស្នោអណ្តែត ក្នុងទឹកឥឡូវ ឡើងមិនរួចទេ ពេលនោះឪពុកក៏ប្រញាប់មកជួយកូន ប៉ុន្តែ ពេលដែលមកដល់ស្រាប់តែ កូនទាំងពីរ របស់គេលិចចូលក្នុងទឹកបាត់ទៅហើយ រួចក៏ចុះរាវរកមើលស្រាប់តែឃើញកូន អោបគ្នាស្លាប់បាត់ទៅហើយ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅជិត ខាងនិងនគរបាលមូលដ្ឋានចុះទៅពិនិត្យសាកសព ប៉ុន្តែក្រុមគ្រួសារកុមារីរងគ្រោះពុំបានធ្វើការប្តឹងផ្តល់អ្វីនោះទេ រួចហើយក៏ប្រគល់សាកសពទៅឲ្យក្រុមគ្រួសារ ដឹកយកទៅស្រុកកំណើតដើម្បីធ្វើបុណ្យ ទៅតាមប្រពៃណី៕