រថយន្តកូរ៉ូឡាបើក បុកសម្លាប់ស្ត្រីម្នាក់ ជ្រុលទៅបុកបង្គោលភ្លើង ដាច់ភ្លើង៣ខេត្តជាង១ម៉ោង
តាមសេចក្តីរាយការណ៍ព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា គ្រោះថ្នាក់នោះកើតឡើងនៅម៉ោង ប្រមាណ៥និង៣០នាទី ព្រលប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៤ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ចំណុចភូមិពុទ្ធតាសត ឃុំនិមិត្ត ស្រុកអូជ្រៅ ខេត្ត បន្ទាយមានជ័យ។
ស្ត្រីរងគ្រោះជាអ្នកជិះកង់នោះ មានឈ្មោះ យ៉ង សុខឿន អាយុ៥៦ឆ្នាំ។
មន្ត្រីអគ្គីសនីកម្ពុជា ខេត្តបន្ទាយមានជ័យបានឲ្យដឹងថា អគ្គីសនីពីប្រទេសថៃត្រូវផ្ដាច់មែន ប៉ុន្តែក្រុមហ៊ុនបានភ្ជាប់ចរន្តតាមខ្សែបញ្ជូនតង់ស្យុងខ្ពស់ពី ភ្នំពេញ និងខេត្តពោធិ៍សាត់ អោយអនុអគ្គីសនី ប្រើប្រាសវិញ នៅម៉ោងជាង៧ យប់សម្រាប់ខេត្តទាំង៣ មានខេត្តបន្ទាយមានជ័យ , បាត់ដំបង និងខេត្តសៀមរាប។
មន្ត្រីនគរបាលស្រុកអូរជ្រៅ អោយដឹងថា រថយន្តបង្ក ម៉ាកតូយ៉ូតា កូរ៉ូឡា ស្លាកលេខ ត្រូវគេដោះស្លាកលេខ។ ទាំងអ្នកបើកបរ និងអ្នករួមដំណើរ បានរត់គេចខ្លួនអស់ ចេញពីស៊ីការនៅសិរីសោភ័ណ សំដៅទៅ ប៉ោយប៉ែត។ លុះធ្វើដំណើរមកដល់កន្លែងកើតហេតុ បានជ្រុលចង្កូត ទៅបុក អ្នកជិះកង់ស្លាប់ ហើយរថយន្ត ក៏បានរ៉េចង្កូតបន្តទៅបុកបង្គោលខ្សែភ្លើង បណ្ដាលឲ្យទុស្សេដាច់ខ្សែបញ្ជូនចរន្តអគ្គិសនីពីប្រទេសថៃ ហើយបណ្ដាល ឲ្យដាច់ចរន្តចែកចាយអគ្គិសនីក្នុងខេត្តចំនួន៣ ទៀតផង៕
ប្រភពពី Free Press Magazine