ប្រជាពលរដ្ឋស្រុកបាទី ជាង២០០នាក់លើក គ្នាបិទផ្លូវតវ៉ា ទាមទារឱ្យក្រុមហ៊ុនGL គោរពកិច្ចសន្យា
តំណាងប្រជាពលរដ្ឋដែលនាំគ្នាមកតវ៉ាបិទផ្លូវលំនេះបាននិយាយថា ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៤នេះពួកគាត់មកពីភូមិចំនួន៣ គឺភូមិរំចេក ភូមិទំបន់ ភូមិពែ ឃុំត្នោតប្រមាណជាង២០០នាក់មកតវ៉ាបិទផ្លូវមិនឱ្យរថយន្តដឹកថ្ម របស់ក្រុមហ៊ុន GL ដំណើរការបានដោយសារក្រុមហ៊ុននេះបានសន្យាជាមួយប្រជាពលរដ្ឋជា ច្រើនឆ្នាំមកហើយថា ចាក់ក្រាលកៅស៊ូធ្វើផ្លូវចាប់ពីភ្នំចំប៉ាប់រហូតដល់ភូមិរបស់ ពួកគាត់ចម្ងាយ២.៥០០ម៉ែត្រ តែរហូតមកដល់ពេលនេះមិនឃើញអនុវត្តតាមការសន្យាសោះ។ដូច្នោះហើយបានជា ពួកគាត់លើកគ្នាតវ៉ាបិទផ្លូវលំនេះ ដោយពួគាត់មានការស្នើសុំ៥ ចំណុចដើម្បីឱ្យក្រុមហ៊ុនអនុវត្ដ ។
ប្រជាពលរដ្ឋបន្ដថា ចំណុចទី១-ពួក គាត់ស្នើឱ្យក្រុមហ៊ុនធ្វើផ្លូវកាត់ភូមិ របស់គាត់ដោយក្រាលកៅស៊ូចម្ងាយ២.៥០០ ម៉ែត្រ ព្រោះក្រុមហ៊ុនបានសន្យាធ្វើឱ្យ កាលពីពេលកន្លងទៅ ដោយផ្លូវក្នុងភូមិ ខូចខាតដោយសាររថយន្ដដឹកថ្មរបស់ក្រុមហ៊ុន ។ ទី២-ស្នើសុំឱ្យក្រុមហ៊ុនបំផ្ទុះ ថ្មភ្នំកុំឱ្យប្រើរំសេវផ្ទុះទ្រង់ទ្រាយធំ ព្រោះ ផ្ទះសម្បែងពួកគាត់ សាលារៀន វត្ដអារាម រង្គោះរង្គើដោយសាររំសេវផ្ទុះ របស់ក្រុមហ៊ុន ។ ទី៣-ស្នើសុំឱ្យក្រុមហ៊ុនធ្វើការ តែ១២ម៉ោងក្នុងមួយថ្ងៃ ព្រោះបើធ្វើ នៅពេលយប់រំខានដល់ការសម្រាក និង រៀនសូត្ររបស់សិស្សដែលការដ្ឋានខាង លើនេះមានសំឡេងលាន់ឮខ្លាំង ។ ទី៤-ស្នើសុំ ឱ្យក្រុមហ៊ុនមានប្រឡាយបង្ហូរទឹកចេញ ពីការដ្ឋានទៅដាក់កន្លែងផ្សេង ព្រោះទឹកចេញពីការដ្ឋានមានជាតិគីមី បង្ហូរដាក់ស្រះទឹកដែលពួកគាត់ប្រើប្រាស់ ប្រចាំថ្ងៃ បច្ចុប្បន្នពួកគាត់ឈប់ប្រើ ទឹកស្រះនេះនិងបង្ខំចិត្ដទិញទឹកពីឆ្ងាយ មកប្រើប្រាស់ ។ និងទី៥-ក្រុមហ៊ុនមិនត្រូវហាម ប្រជាពលរដ្ឋឱ្យចូលទៅវាយថ្មភ្នំជាលក្ខណៈគ្រួសារដើម្បីចិញ្ចឹមជីវិត ប្រចាំថ្ងៃ ។
នៅពេលប្រជាពលរដ្ឋតវ៉ាបិទផ្លូវ នេះគេឃើញមានតំណាងក្រុមហ៊ុន និងអាជ្ញាធរស្រុកបាទីចុះទៅសម្របសម្រួល ផងដែរដោយតំណាងក្រុមហ៊ុនព្រមធ្វើ ផ្លូវកៅស៊ូជូនតាមការស្នើសុំពីប្រជាពល រដ្ឋក្នុងរយៈពេល៣ខែខាងមុខ ។ ចំណែក ៤ចំណុចទៀតខាងអាជ្ញាធរនិងក្រុមហ៊ុន សុំយកទៅពិភាក្សាគ្នាបន្ដសិននិងជូន ដំណឹងនៅពេលក្រោយ ។
ប្រភពពី Free Press Magazine