ចាប់ឃាត់ខ្លួនបុរសកូរ៉េ២នាក់ និងស្រីស្នេហ៍ពាក់ព័ន្ធនឹងការ លួចលុយតាមប្រព័ន្ធអេឡិចត្រូនិច (ATM)
សមត្ថកិច្ចនគរបាលបានឲ្យដឹងថា បុរសជនជាតិកូរ៉េខាងត្បូងទាំង២នាក់ដែលត្រូវបានសមត្ថកិច្ចចាប់ ឃាត់ខ្លួនតាមដីកាតុលាការប្រទេសកូរ៉េ ដែលចេញនិវេទន៍ក្រហមបញ្ជូនមកឲ្យនគរបាលអន្តរជាតិនោះ មានឈ្មោះ លី អ៊ិនយុង ហៅហានូ អាយុ៣៦ឆ្នាំ រស់នៅប្រទេសកូរ៉េខាងត្បូងជាមេខ្លោងធំ និងឈ្មោះ ស៊ុន ចាំងគីម អាយុ៤៤ឆ្នាំ រស់នៅប្រទេសកូរ៉េខាងត្បូង ។ រីឯស្រីស្នេហ៍របស់ឈ្មោះ លី អ៊ិនយុង គឺមានឈ្មោះ ម៉ី ទី អាយុ២៤ឆ្នាំ រស់នៅខេត្តកំពត ។
សមត្ថកិច្ចនគរបាលបានឲ្យដឹងដែរថា បុរសជនជាតិកូរ៉េខាងត្បូងទាំង២នាក់នេះ បានចូលមកលាក់ខ្លួននៅក្នុងប្រទេសកម្ពុជាកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៣ ។ ក្រោយការចាប់ឃាត់ខ្លួនបុរសកូរ៉េខាងត្បូងជាជនសង្ស័យទាំង២នាក់នេះ រួចហើយ និងត្រូវបញ្ជូនមកក្រសួងមហាផ្ទៃ ហើយក្រសួងមហាផ្ទៃនឹងបន្តបញ្ជូនទៅកាន់ប្រទេសកូរ៉េខាងត្បូងជា ប្រទេសសាមី នាល្ងាចថ្ងៃដដែលនេះ ដើម្បីចាត់ការតាមច្បាប់ ដោយសមត្ថកិច្ចរបស់ប្រទេសកូរ៉េខាងត្បូង ។
ប្រភពព័ត៌មានពីមន្ត្រីនគរបាល ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ស្រីស្នេហ៍របស់បុរសជនជាតិកូរ៉េឈ្មោះ លី អ៊ិនយុង អាចនឹងត្រូវដោះលែងឲ្យមានសេរីភាពវិញ ពីព្រោះមិនមានការពាក់ព័ន្ធនឹងសកម្មភាពលួចដកលុយតាមប្រព័ន្ធអេឡិច ត្រូនិចដែលចេញឲ្យអតិថិជននៅប្រទេសកូរ៉េខាងត្បូងនោះទេ ៕