សហរដ្ឋអាមេរិកបង្ហាញ ពីការបោះឆ្នោតមិនត្រឹមត្រូវ និងការរំលោភសិទ្ធិ មនុស្សនៅកម្ពុជា
របាយការណ៍សិទ្ធិមនុស្សប្រចាំឆ្នាំដែលចេញផ្សាយដោយក្រសួង ការបរទេសសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍បានបញ្ជាក់ថា ការបោះឆ្នោតជាតិថ្ងៃទី២៨ខែកក្កដាឆ្នាំ២០១៣កន្លងមកនេះមាន«ចំណុច ខ្វះខាតជាច្រើនក្នុងនោះមានបញ្ហាទាក់ទងនឹងការចុះឈ្មោះ អ្នកបោះឆ្នោត ការមិនទទួលបានសិទ្ធិប្រើប្រាស់បណ្តាញសារព័ត៌មានស្មើគ្នា និងការចេញប័ណ្ណបណ្តោះអាសន្នឱ្យអ្នកបោះឆ្នោតយ៉ាងច្រើន ខុសប្រក្រតី»។
លទ្ធផលនៃការបោះឆ្នោតនេះត្រូវបានគណបក្សសង្គ្រោះជាតិដែលជា គណបក្សប្រឆាំងដ៏ធំក្នុងប្រទេសកម្ពុជាមិនទទួលយកហើយបន្តការតវ៉ា រហូតដល់សព្វថ្ងៃនេះ។ បើទោះបីជាបញ្ជាក់ថាគណបក្សប្រជាជនកម្ពុជាជាអ្នកឈ្នះសំឡេងភាគ ច្រើនក៏ របាយការណ៍នេះមិនបញ្ជាក់ថាបានប៉ុន្មានអាសនៈទេ។
របាយការណ៍សិទ្ធិមនុស្សនេះក៏បានរិះគន់ដល់ប្រព័ន្ធតុលាការខ្មែរ ថាមិនមានប្រសិទ្ធភាពនិងបម្រើនយោបាយ សេរីភាពនៃសារព័ត៌មាននិងការជួបប្រជុំត្រូវបានរឹតត្បិត និង មានការរំលោភបំពានលើអ្នកទោសជាដើម។
របាយការណ៍នោះបានបន្ថែមថា៖ «កងកម្លាំងសន្តិសុខត្រូវបានគេរាយការណ៍មកថាបានបាញ់សម្លាប់មនុស្ស យ៉ាងអាណាធិបតេយ្យ។ ពេលខ្លះរដ្ឋាភិបាលរំខានដល់សេរីភាពនៃការជួបប្រជុំ»។
របាយការណ៍ដែលមាន៣១ទំព័រនេះក៏បានកត់សម្គាល់ពីការរំលោភសិទ្ធិ កម្មកររោងចក្រក្នុងការតវ៉ាផងដែរដោយថៅកែរោងចក្រយាយីរំខានសហជីព ក្នុងនោះ មានការបណ្តេញមេដឹកនាំសហជីព នៅក្នុងរោងចក្រកាត់ដេរនិងសហគ្រាសដទៃទៀត។
បើទោះបីជាមានច្បាប់ការពារកូដករពីការសងសឹកក៏ «កម្មករត្រូវបានគេបណ្តេញចេញដោយប្រើលេសក្លែងក្លាយជាច្រើនក្រោយពី ពួកគេចូលរួមក្នុងកូដកម្ម»។
របាយការណ៍នេះផ្តល់ការរំលឹកដល់និយោជកថា៖ «ក្នុងខណៈពេលដែលកូដកម្មភាគច្រើនមិនត្រឹមត្រូវតាមច្បាប់ ក៏ការចូលរួមក្នុងកូដកម្មនោះមិនអាចផ្តល់ជាហេតុផលដែលអាចទទួលបាន នៅចំពោះមុខច្បាប់ដើម្បីបណ្តេញអ្នកធ្វើកូដកម្មទាំងនោះទេ»៕
ប្រភពពី វីអូអេខ្មែរ